ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ចំនួន​៣៧​ការពារ​ចិន​អំពី​បញ្ហា​នៅ​តំបន់​ស៊ីន​ជាំ​ង​ ក្នុង​លិខិត​របស់ UN

ឯកអគ្គរដ្ឋទូត​អង្គការសហប្រជាជាតិ​មកពី​៣៧​ប្រទេស​ បាន​ចេញ​លិខិត​មួយ​ កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ការពារ​សកម្មភាព​របស់​ប្រទេស​ចិន​លើ​ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​ជនជាតិភាគតិច​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ស៊ីន​ជាំ​ង។ លិខិត​នេះ​គឺជា​ការ​ឆ្លើយតប​ ដោយ​ផ្ទាល់​ចំពោះ​ការរិះគន់​របស់​លោក​ខាងលិច​កាលពីដើម​សប្ដាហ៍​នេះ។

បេសកជន​មកពី​ទូទាំង​សហភាព​អឺរ៉ុប​រួមជាមួយ​ទាំង​ប្រទេស​អូស្ត្រាលី កាណាដា ជប៉ុន​និង​ណូ​វែ​ល​ហ្សេ​ឡង់​ផងដែរ​នោះបាន​ចុះហត្ថលេខា​លើ​អត្ថបទ​មួយ​ដែល​បាន​ថ្កោលទោស​ការ​ប្រ​ព្រឹ​ត្ដរបស់​ចិន​នៅ​តំបន់​ស៊ីន​ជាំ​ង​ដែលជា​កន្លែង​មនុស្ស​មួយ​លាន​នាក់​ភាគច្រើន​ជា​ជនជាតិ​អ៊ុយ​ហ្គ័​រ​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​ឃុំឃាំង​នៅក្នុង​ជំរំ​កែប្រែ។

កាលពី​ថ្ងៃ​សុក្រ ក្រុមចម្រុះ​រដ្ឋ​មាន​រួមទាំង​ប្រទេស​រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត នី​ហ្សេ​រី​យ៉ា អាល់​ហ្សេ​រី​និង​កូរ៉េខាងជើង​ផងដែរ​បាន​ឆ្លើយតប​ជំនួសមុខ​ឲ្យ​ទីក្រុង​ប៉េកាំង​។​

លិខិត​នេះ​ដែល​ក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ​ដោយ​ប្រទេស​មី​យ៉ាន់​ម៉ា ហ្វីលីពីន ហ្ស៊ី​ម​បា​វ៉េ​និង​ប្រទេស​ដទៃទៀត​បាន​និយាយថា “​យើង​សូម​សរសើរ​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ប្រទេស​ចិន​ក្នុង​វិស័យ​សិទ្ធិមនុស្ស​”​។​

លិខិត​នេះ​និយាយទៀតថា “​យើង​បាន​កត់សម្គាល់ថា អំពើ​ភេរវកម្ម ការ​បំបែក​ខ្លួន​និង​ភាពជ្រុលនិយម​ផ្នែក​សាសនា​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាង​ធំ​សម្បើម​ដល់​មនុស្ស​គ្រប់​ជនជាតិ​នៅក្នុង​តំបន់ ស៊ីន​ជាំ​ង​”​។​

ក្រុម​សិទ្ធិ​មនុស្ស​និង​អតីត​អ្នកទោស​បាន​ពិពណ៌នា​អំពី​ទីតាំង​ឃុំឃាំង​នៅ​តំបន់​ស៊ីន​ជាំ​ង​ថា​ជា​ជំរំ​ប្រមូលផ្តុំ​ដែលជា​កន្លែង​ភាគច្រើន​នៃ​ជនជាតិ​អ៊ុយ​ហ្គ័​រ​មូស្លីម​និង​ជនជាតិភាគតិច​ដទៃទៀត​កំពុង​ត្រូវបាន​គេ​បង្ខំ​ឲ្យ​រស់នៅ​លាយឡំ​ក្នុងសង្គម “​ហាន​” នៃ​ជនជាតិភាគតិច​របស់​ចិន​។​

ដោយ​គាំទ្រ​ការការពារ​របស់​ចិន​លើ​ជំរំ​នេះ លិខិត​កាលពី​ថ្ងៃ​សុក្រ​បាន​រៀបរាប់ថា ជំរំ​ទាំងនោះ​គឺជា​មណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លិខិត​បាន​និយាយថា “​ឥឡូវនេះ សុវត្ថិភាព​និង​សន្តិសុខ​បាន​វិលត្រឡប់​ទៅ​តំបន់​ស៊ីន​ជាំ​ង​វិញ​ហើយ​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114