ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋ Louisiana ប្រឈមមុខ​នឹង​ព្យុះ​ត្រូ​ពិ​ក Barry

ប្រជាពលរដ្ឋ​រាប់លាន​នាក់​ក្នុង​រដ្ឋ Louisiana កំពុង​ប្រឈមមុខ​នឹង​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ត្រូ​ពិ​ក Barry ដែល​កំពុង​គំរាមកំហែង​ដល់​រដ្ឋ​អាមេរិក​ភាគខាងត្បូង​មួយ​នេះ​ និង​ទីក្រុង​ធំ​បំផុត​របស់ខ្លួន​គឺ New Orleans ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​។​

​អាជ្ញាធរ​បាន​បង្កើន​ការជម្លៀស​ស្របពេល​ក្រុមហ៊ុន​អាកាសចរណ៍​បាន​លុបចោល​ជើងហោះហើរ​ហើយ​ទំនប់ទឹក​ត្រូវបាន​បិទ​ខណៈ​មជ្ឈមណ្ឌល​ព្យុះ​ជាតិ (NHC) បាន​ព្យាករណ៍​ថា ព្យុះ​នេះ​នឹង​ក្លាយខ្លួន​ទៅដល់​កម្រិត​ជា​ព្យុះកំបុតត្បូង​នៅ​ថ្ងៃ​សៅរ៍​និង​វាយប្រហារ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​កណ្តាល​រដ្ឋ​នេះ​។​

​ប្រព័ន្ធ​ព្យុះ​ដ៏​ធំ​មួយនា​ពេលបច្ចុប្បន្ន​នៅក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​កបាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ដែល​បង្ក​ជាការ​គំរាមកំហែង​មួយ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ព្យុះ Katrina ដ៏​សាហាវ​កាលពី​ឆ្នាំ​២០០៥​។​

​មនុស្ស​រាប់ពាន់នាក់​បាន​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​នៅ​តំបន់​វាលទំនាប​នានា​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ដូចជា Plaquemines Parish ជាដើម​នៅពេល​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការមកដល់​របស់​ព្យុះ Barry​។ កាលពី​យប់​ថ្ងៃ​សុក្រ ព្យុះ​នេះ​បាន​នាំមក​ជាមួយ​ខ្យល់​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មនុស្ស​រាប់សិប​នាក់​បាន​ជ្រកកោន​នៅក្នុង​សាលប្រជុំ Belle Chasse របស់​តំបន់ Plaquemines ខណៈ​អ្នក​ផ្សេងទៀត​បានធ្វើ​ដំណើ​រ​ទៅ​ឆ្ងាយ​ពី​សមុទ្រ​ដើម្បី​ស្នាក់នៅ​ជាមួយ​មិត្តភក្តិ​ឬ​សាច់ញាតិ​និង​ជៀសវាង​នូវ​អ្វីដែល NHC ហៅថា​ទឹកជំនន់​ដែល​គំរាមកំហែង​អាយុជីវិត​នៅ​តំបន់ឆ្នេរ​និង​តំបន់​មាត់ទន្លេ​។​

​លោក​អភិបាលរដ្ឋ John Bel Edwards បាន​និយាយថា ទីក្រុង New Orleans បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទប់ទល់​នឹង​ព្យុះ​នេះ​ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​សម្រាប់​ប្រជាជន​នៅ​ទីនោះ​និង​នៅ​ទូទាំង​រដ្ឋ​។​

​ខណៈដែល​ព្យុះ Barry បាន​គំរាម​ទម្លាក់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​នៅ​ទូទាំង​រដ្ឋ​ជាច្រើន​រួមទាំង​រដ្ឋ Louisiana, Mississippi, Alabama, Arkansas និង​រដ្ឋ Tennessee ផងដែរ​នោះ​, ស្ថានភាព​រដ្ឋ​នៃ​គ្រាអាសន្ន​ត្រូវបាន​គេ​ប្រកាស​ដើម្បី​ជួយ​បញ្ចេញ​ធនធាន​សហព័ន្ធ​ដើម្បី​ដោះស្រាយ​ព្យុះ​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114