ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ប្រចាំឆ្នាំ ២០១៩ ( National Futsal Cup 2019 )

ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ប្រចាំឆ្នាំ ២០១៩ ( National Futsal Cup 2019 ) ដែល​ទើបតែ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​បានបង្ហាញ​សមាសភាព​ក្រុម​ចូលរួម បាន​ឈាន​ដល់​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​ជា​ផ្លូវការ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​។

ក្រុម​ចូលរួម​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​មាន​ចំនួន​សរុប ២០​ក្រុម ពោលគឺ​លើសពី​ឆ្នាំ​មុនៗ ដោយ​ក្រុម​ចូលរួម​ទាំងនោះ​មាន​ដូច​ជា ក្រុម Down Town Sport ក្រុម Young Chester ក្រុម Khmer United Youth ក្រុម Ov Mal FC ក្រុម Dig 88 FC ក្រុម Daniel FC ក្រុម Panda FC ក្រុម Samrith FC ក្រុម Avatar FC ក្រុម Chanteak Keyla FT ក្រុម U.Y.F.C Komchaymear ក្រុម Young Gun ក្រុម ISI Group United ក្រុម Emerald United ក្រុម Neath Asia FT ក្រុម Home Sport FC ក្រុម Loading FC ក្រុម B.A United ក្រុម Eagles of Fire FC និង​ក្រុម Anachak Baitong FC។

ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល គឺ​ត្រូវបាន​បែង​ចែកចេញជា ៤​ពូ​ល ក្នុងនោះ​មួយ​ពូ​ល​មាន ៥​ក្រុម សម្រាប់​ដំណាក់កាល​ទី​១ ប្រកួត​សន្សំ​ពិន្ទុ ជ្រើសរើស​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ និង​លេខ​៣​ល្អ ចំនួន​ពីរ​ក្រុម​ទៀត​ដើម្បី​លេង​ក្នុងដំណាក់កាល​ទី​២​។ ដំណាក់កាល​ទី​២ បែង​ចែកចេញជា ២​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម បន្ត​លេង​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ជ្រើសរើស​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូល​នីមួយៗ​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​សរុប​ទាំងអស់​៦៤​ប្រកួត ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ខែកក្កដា ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​។

សម្រាប់​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​រួមមាន​ដូចតទៅ​៖ ពូ​ល A មាន​ក្រុម Home Sport FC, Panda FC, Loading FC, Daniel FC, Neak Asia FC​។ ពូ​ល B មាន​ក្រុម Ov Mal FC, Chanteak Keyla FT, Emerald FT, ISI Group United, Dig88 FC​។ ពូ​ល C មាន​ក្រុម UYFC Komchaymear, Anachak Baitong FC, Young Chester, Avatar FC, Eagles of Fire FC​។ និង​ពូ​ល​ចុងក្រោយ​មាន​ម្ចាស់​ការពារ​តំណែង​ជើងឯក Down Town Sport, B.A United, Khmer United Youth, Young Gun និង Samrith​។

គួរ​រំលឹក​ថា សម្រាប់​ក្រុម​ជើងឯក​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល ២​ឆ្នាំកន្លងមក គឺ ក្រុម​យុវជន​កំចាយមារ ( U.Y.F.C Komchaymear ) នៅ​ឆ្នាំ ២០១៧ និង​ក្រុម Down Town Sport FC នៅ​ឆ្នាំ​២០១៨ ។ ពួកគេ​ទាំងពីរ ទទួលបាន​ឱកាស​បង្ហាញខ្លួន​ក្នុង​ឆាក​អន្តរជាតិ គឺ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship ) ផងដែរ​។

ចំពោះ​ការប្រកួត​ពានរង្វាន់​ជើងឯក​ជាតិ បាល់ទាត់​ក្នុង​សាល ឆ្នាំ ២០១៩​នេះ​ផងដែរ ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍ MYTV ផ្តាច់មុខ គ្រប់ការ​ប្រកួត​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កីឡា The BLUE៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114