ព័ត៍មានទាន់​ហេតុការណ៏
Search

ដល់​ពេល​ចូល​ដេក​គុក​ ទើប​ដឹង​ថា ​ខ្លួន​ធ្វើ​ខុស​ លុតជង្គង់ ទ្រហោ​យំ​សុំទោស​ជីដូន

ភ្នំពេញ ​៖​ ជនសង្ស័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ( ម​១ ) កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​ទាំង ២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន កាលពី​​វេលា​ម៉ោង​៧ និង​២០​នាទី ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តែ​ត្រូវ​អាវុធ​ខណ្ឌ​ដង្កោ ប្រដេញ​ចាប់​បាន ​បញ្ជូន​ទៅកាន់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ កសាង​សំណុំរឿង ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី។

ជនសង្ស័យ​ទី​១ ឈ្មោះ មឿ​ន​សុវណ្ណ ផាក​ភុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ និង​ទី​២ ឈ្មោះ សាត សុខ​ឌី​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ សារិន ស្រី​លាភ អាយុ​២០​ឆ្នាំ មុខ​របរ​បុគ្គលិក​ ក្រុមហ៊ុន ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ។

មន្ត្រី​អាវុធហត្ថ​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​ បាន​ជិះ​ម៉ូតូ ម៉ាក CLiCK ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1R- 7281 ចេញពី​ភូមិ​ម័ល សង្កាត់​ដង្កោ ទៅ​ភូមិ​ស្រុក​ចែក សង្កាត់​ជើងឯក ជិះ​តាម​ផ្លូវ​២១៧ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេល​ដែល​ជិះ​មក​ពាក់​កណ្ដាល​ផ្លូវ ស្រាប់តែ​ប្ដី​របស់​គាត់​បាន​ខ​ល​ទូរស័ព្ទ​មក ហើយ​នាង​ក៏បាន​ឈប់​ម៉ូតូ​ដក​ទូរស័ព្ទ​មក​និយាយ តែ​មិនទាន់បាន​និយាយ​ផង ស្រាប់តែ​លេច​មុខ​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​ម៉ាក CLiCK ពណ៌​ក្រហម​ពាក់ ស្លាក​លេខ ភ្នំពេញ​1FL-0463 ជិះ​មកពី​ក្រោយ​រួច​ក៏​ធ្វើ​សភាព​ឆក់​ទូរស័ព្ទ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ តែ​ពេល​នោះ​នាង​បាន​ស្រែក​ថា ចោៗ ហើយ​បាន​ជិះ​ម៉ូតូ​ដេញ​តាម ភ្លាមៗ​នោះ​ដែរ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ ក៏​ប្រដេញ​តាម​ចាប់បាន​ទាំង 02​នាក់​តែម្តង​។​

ក្រោយពេល​ដឹងថា ធ្វើ​ខុស ជនសង្ស័យ​ម្នាក់​បាន​លុតជង្គង់ ទ្រហោ​យំ​សុំទោស​ជីដូន ដែល​ធ្វើជា​អាណាព្យាបាល​ជំនួស​ឪពុកម្តាយ​ដែល​ស្លាប់បាត់ ទាំង​សោកស្តាយ​នូវ​កំហុស​របស់ខ្លួន គួរ​ឲ្យ​អាណិតអាសូរ​​​​ តែ​ក៏​មិនអាច​រួចផុត​ពី​ការទទួល​ទោស​ចំពោះ​ទង្វើ​របស់ខ្លួន​បានឡើយ​៕

ដោយ ៖ រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114