ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​កម្ពុ​ជាមាន​ជំងឺ​មហារីក​ឈាម​កុមារ​ប្រមាណ​៧៥០​ករណី​ថ្មី​ ក្នុង​មួយឆ្នាំ​ដែល​ភាគច្រើន​ជា​ជំងឺមហារីក​ឈាម

ភ្នំពេញ ​៖ ​ជំងឺមហារីក​ឈាម​កុមារ នៅ​កម្ពុជា មាន​ប្រមាណ​៧៥០​ករណី​ថ្មី​ក្នុង​មួយឆ្នាំ​ដែល​ភាគច្រើន ជា​ជំងឺមហារីក​ឈាម និង​មហារីក​ខួរក្បាល​។

លោក​សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ស្តីអំពី «​ការថែទាំ​កុមារ​កើត​ជំងឺ​មហារីក​» នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ ដោយ​បាន​សហការ​ជាមួយ​ប្រតិភូ​ជាតិ និង​អន្តរជាតិ មកពី​សហរដ្ឋអាមេរិក ប្រទេស​ជប៉ុន ហ្វីលីពីន និង​វៀតណាម​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​គាំទ្រ និង​បង្ហាត់បង្ហាញ​អំពី “​ការថែទាំ​កុមារ​កើត​ជំងឺ​មហារីក​”​។

លោក​សាស្ត្រាចារ្យ​អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជំងឺមហារីក​កុមារ​មាន​ច្រើន​ប្រភេទ ហើយ​ភាគច្រើន ជា​ជំងឺមហារីក​ឈាម និង​បន្ទាប់មក​គឺ ជំងឺមហារីក​ខួរក្បាល ដោយ​ក្នុង​មួយឆ្នាំៗ នៅ​កម្ពុជា មាន​ប្រមាណ​៧៥០​ករណី​ថ្មី​។

អគ្គនាយករង​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត បាន​ថ្លែង​ថា ​ទៀត​ថា​ ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក​ជាមួយ​ផ្នែក​ជំងឺមហារីក​កុមារ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១៨ គឺជា​ការ​រីកចម្រើន​មួយ​ផ្នែក​ទៀត លើ​វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់នូវ​ការថែទាំ​ព្យាបាល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ដែល នាំ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​នូវ​គុណភាព​ជីវិត ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កាត់បន្ថយ​ការ​ចំណាយ​របស់​អ្នកជំងឺ​។ ដោយសារ​មូលហេតុ​ទាំងនេះ បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​កម្មវិធី​នេះ ក៏​ដូចជា​សិក្ខាសាលា​នៅថ្ងៃនេះ​។

​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ លោក​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វគ្គ​បណ្តុះបណ្តាល​ការ​នេះ យើង​នឹង​បន្តធ្វើ​ការ​និង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​លើ កិច្ចការ​ដ៏​សំខាន់​នេះ​សម្រាប់​ប្រទេស​របស់​យើង​។

ជាមួយគ្នា​នោះ​ដែរ កញ្ញា Julie Ritter អ្នកចាត់ការ​ទូទៅ​ផ្នែក​ប្រព័ន្ធ​សុខាភិបាល និង​កម្មវិធី​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នៃ​មន្ទីរពេទ្យ St. Jude Children’s Hospital សហរដ្ឋអាមេរិក បាន​លើកឡើងថា​ក្នុង​ស្មារតី​នៃ​កិច្ចសហការ​នេះ​យើង​មាន​សេចក្តី​រីករាយ​ដែលមាន​វត្តមាន​នៅថ្ងៃនេះ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត មជ្ឈមណ្ឌល​មហារីក​ម​ជ្ឈ​មណ្ឌល​ជំងឺមហារីក​កុមារ​រួមជាមួយ​គិលានុបដ្ឋាយិកា​មកពី​ប្រទេស​វៀតណាម​គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកា ពី​ហ្វីលីពីន​និង​ជា​ស្ថាបនិក​នៃ​សម្ព័ន្ធ​ថែទាំ​កុមារ​អាស៊ី​សម្រាប់​ការ​ឈានដល់​ចំណុច​ខ្ពស់បំផុត​។ ព្រោះ​គិលានុបដ្ឋាយិកា​មាន​តួនាទី​សំខាន់​ក្នុងការ​ថែទាំ​សុខភាព​និង​ជា​សមាជិក​សំខាន់​នៃ​ក្រុម​ពហុ​វិន័យ​ដែល​ត្រូវការ​សម្រាប់​ការថែទាំ​ល្អ​បំផុត និង​ការ​ព្យាបាល​កុមារ​និង​មនុស្ស​ពេញវ័យ​ដែលមាន​ជំងឺមហារីក​។

កញ្ញា Julie Ritter បាន​បន្តថា​ យើង​សរសើរ​មន្ទីរពេទ្យ​កាល់ម៉ែត​ និង ​មជ្ឈមណ្ឌល​មហារីក​ជាតិ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុង​ការកសាង​សមត្ថភាព និង​ការអប់រំ​គិលានុបដ្ឋាយិកា​របស់​ពួកគេ​។ យើង​មាន​អំណរគុណ​ចំពោះ​ការ​សហការ​ជាប្រចាំ​របស់​យើង​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត​,​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៨​ក៏ដូចជា​ទំនាក់ទំនង​សហការ​ជិតស្និទ្ធ​របស់​យើង​ជាមួយ​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​ថ្នាក់ដឹកនាំ​និង​ស្ថាប័ន​ដទៃ​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុងប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​រួមគ្នា​សម្រេច​បាន​នូវ​អនាគត​ដែល​គ្មាន​កូនក្មេង​នឹង​ស្លាប់​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114