ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​ និង​ប្រជាពលរដ្ឋ​ជិត​២​ពាន់​នាក់​នៅ​ជុំវិញ​សាលាបឋមសិក្សា​សែន​អភិវឌ្ឍន៍​ខេត្តក្រចេះ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​

​ភ្នំពេញ ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រមាណ​ជាង ៥០០ នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៣០០​នាក់ ដែល​រស់នៅ​ជុំវិញ​សាលាបឋមសិក្សា​សែន​អភិវឌ្ឍន៍ ​​ស្ថិតនៅ​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ទទួលបាន​ទឹកស្អាត​សម្រាប់​ទទួលទាន និង​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។​

​នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២​ហើយ​ដែល​ក្រុមហ៊ុន​បាន​ដំឡើង​ដល់​សិស្ស​និង​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ប៉ម​ចម្រោះ​ទឹក​នេះ​បាន​សម្ពោធ​កាលពី​ថ្ងៃទី​11​កក្កដា​ឆ្នាំ​2019​ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​លោក លី ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក ហេង សុខ​ណា​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។

លោក រស់ សោភា បាន​មានប្រសាសន៍ថា «​ការប្តេជ្ញាចិត្ត​របស់​យើង មិន​បញ្ឈប់​នៅត្រឹមតែ​ការ​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុងថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការ​ថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួមទាំង​ការធ្វើ​លំហែ​ទាំ​រយៈពេល ៥​ឆ្នាំ​។ អង្គការ Planet Water នឹងធ្វើ​ការត្រួត​ពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណ​ត់​”​។​

លោក រស់ សោភា បាន​បន្តទៀតថា «​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត​មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។ លោក​បាន​គូសបញ្ជាក់​បន្តទៀតថា «​ក្រុមហ៊ុន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​កិច្ចសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​នាយកដ្ឋាន​ពន្ធដារ ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​រៀបចំ​គម្រោង​នេះ លេច​ជា​រូបរៀង​ឡើង​»​។​

​សូមជម្រាបថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២ ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជាមួយនឹង​ស្ថាប័ន​ដៃគូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ដែលមាន​ការ​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត នៅតាម​បណ្ដា​សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន​។​

ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បានឱ្យដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១​ទៀត នឹងត្រូវ​ដំឡោះង​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បានឱ្យដឹង​ទៀតថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ២១ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹកស្អាត​ចំនួន ៤៤,៩៩០,២៨៦​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់៕

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114