ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី បញ្ចប់​ក្តី​ស្រ​ម៉ៃ​របស់​ម៉ា​ដា​កា​ស្កា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Africa Cup of Nations

ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី បាន​បញ្ចប់​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ក្រុម​ជម្រើសជាតិ​ម៉ា​ដា​កា​ស្កា នៅ Africa Cup of Nations ពេល​ដែល​ពួកគេ​សម្រេចបាន​ជ័យជំនះ​៣-០​នៅ​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍។

ក្រុម​ជម្រើសជាតិ​ម៉ា​ដា​កា​ស្កា ដែល​ជា​ប្រទេស​មួយ​មាន​ប្រពៃណី​បាល់ទាត់​តិចតួច ហើយ​មិន​ត្រូវបាន​គេ​រំពឹងថា អាច​ឡើង​មកដល់​ដំណាក់កាល​មួយ​នេះ នៅ​ការ​បង្ហាញខ្លួន​លើកដំបូង​របស់​ពួកគេ​នោះ បាន​លេង​ទប់​រហូតដល់​តង់​ទី​២ ពេល​ដែល​ពួកគេ​ធ្វើ​ឲ្យ​ផ្លាត​ការ​ស៊ុត​បាល់​ចូល​ទី​របស់​កីឡាករ Ferjani Sassi ។

កីឡាករ Youssef Msakni បាន​បន្ថែម​គ្រាប់​បាល់​ទី​២ ក្រោយ​លេង​បាន​១​ម៉ោង សម្រាប់​ក្រុម​ទុយ​នី​ស៊ី ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​រៀង​ទី​២៥​នៅ​លើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក ខណៈ​ដែល​ក្រុម​ម៉ា​ដា​កា​ស្កា ឈរ​នៅ​លេខ​រៀង​ទី​១០៧ ហើយ​កីឡាករ​បម្រុង Naim Sliti ជា​អ្នក​សម្រេច​ការងារ​ចុងក្រោយ​នៅ​ម៉ោង​បញ្ចប់​ការប្រកួត ដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់​ពួកគេ​ឡើងទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ នា​ថ្ងៃអាទិត្យ​នេះ​។

ក្រុម​ម៉ា​ដា​កា​ស្កា ដែល​ជា​ប្រទេស​កោះ​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នោះ បាន​បំបាក់​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា តាម​ផ្លូវ​ឆ្ពោះ​មកកាន់​វគ្គ​មួយ​នេះ ហើយ​ថែមទាំង​បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​កុង​ហ្គោ ផង​ដែរ​នៅ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់​សេច​ក្តី នៅ​ជុំ​មុន ប៉ុន្តែ​បែរជា​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ទៅវិញ​ពេល​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី​។

ថ្វីត្បិតតែ​គ្រប់គ្រង​ការប្រកួត​បាន​ភាគច្រើន​យ៉ាង​ណា​ក្តី ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី មិន​សូវ​មាន​ឱកាស​រក​គ្រាប់​បាល់​នោះ​ទេ ​ពេល​ចាប់​ផ្តើម​លេង​ដំបូង ខណៈ​ដែល​ក្រុម​ម៉ា​ដា​កា​ស្កា បាន​ព្យាយាម​សម្រុក​មក​មុខ​ផងដែរ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114