ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​និង​ប្រជាពលរដ្ឋ​ជិត​២ពាន់​នាក់​ នៅ​ជុំវិញ​សាលាបឋមសិក្សា​សែន​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់

ភ្នំពេញ ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រមាណ​ជាង ៥០០នាក់​ ក៏ដូចជា​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៣០០​នាក់ ​ដែល​រស់នៅ​ជុំវិញ​សាលាបឋមសិក្សា​សែន​អភិវឌ្ឍន៍ នៃ​ស្ថិតនៅ​ឃុំ​ក្រញូង​សែនជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ទទួល​បាន​ទឹក​ស្អាត​សម្រាប់​ទទួលទាន ​និង ​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។

នេះ​គឺជា​ប៉ម​ចម្រោះ​ទឹក​ស្អាត​ទី​២២​ហើយ​ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​ដល់​សិស្ស​និង​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។

ប៉ម​ចម្រោះ​ទឹក​នេះ​បាន​សម្ពោធ​កាលពី​ថ្ងៃ​ទី១១ ខែកក្កដា​ ឆ្នាំ២០១៩ ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​លោក​លី ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក ហេង​សុខ​ណា​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ ​និង ​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។

លោក​រស់ សោភា បាន​មានប្រសាសន៍ថា «​ការ​ប្តេជ្ញាចិត្ត​របស់​យើង​មិន​បញ្ឈប់​នៅ​ត្រឹមតែ​ការ​ដំឡើង​ប៉ម​ចម្រោះ​ទឹក​ស្អាត​ថ្មី​ក្នុង​ថ្ងៃ​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព​ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការ​ថែរក្សា​អនាម័យ​បរិស្ថាន​ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការ​ថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ​រួម​ទាំង​ការ​ធ្វើ​លំហែ​ទាំ​រយៈពេល ៥​ឆ្នាំ​។ អង្គការ Planet Wateនឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ​ទៅតាម​កាលវិភាគ​កំណ​ត់​”​។

លោក រស់ សោភា បាន​បន្ត​ទៀត​ថា «​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ដែល​បាន​កំពុងតែ​នាំ​យក​ទឹក​ស្អាត​មកកាន់​សាលារៀន ​និង ​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។ លោក​បាន​គូស​បញ្ជាក់​បន្តទៀតថា «​ក្រុមហ៊ុន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កិច្ចសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​នាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​រៀបចំ​គម្រោង​នេះ លេច​ជា​រូបរាង​ឡើង​»​។

សូម​ជម្រាប​ថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២ ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ជា​មួយ​នឹង​ស្ថាប័ន​ដៃគូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ដែលមាន​ការ​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត នៅ​តាម​បណ្ដា​សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ស្អាត​សម្រាប់​ទទួលទាន​។

​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បាន​ឲ្យ​ដឹង​ថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១​ទៀត​នឹងត្រូវ​ដំឡើង​តំបន់​ដាច់​ស្រយាល​ នៃ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ​ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត​នឹង​មាន​វត្តមាន​នៅ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ម​ចម្រោះ​ទឹក​ស្អាត​ចំនួន ២១​ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹក​ស្អាត​ចំនួន៤៤,៩៩០,២៨៦​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114