ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បង្វឹក​ក្រុម​កំពូល​តារាង​ស្វាយរៀង​និយាយ​ពី​មូលហេតុ​មិន ផ្លាស់ប្តូរ​កីឡាករ​ច្រើន​នៅ​ជុំ​ទី​២

គិត​ត្រឹម​សប្តាហ៍​ទី ១៤ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ទទួលបាន​លទ្ធ​ផល​ល្អ ដោយ​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ និង​កំពុង​ឈរ​កំពូល​តារាង ដោយ​ដាច់​ពិន្ទុ​ពី​ក្រុម​ប្រដេញ​ខ្លួន ៥​ពិន្ទុ​។

ចំពោះ​លទ្ធផល​ល្អ​នា​រដូវ​កាល​២០១៩​នេះ គ្រូ​បង្វឹក​របស់​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​ទម្លាយ​នូវ​មូល​ហេតុដែល​លោក​មិន​មាន​ការផ្លាស់ប្តូរ​កីឡាករ​ច្រើន​ដូច​ក្លិប​ដទៃ​ទៀត​ក្នុង​ជើង​ទី​២​នេះ​ថា «​ខ្ញុំ​រីករាយ​ចំពោះ​កីឡាករ ២៧​រូប​របស់ខ្ញុំ កូនក្រុម​ខ្ញុំ​ទាំង​ខ្មែរ និង​បរទេស ធ្វើ​បានល្អ​គ្រប់គ្រាន់​ហើយ​កាលពី​ជើង​ទី​១ និង​ចង់​ឲ្យ​ពួកគេ​ទទួលបាន​ឱកាស​លេង ជាពិសេស​ផ្តោតលើ​ការខិតខំ​ប្រឹងប្រែង »។

គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​នេះ​បញ្ជាក់​ថា «ខ្ញុំ​មិន​ធ្វើតាម​ក្លិប​ផ្សេង​ទេ ខ្ញុំ​ធ្វើតាម​អ្វីដែល​ខ្ញុំ​ជឿ​ថា ល្អ​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង យើង​មិន​ចង់​ផ្លាស់ប្ដូរ ព្រោះ​យើង​រីករាយ​នឹង​ចំនួន​កីឡាករ​ទាំង​២៧​រូប​របស់​យើង ដូច្នេះ​យើង​មិន​ផ្លាស់ប្ដូរ​ទេ​ពេល​យើង​រីករាយ​នូវ​អ្វី​ដែល​យើង​មាន » នេះ​តាម​ការ​លើក​ឡើងលើ​គេហទំព័​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​។

លោក Conor បន្ថែម​ថា ការពង្រីក​សមាជិក​ពុំ​មែន​ជា​រឿង​ល្អ​ណាស់ណា ព្រោះ​កីឡាករ​ដែល​នៅ​ស្រាប់​អាច​គិត​ថា មិន​អាច​មានឱកាស​លេង ហើយ​ធ្វើ​ឲ្យ​ពួកគេ​ថមថយ​ការ​ខំ​ប្រឹងប្រែង​ទៅវិញ​។ អំឡុង​ការផ្លាស់ប្ដូរ​កន្លងទៅ ក្រុម​ជើងឯក​សម្ដេច​តេ​ជោ ហ៊ុន សែន ៤​សម័យ នាំចូល​តែ​អ្នកចាំទី​វ័យក្មេង​មួយ​រូប​ប៉ុណ្ណោះ​។

​គួរ​ឲ្យ​ដឹង​ថា ឆ្លងកាត់ ១៤​សប្តាហ៍​កន្លងទៅ ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​លទ្ធផល​ដូចជា ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-០ ឈ្នះ សូល​ទី​ឡូ​អង្គរ ១-០ ឈ្នះ គិរីវង់ ២-០ ឈ្នះ ភ្នំពេញ​ក្រោ​ន ៥-១ ឈ្នះ អគ្គិសនី​កម្ពុជា ១-០ ស្មើ អង្គ​រថា​យ​ហ្គឺ​រ ១-១ ឈ្នះ កំពង់ចាម ១៣-០ ស្មើ បឹងកេត ២-២ ឈ្នះ​សាលា​បាល់ទាត់​ជាតិ ៣-០ ឈ្នះ វិសាខា ៥-៣ ឈ្នះ ក្រសួងការពារជាតិ ២-១ ឈ្នះ អាស៊ី​អឺរ៉ុប ២-០ ស្មើ ណាហ្គា​វើ​ល ០-០ និង​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ជើង​ទិ​២) ២-០ ។

សម្រាប់​ការប្រកួត​សប្តាហ៍​ទី ១៥ ព្រះខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​បន្ត​ជួប​ជាមួយ សូល​ទី​ឡូ​អង្គរ នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ ២០១៩ វេលា​ម៉ោង ៦​ល្ងាច នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114