ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នក​ប្រដាល់ Rey Vargas ឡើង​ការពារ​ខ្សែក្រវាត់​ជាមួយ​កីឡាករ​ជប៉ុន Tomoki Kameda

​ជើងឯក​មិន​ធ្លាប់​ដែលមាន​ប្រវត្តិ​ចាញ់ Super Bantamweight កីឡាករ Rey Vargas មកពី​ប្រទេស​ម៉ិ​ក​ស៊ិក នឹង​ឡើង​ការពារ​ខ្សែក្រវាត់ WBC​របស់គាត់​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅក្នុង​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស សហរដ្ឋអាមេរិក ជាមួយ​កីឡាករ​ជប៉ុន Tomoki Kameda។

​ការប្រកួត​នៅក្នុង​ពហុ​កីឡដ្ឋាន​របស់​ក្លិប Los Angeles Galaxy លេង​នៅ​ក្របខណ្ឌ​បាល់ទាត់ Major League Soccer នេះ នឹង​ក្លាយជា​ការប្រកួត​លើក​ទី​៥ ដែល​កីឡាករ Vargas មាន​ប្រវត្តិ​ឈ្នះ​ទាំង​៣០​លើក និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​២២​លើក ឡើង​ការពារ​ខ្សែក្រវាត់​របស់គាត់ ដែល​បានឈ្នះ​ពេល​ផ្តួល​គួ​ប្រកួត​អង់គ្លេស Gavin McDonnell ដោយ​ពិន្ទុ កាលពី​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧​។

កីឡាករ Vargas វ័យ​២៨​ឆ្នាំ បាន​ឡើង​សង្វៀន​លើកចុងក្រោយ​កាលពី​រយៈពេល​៥​ខែ​មុន ពេល​ដែល​គាត់​ឈ្នះ​កីឡាករ Franklin Manzanilla មកពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​ពិន្ទុ​។

ដោយឡែក កីឡាករ Kameda ដែល​នឹង​ឈានដល់​វ័យ​២៨​ឆ្នាំ​ដូចគ្នា ១​ថ្ងៃមុន​ការប្រកួត​ចាប់ផ្តើម​នោះ ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៣៦​លើក និង​ចាញ់​២​លើក ក្នុងនោះ បាន​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​២០​លើក ហើយ​បរាជ័យ​២​លើក​គត់​របស់គាត់ កើតឡើង​ពេល​ប៉ះ​ជាមួយ​កីឡាករ​អង់គ្លេស Jamie McDonnell នៅ​ការប្រកួត World Boxing Association Bantamweight កាលពី​ឆ្នាំ​២០១៥​។

កីឡាករ Vargas បាន​និយាយ​ថា កីឡាករ Kameda គឺជា​គូប្រកួត​ដ៏​ល្អ​ម្នាក់​។ យើង​ទាំង​២​នាក់ ធ្លាប់​ឡើង​សង្វៀន​បានយូរ​ដូចគ្នា ប៉ុន្តែ​វា​មិន​រាប់បញ្ចូល​នោះទេ ហើយ​ឥឡូវនេះ វា​គឺជា​រឿងរ៉ាវ​ថ្មី​។

សូម​បញ្ជាក់​ថា កីឡាករ Kameda មានបទពិសោធន៍​ច្រើនជាង ហើយ​គឺជា​កីឡាករ​ដែល​មាន​តិចនិក​ប្រដាល់​ច្រើនជាង តាំងពី​ពេល​ដែល​គាត់​នៅ​ក្មេង​បាន​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​មក​ម្ល៉េះ ជា​កន្លែង​ដែល​គាត់​បាន​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ទីនេះ ពេល​គាត់​មាន​អាយុ​១៥​ឆ្នាំ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114