ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ អេស៊ីលីដា​បើក​វេទិកា​ជា​លើកដំបូង​ជាមួយ​ពាណិជ្ជករ​និង​ភាគ​ទុ​និក​ជប៉ុន​ជាង​១០០​នាក់​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ

ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា​ភី​អិ​ល​ស៊ី ​កាលពី​រសៀល​ថ្ងៃទី​១១ ​ខែកក្កដា ​ឆ្នាំ២០១៩ ​បាន​បើក​វេទិកា​ជួបជុំ​ជា​លើកដំបូង​ជាមួយ​ពាណិជ្ជករ​និង​ភាគ​ទុ​និក​ជប៉ុន​ជាង​១០០​នាក់​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ​បន្ថែម​ទាក់ទិន​នឹង​ការ​ធ្វើ​ប្រតិបត្តិការ​និង​ផ្តល់​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ វេទិកា​នេះ​ក៏​មាន​ការចូលរួម​ពី​លោក បណ្ឌិត​អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ព្រមទាំង​សាជីវកម្ម​ជប៉ុន​
​និង​កម្ពុជា​ជាច្រើនរូប​ទៀតផង​ដែរ​។

លោក បណ្ឌិត​អ៊ិន ចាន់នី បាន​ឲ្យ​ដឹងថា វេទិកា​នេះ​ហៅថា ​បណ្ដាញ​គណនី​បណ្ដាញ​ប្រាស្រ័យ​ទាក់ទង រវាង​ពាណិជ្ជករ​ជប៉ុន​ជាមួយ​ធនាគារ​អេស៊ីលីដា ​និង​ភាគ​ទុ​និក​ហើយ​វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើ​ម្បី​ឲ្យ​សាជីវកម្ម​ជប៉ុន​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំង​២ ដើម្បី​ពិភាក្សា​និង​ស្ដាប់​ពី​អនុសាសន៍​ផ្សេងៗ​ទៀត​ដែល​នឹង​ត្រូវ​អនុវត្ត​បន្ដធ្វើ​នាពេលខាងមុខ​។

លោក អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ថ្ងៃនេះ​ជាការ​ជួបជុំ​លើក​ទី​១ជាមួយ​សាជីវកម្ម​ជប៉ុន​ជាង​១០០ ហើយ​ជា​សាជីវកម្ម​ខ្នាត​ធំៗ​តែម្ដង ក្នុងនោះ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ជម្រាបជូន​គាត់​ពី​អ្វី​ដែល​ធនាគារ​អេស៊ីលីដា​ធ្វើ​ជាមួយ​គាត់​,ពិភាក្សា​ពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក​តាម​កម្រិត​ណា និង​ស្ដាប់​យោបល​របស់គាត់​ដើម្បី​រក​វិធី​ឆ្លើយតប​នឹង​តម្រូវការ​សា​អាជីវកម្ម​ទាំងអស់​នោះ​វិញ​»​។

លោក​បន្ថែម​ថា ដូច​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ​ធនាគារ​អេស៊ីលីដា​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ធនាគារ SMBC ជប៉ុន​កាលពី​ ខែកញ្ញា ​ឆ្នាំ​២០១២ ដោយ​កិច្ចព្រមព្រៀង​នេះ បាន​បង្កើត​ឲ្យ​មាន​ការិយាល័យ​បម្រើ​អតិថិជន​ខ្នាត​អន្ដរជាតិ​។ ២​ឆ្នាំ​ក្រោយមក SMBC បាន​វិនិយោគ​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដោយ​កាន់កាប់​ភាគហ៊ុន​ចំនួន​១២.២៥% ហើយ​ឆ្នាំ​២០១៧ ខែសីហា​បាន​ដំឡើង​ភាគហ៊ុន​រហូតដល់​១៨.២៥%​។

លោក​បាន​បន្ថែម​ថា ដោយសារ SMBC ជា​ភាគ​ទុននិក​សំខាន់​មួយ​ក្នុងចំណោម​ភាគហ៊ុន​ទុន​និក របស់​ធនាគារ​អេស៊ីលីដា ផ្នែក​ភាគ​ទុន​និក​បរទេស​ដូច្នេះ​យើង​មាន​អតិថិជន​ខ្នាត​សាជីវកម្ម​របស់​ជប៉ុន​ដែល​មាន​ប្រតិបត្តិការ​ជាមួយ​ធនាគារ​អេស៊ីលីដា​យ៉ាង​ច្រើន​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114