ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ចាប់ផ្ដើម​អនុវត្ត​ការ​ចុះ​បញ្ជិកា​ឱសថ បរិក្ខារ​ពេទ្យ​ និង​គ្រឿង​សំអាង​ តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ផ្លូវការ​

​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​ បានប្រកាស​ចាប់ផ្ដើម​អនុវត្ត​ការចុះ​ទិដ្ឋាការ បញ្ជិកា​ផលិត​ឱសថ​រួមមាន​ឱសថ​សម័យ ឱសថ​បុរាណ វ៉ាក់សាំង ផលិតផល​បំប៉ន​សុខភាព ផលិតផល​ជំនួយ​សុខភាព ឧបករណ៍​បរិក្ខារ​ពេទ្យ ​និង​ប្រតិបត្តិ​ករ ការចុះបញ្ជី​គ្រឹះស្ថាន​ផលិត​ឱសថ​មកពី​បរទេស ​និង​ការចុះ​ប្រវេទន៍​គ្រឿងសម្អាង​តាម​ប្រព័ន្ធ​អន​ឡាញ​ ជា​ផ្លូវការ​ហើយ ​ដើម្បី​លើកកម្ពស់​បន្ថែមទៀត នូវ​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព តម្លាភាព គ្រប់​ផលិតផល​ដែល​ចូលមក​កម្ពុជា​។​

​យោងតាម​សេចក្ដីប្រកាស ស្ដីពី «​ការចុះ​ទិដ្ឋាការ បញ្ជិកា​ផលិត​ឱសថ ការចុះបញ្ជី​គ្រឹះស្ថាន ផលិត​ឱសថ​មកពី​បរទេស និង​ការចុះ​ប្រវេទន៍ គ្រឿងសម្អាង​តាម​ប្រព័ន្ធ​អន​ឡាញ​»​របស់​ក្រសួង​សុខាភិបាល​ដែល បានចេញ​ផ្សាយ​កាលពី​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឹះស្ថាន​ផលិត​ឱសថ​ត្រូវ​ចុះ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិត​ឱសថ ការចុះបញ្ជី​គ្រឹះស្ថាន ផលិត​ឱសថ​មកពី​បរទេស និង​ការចុះ​ប្រវេទន៍ គ្រឿងសម្អាង​តាម​ប្រព័ន្ធ​អន​ឡាញ​តាមរយៈ​គេហទំព័រ​របស់​ក្រសួង​ដែលមាន​អាស័យដ្ឋាន ddf.moh.gov.kh​ដោយ​ភ្ជាប់​មកជា​មួយ​ឯកសារ​ពាក់ព័ន្ធ​រួមមាន​វិញ្ញាបនបត្រ​អនុញាត​ឲ្យ​បើក​គ្រឹះស្ថាន​ពី​ក្រសួងសុខាភិបាល អត្ថ​សញ្ញាណ​ប័ណ្ណ​ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​និង​ឯកសារ​ពាក់ព័ន្ធ​។​

​ជាមួយគ្នានេះដែរ​ម្ចាស់​គ្រឹះស្ថាន​ឬ​បុគ្គល​ដែល​ទទួលបាន​ការធ្វើ​ចុះ​បញ្ជិកា​ត្រូវបំពេញ​នូវ​ទិន្នន័យ​ព័ត៌មាន​ដូច​មាននៅ​ក្នុង​ប្រព័ន្ធ​camPORS​និង​ភ្ជាប់​នូវ​សំណុំ​ឯកសារ​បច្ចេកទេស​រួម​និង​ឯកសារ​តម្រូវការ​(CTD/CTR)​។​ក្នុងករណី​មានការ​ស្នើសុំ​បំភ្លឺ​ពី​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​នឹង​កង្វះខាត​នៃ​ការចុះ​បញ្ជិកា​ណាមួយ​ហើយ​ម្ចាស់​គ្រឹះស្ថាន​និង​តំណាង​នៃ​ការចុះ​បញ្ជិកា​មិនបាន​បំពេញ​តា​មកា​ត្វ​កិច្ច​ឆ្លើយតប​ក្នុង​រយៈពេល​៣​ខែ​ប្រព័ន្ធ​camPORS​នឹង​លប់​ផលិតផល​ដោយ​ស្វ័យប្រវត្តិ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​ក្រសួងសុខាភិបាល​នឹង​ផ្តល់​វិញ្ញាបនបត្រ​ទិដ្ឋាការ ប​ញ្ចិ​កា​ផលិតផល​ឱសថ វិញ្ញាបនបត្រ​ចុះបញ្ជី​មកពី​គ្រឹះស្ថាន​ផលិត​ឱសថ​មកពី​បរទេស និង​វិញ្ញាបនបត្រ​ប្រវេទន៍​គ្រឿងសម្អាង តាម​ទម្រង់​ថ្មី​ដែលមាន QR code បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នៃ​វិញ្ញាបនបត្រ​។​

​ចំណែក​ម្ចាស់​គ្រឹះស្ថាន និង​ការិយាល័យ​តំណាង​ត្រូវ​បោះពុម្ព ឬ​បិទ QR Code នៅលើ​សំបក​ប្រអប់ ឬ​លើ​ស្លាក​សញ្ញា​ផលិតផល​ឱសថ គ្រឿងសំអាង​មុនពេល​ចរាចរ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​ម្ចាស់​គ្រឹះស្ថាន និង​ការិយាល័យ​តំណាង អាច​បន្ត​ការ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ និង​ការចុះ​ប្រវេទន៍​គ្រឿងសម្អាង​តាម​ប្រព័ន្ធ​ចាស់​រហូតដល់​ថ្ងៃទី​៣០ ខែ​មេសា ​ឆ្នាំ​២០២០ ក្នុង​រយៈពេល​អន្តរកាល​ នៃ​ការ​អនុវត្តតាម​ប្រព័ន្ធ​អន​ឡាញ​នេះ។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា ការចុះ​បញ្ជិកា​ឱសថ តាម​ប្រព័ន្ធ​អន​ឡាញ មាន​សារសំខាន់​ណាស់ ហើយ​នេះ​ជា​គោលដៅ​យុទ្ធសាស្ត្រ ដើម្បី​លើកកម្ពស់ នីតិវិធី​ក្នុងការ​ត្រួតពិនិត្យ គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ផលិតផល​ឱសថ ដែល​ចរាចរណ៍​ក្នុង​ទីផ្សារ​កម្ពុជា​។​

​ជាងនេះទៅទៀត លោកស្រី​រដ្ឋលេខាធិការ បានបញ្ជាក់​ទៀតថា​ ការចុះ​បញ្ជិកា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​នឹង​ជួយ​ឲ្យ​ការពិនិត្យ​វាយតម្លៃ​ឯកសារ​ឱសថ​បាន​ឆាប់រហ័ស និង​កាត់បន្ថយ​ពេលវេលា​របស់​ក្រុមហ៊ុន ក្នុង​ការចុះ​បញ្ជិកា​ផលិតផល​ឱសថ មាន​តម្លាភាព និង​គណនេយ្យភាព សម្រួល​ដល់​ការស្នើសុំ​ដាក់លក់​លើ​ទីផ្សារ និង​ការចុះ​បញ្ជិកា​ផលិតផល​ឱសថ​។​លើកកម្ពស់​គុណ​ការងារ​វាយតម្លៃ​ឯកសារ​ផលិតផល​ឱសថ​មាន​ទំនាក់ទំនង​ល្អ រវាង​អាជ្ញាធរ​គ្រប់គ្រង​ផលិតផល​ឱសថ និង​អ្នក​ចែកចាយ​ផលិតផល​ឱសថ​និង​ងាយស្រួល​ក្នុងការ​តាមដាន​ដំណើការ​ចុះ​បញ្ជិកា និង​ការផ្តល់​ព័ត៌មាន​ពី​ការ​យឺតយ៉ាវ​។​

​គួរបញ្ជាក់​ថា​ មុន​ឈានដល់​ការចុះ​បញ្ជិកា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះដែរ ​កាលពីពេល​ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​បើក​សិក្ខាសាលា​មួយ​ដើម្បី​បង្រៀន​អំពី​របៀប​ការចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ ចុះបញ្ជី​គ្រឹះស្ថាន​ផលិត​ឱសថ​មកពី​បរទេស និង​ការចុះ​ប្រវេទន៍​គ្រឿងសម្អាង​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឹះស្ថាន​ផលិត​ឱសថ​រួចហើយ​។​

​​គួររំលឹកថា នាយកដ្ឋាន​ឱសថ បាន​ចាប់ផ្តើម​ចុះ​បញ្ជិកា​ផលិតផល​ឱសថ តាំងពី​ឆ្នាំ​១៩៩៤ រហូតដល់​ពេលបច្ចុប្បន្ន មាន​ឯកសារ​ជា​ក្រដាស ដែល​ទាមទារ​ពេលវេលា​យូរ ក្នុងការ​វាយតម្លៃ​ឯកសារ​នីមួយៗ​ខណៈ​ចុះ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែលមាន​លក្ខណៈ​ងាយស្រួល និង​មាន​តម្លាភាព ព្រម​ទាំង​ឆាប់រហ័ស​ជាង​មុន​៕​

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114