ព័ត៍មានទាន់​ហេតុការណ៏
Search

ណេ​ត​២៤​ម៉ោង ​បង្កប់​ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ដូនពេញ​ អាជ្ញាធរ​គ្មាន​វិធាការ​បង្ក្រាប និង​ទប់ស្កាត់​ឡើយ

ភ្នំពេញ​ ៖​ ទីតាំង​ណេ​ត ២៤​ម៉ោង​លើ​២៤​ម៉ោង​ជាច្រើន​កន្លែង នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​ ដោយ​រលូន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ មិន​តិច​ជាង​៥០​ទៅ​៦០​ទីតាំង​នោះ​ទេ ​ដែល​ហាង​Net​ទាំង​នោះ​សុទ្ធតែ​បង្កប់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ដូចជា​ការ​ភ្នាល់​បាល់ បៀរ និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ដែល​ឡាយ​ចេញពី​កាស៊ីណូ ផ្ទាល់ ខណៈ​ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ហាក់​បី​គ្មាន​វិធានការ​បង្ក្រាប​ទាល់តែសោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ ដោយសារ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ពោរពេញ​ដោយ ល្បែងស៊ីសង​តាម​អន​ឡាញ បង្ក​ជា​បទល្មើស​អំពើ​លួច ឆក់ ប្លន់ ​​​ជា​ដើម។

ជាក់ស្ដែង​ទីតាំង​ល្បែង​ចាក់​បាល់​យ៉ាង​ពេញ​បន្ទុក​ទាំងនោះ ​គ្រាន់តែ​ផ្លូវ​លេខ​៤៧​ស្ថិត​ខាងមុខ​សណ្ឋាគារ​កា​សារ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​មាន​ចំនួន​០៣​កន្លែង​ក្បែរ​គ្នា​ ដែល​លេង​យ៉ាង​គឃ្លើន​ មិន​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​បន្តិច​ណា​ឡើយ ​ព្រោះ​ពួកគេ​ទាំងនោះ​សំអាងថា​​ អាជ្ញាធរ​សង្កាត់​និង​ខណ្ឌ ពួកគេ​បាន​ចាត់ចែង​សូកប៉ាន់​អស់ហើយ​ ទើប​គេ​ហ៊ាន​បើក​យ៉ាង​ដូច្នេះ​នោះ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​នេះ​គ្រាន់តែ​នៅ​ម្តុំ​មុខកា​សារ​តែប៉ុណ្ណោះ​ ចុះ​នៅ​កន្លែង​ផ្សេងទៀត​តាម​បណ្តា​មូលដ្ឋាន​សង្កាត់​ទាំង​១១​សង្កាត់​ ដោយ​ក្នុង​មួយ​សង្កាត់​យ៉ាងហោចណាស់​ក៏​មាន​ទីតាំង​អ៊ិន​ធឺ​ណែ​ត​ ដែល​បើក​លេង​ចាក់​បាល់​ និង​ល្បែង​ផ្សេងទៀត ​រួមទាំង​ជា​ជម្រក​សម្រាប់​ជន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ និង​ប្រព្រឹត្ត​បទល្មើស​ផ្សេងទៀត​ដូចជា​លួច ឆក់ ប្លន់ ដែល​កើត​ចេញពី​ល្បែង​ទាំងនោះ​មិនតិច​កន្លែង​នោះ​ទេ​(​ពោលគឺ​មួយ​សង្កាត់​មិន​តិច​ជាង​១០​ទីតាំង​នោះទេ​)​។ ​មិន​ត្រឹម​តែមាន​ល្បែង​ណេ​ត​២៤​ម៉ោង​នោះទេ​ បើ​និយាយ​រឿង​ល្បែង​កន្ទុយ​លេខ​វិញ​គឺ​រីក​ដូច​ផ្សិត​ទៅ​ហើយ ​ព្រោះ​ទៅដល់​កន្លែង​ណា ​ក៏​ឃើញ​មានការ​កត់ ​និង​ចាក់​កន្ទុយលេខ​គ្រប់កន្លែង​តែម្តង​ មិនដែល​ឃើញ​អាជ្ញាធរ​បង្ក្រាប​នោះទេ។

ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា​ ចំពោះ​បញ្ហា​ទីតាំង​ហ្គេម​បាញ់​ដែល​ជា​សម្បុក​គ្រឿង​សុទ្ធសាធ​ជា​ជម្រក​លក់ ​និង​ជួញដូរ​​​ បើក​ច្រើន​​កន្លែង​ជាងគេ​នោះ ​គឺ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក​ប្លុក​បឹងកក់​ដែល​ថៅកែ​ហ្គេម​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ​រតនា ឈ្មោះ​ម៉េង រួមទាំង​ថៅកែ​ហ្គេម​ល្បីៗ​ជាច្រើន​នាក់​ទៀត​កំពុង​បើក​ព្រោងព្រាត​ដែល​អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ជាមួយ។

គួរ​រំលឹកថា​ ចំពោះ​បញ្ហា​ទាំងនេះ នៅពេល​មានការ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ​ប្រចាំ​ខែម្តងៗ​នោះ គេ​ឮ​ស្ទើរតែ​សង្កៀរ​ត្រចៀក​ទៅ​ហើយ​ថា ចុះ​បង្ក្រាប​ឲ្យ​អស់​នូវ​ល្បែង​ស៊ី​​​សង​គ្រប់​ប្រភេទ ជាពិសេស​ទីតាំង​ណេ​ត​២៤​ម៉ោង​នេះឯង​។ តែ​ផ្ទុយទៅវិញ​រហូតមកដល់​បច្ចុប្បន្ននេះ​ វា​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ (​បង្ក្រាប​តែ​លើ​បបូរមាត់​ប៉ុណ្ណោះ​)​។​

ចំពោះ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ មេត្តា​ជួយ​ចុះបង្ក្រាប​ទីតាំង​ទាំងនេះ​ផង ព្រោះថា បើ​មិន​បង្ក្រាប​ទេ គឺ​ពួកគាត់​រស់នៅ​ដោយមាន​ការភ័យខ្លាច ដោយសារតែ​ទីតាំង​នេះ ​ជា​កន្លែង​លេងល្បែង​ស៊ី​សង ហើយ​វា​អាច​កើតមាន​បទល្មើស​គ្រប់​ប្រភេទ៕

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114