ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង ​និង​ជប៉ុន​ រៀបចំ​កិច្ចចរចា ​ខណៈ​ជម្លោះ​ការទូត​កាន់តែ​អាក្រក់

មន្ត្រី​ជប៉ុន​ និង​កូរ៉េខាងត្បូង​ បានរៀបចំ​កិច្ចចរចា​រយៈពេល​ច្រើន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​ពិភាក្សាគ្នា​អំពី​ជម្លោះ​ការទូត​ដ៏​អាក្រក់​មួយ​ ដែល​បាន​ជំរុញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ស្នើសុំ​ចូលខ្លួន​សម្របសម្រួល​រវាង​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរ។

​ជំនួប​រវាង​តំណាង​មកពី​ក្រសួងពាណិជ្ជកម្ម​ជប៉ុន​និង​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​យូរ​ជាង​ការរំពឹងទុក​ប៉ុន្តែ​មិនមាន​សញ្ញា​នៃ​ភាព​ធូរស្រាល​នៅក្នុង​ជម្លោះ​នោះទេ​។​

​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន​បាន​បង្កើន​ភាព​តានតឹង​ដែលមាន​ជា​យូរ​មកហើយ​លើ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ទាំង​បង្ខំ​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២​ដោយ​ការប្រកាស​អំពី​ការ​រឹតបន្តឹង​លើ​ការនាំ​ចេញទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​និង​ក្រុមហ៊ុនទូរស័ព្ទ​កូរ៉េខាងត្បូង​។​

​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប៉ុន្តែ​ក៏​បង្កើន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​ផងដែរ​អំពី​ឥទ្ធិពល​ទៅលើ​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​សកល​និង​លទ្ធភាព​នៃ​ការឡើង​ថ្លៃទំនិញ​សម្រាប់​អ្នកប្រើប្រាស់​។​

​ទីក្រុង​តូ​ក្យូ​បាន​និយាយថា ការដាក់កំហិត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​ការបាត់បង់​ទំនុកចិត្ត​ក្នុង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល​ប៉ុន្តែ​ក៏បាន​ចោទប្រកាន់​ប្រទេស​កូរ៉េខាងត្បូង​ពី​ការនាំចេញ​សម្ភារៈ​រសើប​ពី​ប្រទេស​ជប៉ុន​ដោយ​មិន​ត្រឹមត្រូវ​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បាន​ប្រាប់​អ្នកកាសែត​ថា “​យើង​បានបញ្ជាក់​ពី​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​របស់​ជប៉ុន​លើ​ការនាំចេញ​។ យើង​បាន​ឆ្លើយ​សំណួរ​ទាំងអស់​របស់​ពួកគេ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​បាន​ពន្យល់ថា​នេះ​គឺ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។ វា​មិនមែនជា​ការរំលោភ​លើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ​ហើយ​វា​ក៏​មិនមែនជា​វិធានការ​ប្រឆាំង​តបត​ដែរ​”​។​

​ក៏ប៉ុន្តែ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ឯណោះ​វិញ ការិយាល័យ​របស់លោក​ប្រធានាធិបតី Moon Jae-in បាន​និយាយថា កូរ៉េខាងត្បូង​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ភាគី​ទី​បី​ចូលទៅក្នុង​ការអះអាងរ​បស់​ជប៉ុន​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114