ព័ត៍មានទាន់​ហេតុការណ៏
Search

អង់គ្លេស​ បញ្ជូន​នាវាចម្បាំង​ទី​ពីរ​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ បន្ទាប់ពី​អ៊ីរ៉ង់​គំរាម​នាវា​ដឹក​ប្រេង

ប្រទេស​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​បញ្ជូន​នាវាចម្បាំង​ទី​ពីរ​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​និង​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​នៅក្នុង​តំបន់​សម្បូរ​ប្រេង​មួយ​នេះ​ខណៈ​ភាព​តានតឹង​កំពុង​កើនឡើង​បន្ទាប់ពី​ទូក​អ៊ីរ៉ង់​គំរាមកំហែង​នាវា​ដឹក​ប្រេង​ចក្រភព​អង់គ្លេស។

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅពេល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បង្កើន​សង្គ្រាមពាក្យសំដី​របស់គាត់​ជាមួយ​សាធារណរដ្ឋ​ឥស្លាម​ដែល​បាន​រំលោភបំពាន​ផ្នែក​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ដែល​ត្រូវបាន​បដិសេធ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​រួចទៅហើយ​។​

​មន្ត្រី​អង់គ្លេស​បាន​និយាយថា ការដាក់​ពង្រាយ​កង​នាវាចរណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ឆ្លាស់​វេន​ដែល​បានគ្រោង​ទុកជាមុន​និង​ដើម្បី​ធានា​ចំពោះ​ការបន្ត​វត្ត​មាននៃ​កង​នាវាចរណ៍​របស់​អង់គ្លេស​នៅក្នុង​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់បំផុត​មួយ​របស់​ពិភពលោក​។​

​ប៉ុន្តែ​ប្រភព​មួយ​បាន​និយាយថា ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​អនុវត្ត​ជាច្រើន​ថ្ងៃ​មកហើយ​និង​អាច​មើលឃើញ នាវាចម្បាំង​ទំនើប​បំផុត​របស់​ចក្រភព​អង់គ្លេស​ពីរ​គ្រឿង​ធ្វើ​នាវាចរណ៍​រួមគ្នា​ក្នុង​ដែនទឹក​ជិត​ប្រទេស​អ៊ីរ៉ង់​សម្រាប់​រយៈពេល​មួយ​ដែល​អាច​អូស​បន្លាយពេល​ច្រើន​សប្តាហ៍​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា នាវា HMS Duncan កំពុង​ដាក់ពង្រាយ​ទៅកាន់​តំបន់​នេះ​ដើម្បី​ធានាថា យើង​រក្សា​វត្តមាន​សន្តិ​សុខ​ដែនសមុទ្រ​ជា​បន្ត​ខណៈពេលដែល​នាវា HMS Montrose បានចេញ​ដំណើរ​សម្រាប់​ការងារ​ថែរក្សា​និង​ការផ្លាស់ប្តូរ​នាវិក​។​

​កាលពី​ថ្ងៃ​ពុធ នាវា HMS Montrose បាន​ព្រមាន​ទូក​នេសាទ​អ៊ីរ៉ង់​ចំនួន​៣​គ្រឿង​ដែល​មន្ត្រី​ចក្រភព​អង់គ្លេស​និយាយថា កំពុង​ព្យាយាម​រារាំង​ដំណើរ​របស់​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយគ្រឿង​តាមរយៈ​ច្រក Hormuz ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​អ៊ីរ៉ង់​បាន​បដិសេធថា ឧបទ្ទវ​ហេតុនេះ​មិនបាន​កើតឡើង​នោះទេ​។​

​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បានសម្រេច​នៅ​ដើម​សប្តាហ៍​នេះ​ក្នុងការ​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​សម្រាប់​នាវា​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ដែនទឹក​របស់​អ៊ីរ៉ង់​ដល់​កម្រិត​ទី​៣​ដែលជា​កម្រិត​បង្ហាញ​ពី​ការគំរាមកំហែង “​ធ្ងន់ធ្ងរ​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114