ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខណ្ឌ​ច្បារអំពៅ ​ចាប់ខ្លួន​ចោរ​គាស់​តូប​លក់ដូរ​ ខ​ណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​ភ័យខ្លាច​

​ភ្នំ​ពេ​ញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​គាស់​តូប​លក់ដូរ​ផ្សារ​ព្រែក​ឯង​ក្នុងចំណោម​បក្សពួក​ពីរ​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​គាស់​តូប​លក់ដូរ​រួចមក។

ជនសង្ស័យ​ឈ្មោះ​ចាន់ ​សុ​ពុធ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​ធំ​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​ ដោយ​អា​ម្នាក់ទៀត​ ដែល​គេចខ្លួន​នោះ​ឈ្មោះ​មាស ឌី​ម៉ា ភេទ​ប្រុស​។

យោង​តាម​របាយការណ៍​ចេញ​ដោយ​លោក​វរសេនីយ៍ទោ ម៉ៅ សឿត ​អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​និង​បក្សពួក​ម្នាក់ទៀត​ដែល​គេ​បាត់​នោះបាន​ធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​ផ្លែឈើ​ក្នុង​ផ្សារ​ព្រែក​ឯង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ភូមិ​មិត្តភាព​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ខែកក្កដា​ដោយ​យក​បាន​ផ្លែឈើ​ចំនួន​២​កេស​។​ តាម​របាយការណ៍​បញ្ជាក់​ថា ​ម្ចាស់​តូប​ដែល​ចោរលួច​គាស់​នេះ​ឈ្មោះ​ឡឹង អាណា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ។

បន្ទាប់ពី​ដឹងថា​ មាន​ក្រុម​ចោរលួច​យក​ផ្លែឈើ​ទៅ​នោះ​ ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្តឹងទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឯង​ ហើយ​នគរបាល​បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ម្នាក់​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​។

ចំពោះ​ករណី​លួច​គាស់​ផ្ទះ​និង​តូប​លក់ដូរ​នេះ​ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​ភ័យខ្លាច​នូវ​សកម្មភាព​ចោរកម្ម​ខាងលើនេះ​ណាស់ ​ព្រោះ​មុខសញ្ញា​លួច​គាស់​ផ្ទះ​មាន​ជំនាញ​ខាង​ឆ្កឹះ​សោ​ខ្លាំង​ណាស់​ទោះជា​សោ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​យ៉ាង​ណា​ក្តី​។

ជាក់​ស្តែង​នៅ​ក្នុង​រូបភាព​នេះ​ គឺ​សោ​ត្រូវ​បាន​ឆ្កឹះ​បំបែក​កូន​ខ្ទេច​។​ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ជួយ​ចាត់​វិធានការណ៍​បង្ក្រាប​មុខសញ្ញា​គាស់​ផ្ទះ​នេះ​ឲ្យ​អស់​ផង ​ព្រោះ​ប្រជាពលរដ្ឋ​កំពុង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114