ព័ត៍មានទាន់​ហេតុការណ៏
Search

ដំរី​ចំនួន​៩​ក្បាល ដែល​ខ្ចី​ពី ប្រទេស​ឡាវ បង្ហាញ​សិល្បៈ និង​ផ្លាស់​ប្តូរ​វប្បធម៌​នៅ​សួនសត្វ​សា​ហ្វា​រី​នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ បាន​សម្តែង​ការ​រីករាយ​នៅពេល ភាគី ឡាវ ចុះ​ពិនិត្យ​ស្ថានភាព​របស់​ដំរី​ទាំង​៩ ដែល កម្ពុជា ខ្ចី​មក មាន​ស្ថានភាព សុខភាព និង​ការមើល​ថែទាំ​ដំរី​ទាំងនោះ​ពី​ភាគី​កម្ពុជា​។

​ការ​ថ្លែង​របស់ លោក Amphay KINDAVONG ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ បានធ្វើ​ឡើង នៅក្នុង​ជំ​នួន​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ល្ងាច​ថ្ងៃទី​១១ កក្ក​ដា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។

មាន​មតិ​ស្វាគមន៍ លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រយ៉ា​ង​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម និង​ព្រៃឈើ​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ការខ្ចី​សត្វ​ដំរី​ឡាវ សម្រាប់​ការបង្ហាញ​សិល្បៈ និង​ផ្លាស់​ប្តូរ​វប្បធម៌​នៅ​សួនសត្វ​សា​ហ្វា​រី​នៅ​រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។

លោក រដ្ឋមន្ត្រី សង្ឃឹម និង​ជឿជាក់​ថា លោក ឯកអគ្គរដ្ឋទូត​នឹង​ជួយ​គាំទ្រ និង ជ្រោមជ្រែង​ដល់​ការពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​ថែម​មួយ​កម្រិត​ទៀត តាមរយៈ​ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ និង​ការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​កសិកម្ម​ចំរុះ ជាពិសេស​នៅ​តំបន់​ខ្ពង់រាប ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ និង​ជលផល​។

នា​ឱកាស​នេះ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ហើយ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​សំខាន់ៗ​ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សម្រេច​បាន​នា​ពេល​កន្លងមក និង​បច្ចុប្បន្ន​។ ពាក់ព័ន្ធ​នឹង​ការខ្ចី​ដំរី​ឡាវ សម្រាប់​ការ​បង្ហាញ​សិល្បៈ និង​ផ្លាស់ប្តូរ​វប្បធម៌​នៅ​សួនសត្វ​សាហ្វា​រី​នៅ​រាជធានី​ភ្នំពេញ លោក​បាន​បញ្ជាក់​ថា ភាគី​ឡាវ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​របស់​ដំរី​ទាំង​៩ ដែល​ខ្ចី​មក ហើយ​ពិតជា​រីករាយ​ចំពោះ​ស្ថានភាព សុខភាព និង​ការ​មើល​ថែទាំ​ដំរី​ទាំងនោះ​ពី​ភាគី​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​សន្យា​ថា នឹង​ព្យាយាម​អស់​លទ្ធភាព ធ្វើ​យ៉ាង​ណា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ ស្របតាម​ការលើកឡើង​របស់​លោក​រដ្ឋ​មន្ត្រី៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114