ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលខាងមុខ ដើម្បី​រឹត​ចំណងមិត្តភាព​លើ​វិស័យ​ការពារ​ជាតិ​បន្ថែមទៀត

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ ដើម្បី​រឹត​ចំណងមិត្តភាព​ជាមួយ​ក​ម្ពុ​ជា​បន្ថែម​ទៀត នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​ជំនួប​រវាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ក​ម្ពុ​ជា ជាមួយ​លោក Ryamizard Ryacudu រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងឱកាស ដែល​រដ្ឋមន្ត្រី​ទាំងពីរ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩។

នៅក្នុង​កិច្ច​ជំនួប​នោះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​រំលឹក​ឡើងវិញ​ពី​អនុស្សាវរីយ៍​ដែល​កងទ័ព​ឥណ្ឌូនេស៊ី ដែល​បាន​មក​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​អ៊ុនតាក់ (UNTAC) ដែល​គ្រានោះ កងទ័ព​ឥណ្ឌូណេស៊ី​បាន​បោះទីតាំង​នៅ​ក្នុង​ខេត្តកំពង់ធំ​។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ប្រជាជន​ខេត្តកំពង់ធំ បាន​ចងចាំ អំពី​ការ​បំពេញភារកិច្ច​អន្តរជាតិ​របស់​កងទ័ព​ឥណ្ឌូនេស៊ី នៅ​លើ​ទឹកដី​ខេត្ត​កំពង់ធំ​ហើយ សម្ដេច​ពិជ័យ​សេនា​ក៏បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ឥណ្ឌូណេស៊ី ដែល​នៅតែ​បន្ត​ឲ្យ​បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​កង​យោធពល​ខេមរភូមិន្ទ​ជា​បន្តបន្ទាប់ ដូចជា​នៅ​បញ្ជាការ​ដ្ឋាន​អង្គរក្ស និង​កងពល​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១​ជាដើម​។

តាម​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​ទៅ​កម្ពុជា នាពេល​ខាងមុខនេះ នឹង​នាំមក​នូវ​មនោ​ស​ញ្ជេ​ត​នា​មិត្តភាព និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​ឥណ្ឌូនេស៊ី។

ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ដែរ លោក Ryamizard Ryacudu បាន​លើក​ឡើង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្តកំពង់ធំ នាពេល​ខាងមុខនេះ គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​កាលពី​ឆ្នាំ​១៩៩២ ដែល​កងទ័ព​ឥណ្ឌូនេស៊ី បាន​បំពេញភារកិច្ច​ថែរក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ​កងកម្លាំង​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​អ៊ុនតាក់​ក្នុង​ខេត្តកំពង់ធំ​នោះ​។ លោក Ryamizard Ryacudu អះអាងថា ក្នុងអំឡុងពេល​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ធំ​នាពេលនោះ កងទ័ព​ឥណ្ឌូនេស៊ី បាន​ចូលរួម​ចរចា​រំដោះ​ចំណាប់ខ្មាំង​កម្លាំង​អ៊ុនតាក់​ចំនួន​៩​នាក់ ដែល​ត្រូវបាន​អតីត​ក្រុមខ្មែរក្រហម​ចាប់​ឃាត់ខ្លួន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ នា​គ្រានោះ​។

លោក Ryamizard Ryacudu រំពឹង​ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ នឹង​នៅ​តែ​មាន​ភាពល្អប្រសើរ ហើយ​ដំណើរ​ទស្សនកិច្ច​ទៅមក​ប្រទេស​កម្ពុជា​លើក​នេះ នឹង​ទទួលបាន​លទ្ធផល​ល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រទេស​ទាំងពីរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114