ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​១៧​នាក់ ​តំណាង​ឲ្យ​ជាង​២០០​នាក់ ជួល​តូប​លក់ដូរ​នៅ​ផ្សារ​ហ្គ្រេ​ន ជម្ពូ​វ័ន លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាសង្កាត់​ចោមចៅ​៣

ភ្នំពេញ ៖ អាជីវករ​ចំនួន​១៧​នាក់ ជា​តំណាង​ឲ្យ​បងប្អូន​អាជីវករ ជាង​២០០​នាក់ លក់ដូរ​នៅ​ផ្សារ​ឯកជន ហ្គ្រេ​ន ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំគ្នា​ទៅ​តវ៉ា​និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​រក​ដំណោះស្រាយ បន្ទាប់ពី​ពួកគាត់​លក់ដូរ​មិន​ដាច់ រកតែ​លុយ​ឲ្យ​ឈ្នួល​តូប​មិនបាន​ផង​នោះ តែ​អាជ្ញាធរ​សង្កាត់​ថា​ចាំ​ពេល​ក្រោយ​សឹម​ដោះស្រាយ។

ហេតុការណ៍​ខាងលើ​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ នៅ​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​បងប្អូន​អាជីវករ បាន​ឲ្យ​ដឹង​ថា ផ្សារ​ឯកជន​ខាងលើ មាន​ចំនួន​ជាង​២០០​តូប បើក​ដំណើរការ​ជាង​៣​ខែ​មកហើយ ដោយ​គិត​តម្លៃ​ឈ្នួល​២០០​ដុល្លារ ក្នុង​១​តូប តែ​ដោយ​ទើប​បើក​ដំបូង ថៅកែ​ផ្សារ លើកទឹកចិត្ត តម្រូវ​ឲ្យ​បង់​៥០​ភាគរយ ក្នុង​តម្លៃ​ពេញ​២០០​ដុល្លារ អាជីវករ​តវ៉ា សល់​ត្រឹម​៤០​ភាគរយ ក្នុង​មួយខែ តែ​ក្នុង​រយៈពេល​៣​ខែ​មក​ហើយ ការលក់ដូរ​មិន​ដាច់​សោះ អាជីវករ​មួយ​ចំនួន​សម្រេច​បិទ​ទ្វារ​តូប​ជា​បណ្តោះអាសន្ន រកលុយ​បង់ថ្លៃ​តូប​៤០​ភាគ​មិន​ទាំង​បាន​ផង ទើប​នាំគ្នា​ផ្ទុះ​ការ​តវ៉ា ទាមទារ​ឲ្យ​ថៅកែ​បញ្ចុះ​ត្រឹម​២០​ភាគរយ ស្មើនឹង​៤០​ដុល្លារ​ក្នុង​មួយ​តូប តែ​ខាង​ផ្សារ​មិន​ព្រម ទើប​នៅ​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ តំណាង​អាជីវករ​១៧​នាក់ នាំគ្នា​ទៅ ស្នើសុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣ ដើម្បី​ទាមទារ ឲ្យ​ថៅកែ​ផ្សារ ហ្គ្រេ​ន ជម្ពូ​វ័ន បញ្ចុះតម្លៃ​ឈ្នួល ត្រឹម​២០​ភាគរយ។

ការ​តវ៉ា​នៅ​ព្រឹក​នេះ មិនទាន់បាន​សម្រេច​នៅឡើយ​ទេ បើតាម​មន្ត្រីសង្កាត់ បាន​ឲ្យ​ដឹងថា បញ្ហា​ខាងលើ រង់ចាំ​ហៅ ខាង​តំណាង​ផ្សារ មក សាកសួរ​និង​សម្របសម្រួល ជា​ក្រោយ ចំពោះ​លទ្ធផល​យ៉ាងណា រង់ចាំ​ទទួល​ដំណឹង​នៅ​ពេល​ក្រោយ បន្ទាប់ពី​មានការ​អះអាង​បែបនេះ ទើប​បងប្អូន​អាជីវករ​ទាំង​១៧​នាក់​ ព្រម​វិលត្រឡប់​ទៅផ្ទះ​វិញ​សិន៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114