ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន ​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់

ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការលក់​សព្វាវុធ​ដ៏​មាន​សក្តានុពល​ក្នុង​ទំហំ​ទឹកប្រាក់​២.២​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ដែល​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​ទីក្រុង​ប៉េកាំង​មានការ​ខឹងសម្បា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អន​ឡាញ​មួយ​ថា “​ការលក់​សព្វាវុធ​រប​ស់​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​និង​ទំនាក់ទំនង​អន្តរជាតិ​”​។​

​លោក​និយាយថា “​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ប្រទេស​ចិន​នឹងដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​អាមេរិក​ណា​ដែល​ចូលរួម​ក្នុង​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​”​។​

​ការលក់​អាវុធ​តាម​ការគ្រោងទុក​ដែលជា​ការផ្ទេរ​លើកដំបូង​នៃ​ឧបករណ៍​យោធា​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​គឺ​បាន​កើតឡើង​ចំពេល​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​មាន​ភាព​តានតឹង​រួចទៅហើយ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​។​

​កាលពីដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ចិន​បាន​និយាយថា ក្រុង​ប៉េកាំង​បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​តាមរយៈ​បណ្តាញ​ការទូត​ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​និង​ការជំទាស់​យ៉ាង​មុតមាំ​ចំពោះ​ការលក់​អាវុធ​ដ៏​មាន​សក្តានុពល​ដែល​រួមមាន​ទាំង​រថក្រោះ​និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ផងដែរ​។​

​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​ក៏បាន​ទាមទារ​ឲ្យ​អាមេរិក​លុបចោល​ភ្លាមៗ​ផងដែរ​ចំពោះ​ការលក់​សព្វាវុធ​ដ៏​មាន​សក្តានុពល​ក្នុង​ទំហំ​ទឹកប្រាក់​២.២​ពាន់​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុង​ប៉េកាំង​គំរាម​ដាក់ទណ្ឌកម្ម​បន្ទាប់ពី​មានការ​លក់​អាវុធ​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​។​

​កាលពី​ឆ្នាំ​២០១០ សហរដ្ឋអាមេរិក​បាន​អនុម័ត​កញ្ចប់​មី​ស៊ី​ល Patriot, ឧទ្ធម្ភាគចក្រ Black Hawk និង​ឧបករណ៍​យោធា​ដទៃទៀត​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​៦.៤​ពាន់​លាន​ដុល្លារ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114