ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pence ពិនិត្យមើល​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​ ដែល​មាន​ក្លិនស្អុយ​ និង​ផ្ទុក​មនុស្ស​ច្រើន​ហួស​នៅ​រដ្ឋ Texas

កាលពី​ថ្ងៃ​សុក្រ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ពិនិត្យមើល​មណ្ឌល​ដែល​មាន​ក្លិនស្អុយ​និង​ផ្ទុក​មនុស្ស​ច្រើន​ហួស​នៅ​រដ្ឋ Texas ដែល​ជា​កន្លែង​បុរស​ជិត​៤០០​នាក់ ​ត្រូវ​បាន​ឃុំខ្លួន​បន្ទាប់ពី​រង​ការ​ចោទប្រកាន់​ថា​បាន​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់។

យោង​តាម​អ្នកយកព័ត៌មាន​នៅ​ទី​នោះ ​បាន​និយាយ​ថា បុរស​នៅ​លីវ​ប្រមាណ​៣៨៤​នាក់​ ត្រូវ​បាន​គេ​ដាក់​ក្នុង​ទ្រុង​នៅ​មណ្ឌល​ដែល​គ្មាន​ខ្យល់អាកាស​ចេញចូល​ក្នុង​ទីក្រុង McAllen​។ បុរស​ទាំងនោះ​មិនមាន​កន្ទេល​ឬ​ខ្នើយ​ទេ​ហើយ​អ្នកខ្លះ​ដេក​នៅលើ​បេតុង។

យោងតាម​អ្នកយកព័ត៌មាន​បាន​ឲ្យ​ដឹងថា ទ្រុង​ទាំងនោះ​គឺមាន​មនុស្ស​ច្រើនណាស់​ហើយ​វា​មិនអាច​ទៅរួច​ទេ​ដែល​បុរស​ទាំងអស់​ដេក​រួមគ្នា​ក្នុងពេល​តែមួយ។

បុរស​មួយចំនួន​បាន​និយាយថា ពួកគេ​បាន​នៅ​ទីនោះ​អស់​រយៈពេល​៤០​ថ្ងៃ​មកហើយ​ឬ​យូរ​ជាង​នេះហើយ​ពួកគេ​ឃ្លាន​និង​ចង់​ដុសធ្មេញ​។ ភ្នាក់ងារ​មួយចំនួន​ដែល​យាម​ការពារ​ទ្រុង​គឺ​ត្រូវ​ពាក់​ម៉ាស់។

​បន្ទាប់ពី​ទៅ​មើល​កន្លែង​នេះ លោក Pence បាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា លោក​មិន​ភ្ញាក់ផ្អើល​ទេ​ចំពោះ​អ្វីដែល​លោក​បាន​មើលឃើញ​។​

​លោក Pence បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​ដឹងថា យើង​នឹង​ឃើញ​ប្រព័ន្ធ​មួយ​ដែល​គ្របដណ្តប់​។ នេះ​គឺជា​កិច្ចការ​ដ៏​លំបាក​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ភ្នាក់ងារ​ល្បាត​ឈ្មោះ Michael Banks បាន​និយាយថា បុរស​ទាំងនោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដុសធ្មេញ​របស់​ពួកគេ​ម្តង​ក្នុង​មួយថ្ងៃ​។ លោក​និយាយថា បច្ចុប្បន្ន​យើង​មាន​ច្រាស​ដុសធ្មេញ​ចំនួន​៨៨,០០០​ច្រាស​។​

​បុរស​ទាំងនោះ​ត្រូវបាន​គេ​ផ្តល់​អាហារ​ចំនួន​៣​ពេល​ក្នុង​មួយថ្ងៃ​ពី​ភោជនីយដ្ឋាន​ក្នុងស្រុក​ប៉ុន្តែ​មិនមាន​គ្រែ​សម្រាប់​ដេក​ទេ​ព្រោះ​មិនមាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​ពួកគេ​។​

​លោក Pence បាន​និយាយថា មណ្ឌល​នៅ​ទីក្រុង McAllen គឺជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​អំពី​មូល​ហេតុដែល​សហរដ្ឋអាមេរិក​ត្រូវតែ​ធានា​ព្រំដែន​របស់​ខ្លួន៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114