ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ នឹង​ផ្តល់​សក្ខីកម្ម​ក្នុង​ការ​ស៊ើបអង្កេត​រឿងអាស្រូវ​អំពើពុករលួយ

អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Jacob Zuma នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ថ្ងៃ​ចន្ទ​ នៅ​ចំពោះមុខ​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ ដែល​កំពុង​ស៊ើបអង្កេត​ចូល​ទៅក្នុង​ការចោទប្រកាន់​អំពើពុករលួយ​បន្ទាប់ពី​សាក្សី​បានផ្តល់​ភស្តុតាង​ប្រឆាំងនឹង​រូបលោក​។​

​លោក Zuma ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​មើល​ការខុស​ត្រូវការ​លួច​មូលនិធិ​រដ្ឋ​ក្នុងអំឡុងពេល​៩​ឆ្នាំ​នៃ​ការ​កាន់តំណែង​របស់លោក​មុនពេល​លោក​ត្រូវបាន​បណ្តេញចេញ​នៅក្នុង​ឆ្នាំ​២០១៨​ដោយ​គណបក្ស ANC ហើយ​ជំនួស​វិញ​ដោយ​លោក Cyril Ramaphosa​។​

​លោក Zuma អាយុ​៧៧​ឆ្នាំ​បាន​បដិសេធ​រាល់​ការធ្វើ​ខុស​ហើយ​មេធាវី​របស់គាត់​បានចាត់ទុក​ការស៊ើបអង្កេត​នេះ​ថា​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​វាយឆ្មក់​និង​បំបាក់មុខ​គាត់​។​

​អតីត​ប្រធានាធិបតី​រូបនេះ​បាន​យល់ព្រម​ចូលរួម​ក្នុងការ​សាកសួរ​រហូត​ដល់​ទៅ​៥​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​បើទោះបីជា​គេ​មិនដឹង​ច្បាស់​ថា​តើ​គាត់​នឹង​សហការ​ជាមួយនឹង​ការត្រួតពិនិត្យ​ណាមួយ​ដែរ​ឬ​អត់​ក៏ដោយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សំណើ​របស់គាត់​សុំ​មើល​សំណួរ​ជាមុន​ត្រូវបាន​បដិសេធ​ដោយ​គណៈកម្មការ​ស៊ើបអង្កេត​ដែល​កំពុង​ស៊ើបអង្កេត​អំពី​រឿងអាស្រូវ​អំពើពុករលួយ​។​

​លោក Zuma បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា “​និយាយ​ដោយ​ត្រង់ គណៈកម្មការ​នេះ​បានស្នើ​សុំ​ឲ្យ​ខ្ញុំ​មក​ផ្តល់​សក្ខីកម្ម​និង​ផ្តល់ព័ត៌មាន​ណាមួយ​ដែល​ខ្ញុំ​អាចមាន​”​។​

​គណៈកម្មការ​ស៊ើបអង្កេត​បាន​និយាយ​កាលពី​ខែ​មុន​ថា លោក Zuma ត្រូវបាន​អញ្ជើញ​ឲ្យ​មក​បង្ហាញខ្លួន​ដើម្បី​ឲ្យ​គាត់​អាច​ផ្តល់នូវ​រឿងរ៉ាវ​របស់គាត់​បាន​។​

​ដោយ​ដឹកនាំ​ដោយ​ចៅក្រម Raymond Zondo, ការស៊ើបអង្កេត​នេះ​កំពុង​ស៊ើបអង្កេត​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល ក្រុមគ្រួសារ Gupta ដ៏​មានទ្រព្យ​សម្បត្តិ​និង​ក្រុមហ៊ុន​រដ្ឋ​មួយចំនួន​។​

​យោងតាម​សាក្សី​ម្នាក់​នៅ​គណៈកម្មការ​នេះ​បាន​ឲ្យ​ដឹងថា លោក Zuma បានទទួល​ប្រាក់​សំណូក​ចំនួន ២,២០០​ដុល្លារ​ជា​រៀងរាល់ខែ​ពី​ក្រុមហ៊ុន​សន្តិសុខ​មួយ​ដែល​កំពុង​ព្យាយាម​គេច​ពី​ការស៊ើបអង្កេត​របស់​ប៉ូលិស​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114