ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​៤​គ្រឿង​បុក​បន្ត​គ្នា គ្រោះថ្នាក់​ព្រះសង្ឃ​១​អង្គ​ព្រះជន្ម​៧០​ឆ្នាំ​បាក់ដៃ​ម្ខាង និង ​របួស​មនុស្ស​៣​នាក់​ផ្សេងទៀត

កណ្តាល​ ៖ ព្រះសង្ឃ​ជរា​មួយ​អង្គ​បាន​របួស​បាក់​ដៃ​ម្ខាង​ និង​ ជន​ស៊ីវិល​៣​នាក់​ផ្សេងទៀត​បាន​រង​បួស​ធ្ងន់​និង​ស្រាល ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ស្រះកែវ​២ ស្ថិត​ក្នុង​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤ និង​៣៥ បង្កឡើង​ដោយ​រថយន្ត​និង​រថយន្ត​៤​គ្រឿង​បុក​រះ​បន្ត​គ្នា។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​និយាយ​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​TOYOTA 4RUNNER DREAM ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2F-5299 បើកបរ​ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច​(​ភ្នំពេញ​-​បាត់ដំបង​) បើកបរ ដោយ​ឈ្មោះ ឈុំ កំសាន្ត ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦ ផ្លូវ​២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ លុះ​បើកបរ​មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​ឡើង​វ៉ា​ជែង​ម៉ូតូ​១​គ្រឿង នឹង​រថយន្ត​ធំ​ដឹកទំនិញ​២​គ្រឿង ដែល​កំពុង​បើកបរ​នៅខាងមុខ​ក៏បាន​ជ្រុល​ចូលទៅក្នុង​គន្លង​ផ្លូវ​នៃ​យាន​ផ្ទុយ​ទិស បង្ក​ឲ្យ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​១​គ្រឿង​ ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ​តាកែវ 3A-2529 បើកបរ​ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត​(​បាត់ដំបង​-​ភ្នំពេញ​) ហើយ​រថយន្ត​ក៏បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូលមក​មុខ​ភោជនីយដ្ឋាន​ស្រះ​កែវ​២​បុក​រះ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំពេញ​3B-2823 បើកបរ​ដោយ​ឈ្មោះ​ស៊ិន យឿ​ង អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក់​ ខណ្ឌទួលគោក​។ និង​បុក​រថ​យន្ត​ម៉ាក Camry ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AB-0150 បើកបរ​ដោយឈ្មោះ ម៉ាន យ៉េ​ប អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ឆ្នាំង​។ និង​បន្ត​មក​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (​អាស​ង់​) ពាក់​ស្លាក​លេខ បាត់ដំបង​1V-9456 បើកបរ​ដោយ​ឈ្មោះ​នង វៃ អាយុ​៤៨​ឆ្នាំ ដឹក​ព្រះសង្ឃ​មួយអង្គ​ឈ្មោះ សៅ ឡូញ ព្រះជន្ម​៧០​ឆ្នាំ​
​គង់នៅ​វត្ត ដងទង់ មាន​ទីតាំងនៅ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ​។

នៅ​ពេល​នោះ​ អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ តាកែវ 3A-2529 ភ័យ​ពេក​ក៏បាន​រត់​គេច​ខ្លួន​បាត់​ចំណែក​រថយន្ត​ម៉ាក​4RUNNER នោះ​ក៏​រេ​ចង្កូត​មក​ទទឹង​ផ្លូវ​របស់​ខ្លួន​វិញ​បណ្តាល​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រឿង​ផ្សេងទៀត​ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-2446​បើកបរ​ដោយ​ឈ្មោះ ឌី វុត្ថា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ជាន់​ហ្វ្រាំង​មិនទាន់​បុក​រថយន្ត​4RUNNER​នោះ​ក្រឡាប់​បះជើង​លើ​ទ្រូងផ្លូវ​តែម្តង​។

ប៉ូលិស​និយាយ​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ បង្ក​អោយ​គ្រោះថ្នាក់​ព្រះសង្ឃ​បាក់ដៃ​ម្ខាង​ខាងឆ្វេង​និង​អ្នក​បើក​ម៉ូតូ​ដឹក​ព្រះសង្ឃ​បាក់ជើង​ម្ខាង​ខាងឆ្វេង​ត្រូវបាន​ដឹក​យក​ទៅ​ពេទ្យ​ភ្លាមៗ​ចំណែក​ឯ​អ្នកបើកបរ​រថយន្ត​ទាំងអស់​រងរបួស​ស្រាល​។

​ប៉ូលិស​បាន​នាំ​យក​យានយន្ត​ពាក់​ព័​ន្ធ​ទាំងអស់​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​ភាគី​ទាំង​សង្ខាង​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ដែល​តាម​ការ​សន្និដ្ឋាន​របស់​ប៉ូលិស​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ភាគី​រថយន្ត​ម៉ាកToyota 4RUNNER ពាក់​ស្លាក​លេខ 2F-5299 ដែល​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​វ៉ា​ប្រជែង​គេ​ជ្រុល​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​គេ​ហើយ​បុក​គេ​ទៀត​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114