ព័ត៍មានទាន់​ហេតុការណ៏
Search

ផែនការ​សកម្មភាព​រួម​សំខាន់ៗ​ចំនួន​៤ ត្រូវ​បាន​ដាក់ចេញ​នៅ​ក្នុង​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ នៅ​ខេត្តសៀមរាប

សៀមរាប​ ៖ ស្ថាប័ន​អាស៊ាន​បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​រួម សម្រាប់​ឆ្នាំ​២០២០-២០២១ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៦-២០២៥ ដើម្បី​អភិវឌ្ឍន៍​តំបន់​អាស៊ាន ជា​គោលដៅ​ទេសចរណ៍​តែមួយ ដែល​ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​រួម​នេះ បាន​ធ្វើ​ឡើង​នៅ​អំឡុង​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន លើក​ទី​៥០ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​០៨-១២ ខែកក្កដា ឆ្នាំ​២០១៩​។

ផែនការ​សកម្មភាព​នោះ​រួមមាន ទី​១, ពង្រឹង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល អន​ឡាញ និង​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​។ ទី​២, ជំរុញ​ការបង្កើត​ផលិតផល​ថ្មីៗ ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ តាមរយៈ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ចំណីអាហារ​អាស៊ាន ការបង្កើត​បណ្តាញ​អ្នក​ជំនាញ​អាស៊ាន ផ្នែក​ចំណីអាហារ ការ​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ក៏​ត្រូវ​បាន​ជំរុញ​បន្ថែម​តាមរយៈ​ការបង្កើត​ខ្សែ​ទស្សនកិច្ច​រវាង​ប្រទេស​ជាប់​ព្រំដែន​គ្នា​។

ទន្ទឹម​នឹង​នោះ ទេសចរណ៍​សាសនា ពិធីបុណ្យ ក៏ត្រូវ​បាន​ជំរុញ​ជា​អាទិភាព​ផងដែរ​។ ទី​៣, ការអភិវឌ្ឍ​ធនធានមនុស្ស​ដោយ​បន្ត​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ អ្នកជំនាញ​ទេសចរណ៍ (MRA) រួមមាន ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ស្តង់ដារ​កម្មវិធីសិក្សា ការ​បន្ថែម​ជំនាញ​ផ្សេងៗ​ទៀត នៅពេល​ខាងមុខ មាន​ដូច​ជា​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍ (MICE) ជំនាញ​ស្ប៉ា​ទៅ​ក្នុង​កិច្ចព្រមព្រៀង MRA ដោយ​បច្ចុប្បន្ន​មាន​ជំនាញ​ចំនួន ៣២ ផ្នែក​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ​។ ទី​៤, ការជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន តាមរយៈ​ការ​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅក្រៅ​ប្រទេស​រួមគ្នា ការ​ជំរុញ​ការហោះហើរ​ផ្ទៃក្នុង និង​ការសម្រួល​ការធ្វើដំណើរ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ប្រទេស​សមាជិក​អាស៊ាន បាន​ផ្តោត​ជា​ចម្បង​លើ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ បណ្តាញ​សង្គម កិច្ចសហការ​រួមគ្នា លើ​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ផ្សេងៗ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​សំខាន់ៗ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាដើម ហើយ​ក៏បាន​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​កញ្ចប់​ខ្សែ​ទស្សនកិច្ច​បែប​វប្បធម៌ បេតិកភណ្ឌ ម្ហូបអាហារ ធម្មជាតិ នៅក្នុង​គេហទំព័រ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​ផងដែរ​។

សូម​ជម្រាប​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ តំបន់​អាស៊ាន​បាន​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ១៣០​លាន​នាក់ ក្នុង​កំណើន​៨.៤​ភាគរយ ក្នុង​នោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន (Intra-ASEAN Travelers) មាន​ប្រមាណ​៤០​ភាគរយ​។

នៅ​ឯ​កិច្ចប្រជុំ​នោះ​ដែរ លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍ​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងទេសចរណ៍​កម្ពុជា ដែល​ជា​អនុប្រធាន​អង្គប្រជុំ បាន​អញ្ជើញ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ចូលរួម​ទស្សន​ការ​តាំងពិព័រណ៍​ទេសចរណ៍ អន្តរជាតិ​កម្ពុជា (CTM) ឆ្នាំ​២០១៩ និង​វេទិកា​វិនិយោគ​ទេសចរណ៍​លើក​ទី​២ ដោយ​ព្រឹត្តិការណ៍​ទាំងពីរ នឹង​រៀបចំ​ក្នុងពេល​តែមួយ​នៅ​ទីក្រុង​ភ្នំពេញ នា​ខែតុលា​ខាងមុខ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114