ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​មន្ត្រី​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ និង​ ប្រើប្រាស់​គ្រឿងញៀន ក្រោម​ប្រធានបទ “​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព​”

កណ្តាល​ ៖ ក្រុម​មន្ត្រី​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ និង ​ប្រើប្រាស់​គ្រឿងញៀន ក្រោម​ប្រធាន​បទ “​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព​” កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ទេពប្រណម្យ ក្នុងស្រុក​ពញាឮ​។

ពិធី​នោះ​ ធ្វើឡើង​ក្រោម​អធិបតីភាព លោក តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល និង​មន្ត្រី​មន្ត្រី​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត របស់​សាលាខេត្ត​បាន​ចូល​រួមមាន​មេៗ​ប៉ូលិស ប៉េអឹម និង ព្រះសង្ឃ គ្រូបង្រៀន​សិស្សសាលា មេភូមិ​មេ និង​ប្រជាជន​រួម​ម្ចាស់​ភោជនីយដ្ឋាន ក្លឹប​កំសាន្ត ខារ៉ាអូខេ និង​ម្ចាស់​ផ្ទះសំណាក់​ផ្ទះ​ជួល​នៅ​ក្នុង​មូលដ្ឋាន​សរុប​ប្រមាណ​១៥០០​នាក់​ចូលរួម​ក្នុង​ពិធី​នោះ។

លោក ខឿន វិចិត្រ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​នគរបាល​ខេត្ត​កណ្តាល​ទទួល​ផ្នែក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អាន​របាយការណ៍​របស់​លោក​ថា គិត​ត្រឹម​រយៈពេល​៦​ខែ ចាប់​តាំង​ពី​ខែមករា ​ក្នុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​បាន​ធ្វើ​ការ​បង្ក្រាប​ប្រឆាំង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ បាន​ចំនួន​២៣៥៥​លើក និង​រឹបអូស​ថ្នាំញៀន​បាន​ចំនួន​១០៦៣​កញ្ចប់ និង​ឃាត់ខ្លួន​ជន​ពាក់​ព័​ន្ធ​គ្រឿងញៀន​បាន​ចំនួន​១៨៨​នាក់ ស្រី​ចំនួន​១៦​នាក់ ដែល​ក្នុង​នោះ​បាន​បញ្ជូន​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​១២៨​នាក់​ទៅ​ព្យាបាល​នៅ​មណ្ឌល​កែប្រែ​និង​បន្សាប​គ្រឿងញៀន​។

លោក​បាន​បញ្ជាក់ ក្នុង​ចំណោម​ជន​ដែល​ត្រូវ​បាន​បង្ក្រាប​ពាក់ព័ន្ធ​គ្រឿងញៀន​ នា​ពេល​កន្លង​មក ភាគច្រើន​ស្ថិត​ក្នុង​វ័យ​ចន្លោះ​អាយុ​ចាប់ពី​១៨​ឆ្នាំ ទៅ​២៥​ឆ្នាំ ក្នុង​ចំណាត់ថ្នាក់​ខ្ពស់​លំដាប់​លេខ​១ និង​អាយុ​ច្រើនជាង​នេះ ក្នុង​លំដាប់​ទី​២​។

លោក តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា គ្រឿង​ញៀន​គ្រោះថ្នាក់​ណាស់ វា​បំផ្លាញ​សុខភាព​និង​អនាគត​របស់​អ្នកប្រើប្រាស់ ដូច្នេះ​សូម​បងប្អូន​កូនក្មួយ​ទាំងអស់​គ្នា​មេត្តា​កុំ​សាកល្បង​ជាមួយ​ថ្នាំញៀន​ឲ្យ​សោះ​។

លោក​បាន​ណែនាំ​និង​ផ្តាំផ្ញើ​ថា សូម​ចូលរួម​លុប​បំបាត់​គ្រឿងញៀន​ទាំងអស់​គ្នា​ដើម្បី​អនាគត​របស់​យើង​និង​កូនចៅ​យើង ហើយ​លោក​ក៏បាន​ណែនាំ​ឲ្យ​គ្រូៗ​គ្រប់​សាលារៀន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ណែនាំ​សិស្ស​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ណែនាំ​ឲ្យ​គ្រប់​ម្ចាស់​ភោជនីយដ្ឋាន ក្លឹប​កំសាន្ត ខារ៉ាអូខេ សណ្ឋាគារ និង​ផ្ទះសំណាក់​ផ្សេងៗ​ឲ្យ​ជួយ​ចូលរួម​សហការ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​បង្ក្រាប​ទើប​យើង​អាច​ជួយ​សង្គម​យើង​បាន​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​រស់នៅ​ដោយ​សុវត្ថិភាព​។

ថ្មីៗ​កន្លង​មក​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ ដឹកនាំ​ដោយ​លោក វរសេនីយ៍​ឯក ដួង តេង និង​លោក វរសេនីយ៍ត្រី ឆេង សុធា អធិការរង​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​មន្ត្រីក្រោម​ឱវាទ​របស់​ខ្លួន ចុះមក​តាម​ហាង​ខារ៉ាអូខេ ក្លិប​កំសាន្ត​និង​ផ្ទះ​ជួល​ផ្ទះសំណាក់​នានា​ដើម្បី​បិទ​បំរាម​ហាម​ប្រើប្រាស់ ​និង ​ជួញដូរ​ថ្នាំញៀន ព្រមទាំង​បិទ​ប្រកាសប្រាប់​អំពី​ស្ថាន​ទម្ងន់​ទោស​នៃ​ការប្រើ​ប្រាស់ និង​ទោស​នៃ​ការ​ចែកចាយ​ ឬ​ ជួញដូរ​ថ្នាំញៀន ដែល​ទោស​ទាំងនោះ​អាច​ជាប់​ពន្ធនាគារ​ចាប់ពី​២​ឆ្នាំ​ដល់​១០​ឆ្នាំ ឬ​ជាប់គុក​អស់​មួយជីវិត​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114