ព័ត៍មានទាន់​ហេតុការណ៏
Search

កាំកុងត្រូល ចុះ​ផ្អាក​សកម្មភាព​ទីតាំង​ផលិត​ប្រេងឆា​មួយ​កន្លែង​គ្មាន​ច្បាប់ ខណៈ​ដំណើរ​ការ​រកស៊ី​ឡើង​ដុះ​ស្លែ​ទៅ​ហើយ​

ភ្នំពេញ ៖ ទីតាំង​ផលិត​ និង​កែច្នៃ​ប្រេងឆា​អត់​ច្បាប់​មួយ​កន្លែង​សម្រាប់​ចែកចាយ​ និង​នាំចេញ ត្រូវបាន​សមត្ថកិច្ច​ខាង​កាំ​កុង​ ត្រូវ ​នៃ​ផែស្ងួត​ចុង​ទី​ សហការ​ជាមួយ​ស្ថាប័ន​តុលាការ ​និង​អាជ្ញាធរ​ដែនដី ចុះ​ទៅ​ផ្អាក​សកម្មភាព ​និង​ដកហូត​ផលិតផល​ខូចគុណភាព​មួយចំនួន​យកមក​ដុតបំផ្លាញ​ចោល ​និង​ផាក​ពិន័យ​ចំពោះ​ម្ចាស់​ទីតាំង​ដើម្បី​ឲ្យ​សុំច្បាប់​ត្រឹមត្រូវ​ឡើងវិញ។

សកម្មភាព​នេះ ​ត្រូវបាន​ចុះទៅពិនិត្យ​កាលពី ថ្ងៃ​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ទីតាំង ផ្លូវ ៦៩ សង្កាត់​ផ្សារ​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​សង្កេតឃើញថា ​ទីតាំង​កែច្នៃ​សំណល់​ប្រេងឆា​នោះ ​ពុំមាន​ច្បាប់​អាជីវកម្ម​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ ហើយ​ក្នុងចំណោម​ផលិតផល​ទាំងអស់ ​មាន​ផលិតផល​២​មុខ ជា​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែលមាន​ចំនួន​ស្មើនឹង​៣៥កេស​។

​ក្រោយពី​ការត្រួតពិនិត្យ ព្រះរាជអាជ្ញារង​បានសម្រេច​ផ្អាក ទីតាំង​កែច្នៃ​នេះ​ជា​បណ្ដោះអាសន្ន និង​បាន​ដកហូត​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ទាំងអស់នោះ​រក្សាទុក ​ដើម្បី​ធ្វើការ​បំផ្លាញ​ចោល​ទៅតាម​នីតិវិធី ហើយ​អញ្ជើញ​តំណាង​ម្ចាស់​ទីតាំង​ទៅធ្វើ​កិច្ចសន្យា​នៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ធ្វើ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​។ ព្រមទាំង​យក​គំរូ​មួយចំនួន​បញ្ជូនទៅ​មន្ទីរ​ពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ផងដែរ។

មហាជន​បាន​លើក​ឡើង​ថា មិន​ដឹង​ថា​ទីតាំង​មួយ​នេះ​លួច​ធ្វើ​សកម្មភាព​ផលិត​និង​កែច្នៃ​ប្រេងឆា​បាន​វត្ថុធាតុដើម​ពី​ណា​មក​ទេ​ហើយក៏​មិនដឹងថា ​ពួកគេ​ប្រើប្រាស់​វត្ថុធាតុដើម​អី​ខ្លះ​ដែរ ជាពិសេស​ទៅ​ទៀត​នោះ ​មិន​ដឹង​ថា ​ម្ចាស់​ទីតាំង​នេះ ​ដំណើរការ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ​ទម្រាំ​ដឹង​ពលរដ្ឋ​ទិញ​ប្រើ​ប្រាស់​ឡើង​រាប់​ឆ្នាំ​មកហើយ​ក៏​មិនដឹង ទើប​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​នៅ​ពេល​នេះ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114