ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​តូច​ពីរ​គ្រឿង​ បត់​ឆ្លងផ្លូវ​ ត្រូវ​យី​ឌុប​ដឹក​ខ្សាច់​បុក​ពីក្រោយ ​ខូចខាត​ពីរ​គ្រឿង ​យ៉ាងដំណំ​

ភ្នំពេញ ៖ រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង ​បាន​បើក​បុក​រថយន្ត​តូច​២​គ្រឿង​ ខណៈ​រថយន្ត​តូច​ទាំង​២​នោះ​បត់​ឆ្វេង​ បណ្ដាលឲ្យ​ ខូចខាត​យ៉ាងដំណំ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ ព្រឹក​ថ្ងៃទី​១៣​ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ​រាជ​ធានី​ភ្នំពេញ​។

រថយន្ត ​ដែល​បើក​ខាងក្រោយ ​ម៉ាក​ដេ​វូ​ ពណ៌​ស្លា​ទុំ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D 8243​បើ​កដោយ​ឈ្មោះ​ខាន់ សុ​វេ​ង​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ស្នាក់នៅ​ភូមិ​កំពង់​ឃ្លា ឃុំ​វិហារ លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល។ រថយន្ត​បើក​កណ្តាល​ម៉ាក​ស្តា​រិច ​បិទ​ឡូហ្គោ​ភេសជ្ជៈ​Boostrong ​ពណ៌​លឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS 8359​ បើកដោយ​ឈ្មោះ​ឈឹម ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំ​ព​ញ​ថ្មី​ ខណ្ឌ​សែន​សុខ​។ រថយន្ត​ដែល​បើកមុខ​គេ​ម៉ាក​ម៉ាស​ស្តា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE 4815​ បើក​ដោយ​ឈ្មោះ​ឈុំ វ៉ា​ធី​ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​កា​កប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើត​ហេតុ​រថយន្ត​ទាំងបី​គ្រឿង​ខាង​លើ​បើក​ស្រប​ទិស​គ្នា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ រថយន្ត​ទាំងពីរ​គ្រឿង​ខាងមុខ​ បាន​បន្ថយល្បឿន​ឈប់​ ដើម្បី​ឆ្លង​ផ្លូវ​មក​ឆ្វេង​ដៃ ​ក៏​ត្រូវ​រថយន្ត​ដឹក​ដី​បុក​រថយន្ត ​ដែល​មាន​ឡូហ្គោ​ភេសជ្ជៈ​Boostrong​រុញ​ទៅ​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​ម៉ាស​ស្តា​រង​ការ​ខូចខាត​ទាំងពីរ​គ្រឿង​យ៉ាងដំណំ ​រីឯ​រថយន្ត​បង្ក​បែក​កញ្ចក់​មុខ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើនេះ​ ដោយ​ភាគី​ទាំងអស់ ​ក្នុង​ហេតុការណ៍​ប្រញាប់​បន្ត​ដើរ​ទៅមុខទៀត​ ក៏​សម្រួល​គ្នា​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ​៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114