ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ ប៉ូលីស ប៉ះ​អាស៊ី​អឺរ៉ុប ខណៈ​គីរីវង់ ទទួល វិសាខា និង​គូ​ពិសេស​ណាហ្គា ជួប​ក្រសួងការពារជាតិ

នា​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ក្របខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) សប្ដាហ៍​ទី​១៥ នឹងមាន​ការប្រកួត​ប​ន្ត ដោយ​ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត តំណាលគ្នា​ទៅនឹង វិសាខា ដែល​ត្រូវ​ជួប វិសាខា និង​គូ​ពិសេស​ចុងក្រោយ ណាហ្គា​លើ​ដ៍ ប៉ះ​ជាមួយ ក្រសួងការពារជាតិ​។​

*​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប៉ះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
​ការប្រកួត​រវាង​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​នាយ​ធី​ត ជាមួយ អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ (​ប៉ូលីស​) នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​អេ​អ៊ី​យូ​ស្បត​ផាក នា​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដោយ​នឹង​មាន​ការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ផងដែរ​។

ការប្រកួត​រវាង អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អាច​ត្រូវ​បាន​ចាត់ទុកថា ជា​ការ​ប្រកួត​ជក់ចិត្ត​មួយ ខណៈ​ក្រុម​ទាំង​២ កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ក្បែរៗ​គ្នា​។ អាស៊ី​អឺរ៉ុប កំពុង​ឈរ​នៅ​លេខ​៩ នៃ​តារាង​ចំណាត់ថ្នាក់​ក្នុង​លី​គ ដោយ​ប្រកួត​១៤​ដង ឈ្នះ​៥ ស្មើ​១ និង​ចាញ់​៨ មាន​១៦​ពិន្ទុ​។ សម្រាប់​ក្រុម​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ វិញ​ស្ថិតក្រោម​ការដឹកនាំ​ដោយ លោក ប្រាក់ សុវណ្ណារ៉ា កំពុង​ស្ថិតនៅ​លេខ​១១ ពោលគឺ​១៤​ប្រកួត ឈ្នះ​៤​ដង ស្មើ​១ និង​ចាញ់​៩ មាន​១៣​ពិន្ទុ​។

គេ​ចាំ​បាន​ថា​កាលពី​ជើង​ទី​១ នៅ​លើ​ទឹកដី​អគ្គិសនី​កម្ពុជា អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​ចាញ់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ដោយ​លទ្ធផល ៣​ទល់​២​។

*​គីរីវង់​សុខ​សែន​ជ័យ ប៉ះ វិសាខា
សម្រាប់​ការប្រកួត​រវាង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជាមួយ ក្រុម​វិសាខា ក៏​នឹង​ធ្វើឡើង​នៅ​ម៉ោង ៣​និង​៣០​នាទី ដូចគ្នា ប៉ុន្តែ​នៅ​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ខណៈ​ការប្រកួត​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ Youtube របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ​គីរីវង់​សុខ​សែន​ជ័យ បច្ចុប្បន្នកំពុង​ស្ថិតនៅ​លេខ​១០ នៃ​តារាង​ចំណាត់ថ្នាក់ ដោយ​ប្រកួត​១៤​ដង ឈ្នះ​៥ មិនដែល​ស្មើ និង​ចាញ់​៩ មាន​១៥​ពិន្ទុ​។ ដោយឡែក​សម្រាប់​ក្រុម​វិសាខា វិញ​ដែល​ទើបតែ​បញ្ចប់​តួនាទី​គ្រូបង្វឹក លោក ហុក សុ​ជីវ័ន បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ប្រកួត​១៤​ដង ឈ្នះ​៩ ស្មើ​១ និង​ចាញ់​៤ មាន​២៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ដល់​ទៅ​៨​ពិន្ទុ​។

បើ​ក្រឡេក​ទៅ​លទ្ធផល​រវាង​ក្រុម​ទាំងពីរ​កាលពី​ជើង​ទី​១ គឺ​បញ្ចប់​ទៅដោយ​លទ្ធផល​វិសាខា ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​០​។

*​ក្រសួងការពារជាតិ ប៉ះ ណាហ្គា​វើ​លដ៍
ការប្រកួត​រវាង​ក្រុម​ណាហ្គា​វើ​លដ៍ ជាមួយ​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ គឺ​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ នា​វេលា​ម៉ោង ៦​និង​០០ នាទី​ល្ងាច ដោយ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ BTV News​។

បើ​និយាយ​ពី​គូប្រកួត​នេះ​ក្រុម​ណាហ្គា​វើ​លដ៍ ហាក់​មានប្រៀប​ជាង ក្រសួងការពារជាតិ ដ្បិត​ស្ថិត​ក្នុងនាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​២ នៃ​តារាង​ចំណាត់ថ្នាក់​នៃ​លី​គ ដោយ​ប្រកួត​១៤​ដង ឈ្នះ​១០​ដង ស្មើ​១​ដង និង​ចាញ់​៣​ដង មាន​៣១​ពិន្ទុ​ក្នុង​ដៃ​។ ងាក​មក​ក្រុម​ក្រសួងការពារជាតិ​វិញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បណ្ដោះអាសន្ន លោក ទេព ឡុង​រចនា បច្ចុប្បន្ន​ក្រុម​កំពុង​ឈរ​នៅ​លេខ​៧ ក្នុង​លី​គ​ក្រោយ​ប្រកួត​១៤​ដង ឈ្នះ​៧ ស្មើ​២ និង​ចាញ់​៥ មាន​២១​ពិន្ទុ​។

យ៉ាងណាមិញ​លទ្ធផល​រវាង​ក្រុម​ទាំងពីរ​កាលពី​ជើង​ទី​១ គឺ​បញ្ចប់​ទៅដោយ ណាហ្គា​វើ​លដ៍ ចាញ់​ក្រួស​ង​ការពារជាតិ ២​ទល់​៤​។

សូម​បញ្ជាក់​ថា លី​គ​កំពូល​កម្ពុជា​បានចាប់ផ្ដើម​តាំង​ពី​ដើម​ខែមីនា ដោយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩​នេះ តាមរយៈ​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ទទួលបាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ផ្ទាល់​តែម្ដង​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114