ព័ត៍មានទាន់​ហេតុការណ៏
Search

U.N នឹង​ស៊ើបអង្កេត​ការ​ស្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​នៅ​ប្រទេស ហ្វីលីពីន

ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​ចូលទៅក្នុង​ការសម្លាប់រ​ង្គា​ល​អំឡុង​សង្គ្រាម​លើ​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី Rodrigo Duterte​។

​រដ្ឋាភិបាល​របស់លោក Duterte បាន​និយាយថា ប៉ូលិស​បានសម្លាប់​មនុ​ស្ស​ប្រហែល​៦,៦០០​នាក់​នៅក្នុង​ការបាញ់ប្រហា​រ​ជាមួយ​ជនសង្ស័យ​ជា​អ្នកជួញដូរ​ថ្នាំញៀន​ចាប់តាំងពី​គាត់​បាន​ជាប់ឆ្នោត​នៅក្នុង​ឆ្នាំ​២០១៦​ជាមួយ​គោលនយោបាយ​កម្ទេច​ឧក្រិដ្ឋកម្ម​។ ក្រុម​សកម្មជន​និយាយថា ចំនួន​អ្នក​ស្លាប់មាន​យ៉ាងតិច​២៧,០០០​នាក់​។​

​សេចក្តីសម្រេច​លើកដំបូង​ស្តីពី​បញ្ហា​ប្រទេស​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​ប្រទេស​អ៊ី​ស្លង់​គឺ​ត្រូវ​បានអនុម័ត​ដោយ​ការបោះឆ្នោត​គាំទ្រ​ពី​១៨​ប្រទេស​និង​១៤​ប្រទេស​ប្រឆាំង​រួមទាំង​ចិន​ផងដែរ​ហើយ​១៥​ប្រទេស​អនុបវាទ​រួមទាំង​ជប៉ុន​ផងដែរ​។​

​លោក Ellecer “Budit” Carlos នៃ​ក្រុម​ការពារ​សិទ្ធិមនុស្ស iDefend ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​បាន​និយាយថា “​នេះ​មិនមែន​គ្រាន់តែ​ជា​ជំហាន​មួយ​ឆ្ពោះទៅរក​ភាពយុត្តិធម៌​សម្រាប់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​រាប់ពាន់​គ្រួសារ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា​សារ​មួយ​ដែល​យើង​ផ្ញើ​រួមគ្នា​ទៅ​អ្នក​ដែល​បាន​សរសើរ​លោក​ប្រធានាធិបតី Duterte ផងដែរ​”​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា “​ដូចដែល​យើង​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​អញ្ចឹង សង្គ្រាម​លើ​គ្រឿងញៀន​នេះ វា​គឺជា​សង្គ្រាម​ដ៏​អាម៉ាស់​”​។​

​ក្រុម​សកម្មជន​ហ្វីលីពីន​បាន​និយាយថា មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​នៅពេល​ប៉ូលិស​វាយឆ្មក់​សហគម​ន៍​ក្រីក្រ​ដោយ​ប្រើប្រាស់​បញ្ជី​ឃ្លាំមើល​គ្រឿងញៀន​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ប្រើ​ឬ​អ្នកលក់​និង​បានសម្លាប់​មនុស្ស​ជាច្រើន​នៅក្នុង​ប្រតិបត្តិការ​ក្លែងក្លាយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​បដិសេធ​ចំពោះ​ការអះអាង​បែបនេះ​ដោយ​និយាយថា ការសម្លាប់​ទាំងអស់​លើ​ពួកគេ​គឺ​ដើម្បី​ជាការ​ការពារ​ខ្លួន​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114