ព័ត៍មានទាន់​ហេតុការណ៏
Search

បាល់ទាត់ គឺជា​វិញ្ញាសា​ដែល​ត្រូវ​បាន NOCC ចាត់ទុកជា​កីឡា​គំរូ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ២០២៣

នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ ប្រចាំ​ត្រីមាស​របស់​ខ្លួន​ក្រោម​ធិបតី​ភាព​លោក​បណ្ឌិត ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ( National Olympic Committee of Cambodia ) បាន​ឯកភាព​ជ្រើស​យក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជា​កីឡា​គំរូ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កីឡា​អាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំ ២០២៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ នៅ​ក្នុង​មហាសន្និបាត​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ត្រួសត្រាយ​នូវ​ផែនការមេ ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​ក្នុងស្រុក​ឲ្យ​មាន​គុណភាព ដោយ​ក្នុង​នោះ​សហព័ន្ធ បាន​បង្កើត​នូវ​ពានរង្វាន់​យុវជន​ជា​គ្រប់​ប្រភេទ​អាយុ ដោយមាន​សាលា​តម្រង់​ទិស​គ្រប់​រាជធានី​-​ខេត្ត និង​សាលា​បាល់ទាត់​ជាតិ​ជា​ស្នូល ដើម្បី​ស្វែងរក​ថ្នាល​ដ៏​ល្អ​មួយ ឲ្យ​ទាន់​ក្នុង​ការ​ប្រកួត SEA Games។

នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ផង​ដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​បង្កើត​នូវ​ពានរង្វាន់​ជាច្រើន​ប្រភេទ​អាយុ​ក្នុង​កម្រិត​យុវជន​ដូចជា អាយុ​ក្រោម ១៦​ឆ្នាំ​, អាយុ​ក្រោម ១៨​ឆ្នាំ​, បាល់ទាត់​នារី​អាយុ​ក្រោម ១៧​ឆ្នាំ និង​លី​គ​បាល់ទាត់​នារី​ថែម​ទៀត​ផង ដែល​គ្រោង​នឹង​ដំណើរការ ការប្រកួត​នៅ​ចុងខែ​កក្កដា និង​ដើមខែ​សីហា​ខាងមុខនេះ​ជា​បន្តបន្ទាប់​។

យ៉ាងណាមិញ នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​របស់ NOCC ក្រៅពី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ ដែល សម្រេច​បាន និង​ការ​ត្រៀម​ការងារ​សំខាន់ៗ​បន្ត​ទៀត អង្គប្រជុំ​ក៏បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់ ចំពោះ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​បង្កើន​ការ​ហ្វឹកហាត់ និង​រក្សា​ចំនួន​មេដាយ ព្រមទាំង​ចំណាត់ថ្នាក់​ប្រទេស​ទី​៨ ក្នុងចំណោម ១១​ប្រទេស​ឲ្យ​បាន សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩ នេះ​ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114