ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់​ ក្លាយ​ជា​ចោរឆក់​ទាំង​វ័យក្មេង​ព្រោះ​ឥទ្ធិពល​គ្រឿងញៀន

ភ្នំពេញ​ ៖ ​គួរឲ្យ​ព្រួយ​បារម្ភ​បំផុត​ចំពោះ​យុវវ័យ​មួយ​ចំនួន​តូច​ ដោយសារតែ​ដើរ​ផ្លូវ​ខុស​ប្រព្រឹត្ត​គ្រឿងញៀន​នេះ ​ហើយ​បាន​បណ្ដាល​ឲ្យ​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​ ដោយ​ឥត​​​ញញើត​ច្បាប់ទម្លាប់​ និង​ខ្លាច​សមត្ថកិច្ច​ឡើយ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ចោរឆក់​ម្នាក់​ ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ​ក្រោយ​ការ​បង្ក្រាប​ដេញ​ប្រផាប់​ចាប់​ប្រភីង​រួចមក​ ខណៈ​ដែល​រូបគេ ​និង​បក្សពួក ​​​កំពុង​សកម្មភាព​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​ជា​ជនជាតិ​ចិន​តាម​ដង​ផ្លូវ។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ចោរ​វ័យក្មេង​ ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​ឈ្មោះ រ៉ា វីរៈ​បុណ្យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ហើយ​ម្នាក់​ទៀត​គេ​ខ្លួន។ ក្រោយ​ការសាកសួរ​ចម្លើយ​ ទើប​ដឹង​ថា មូលហេតុ​ ដោយសារ​តែ​សេព​គ្រឿងញៀន​ ទើប​ពួកគេ​ក្លាយ​ជា​ចោរឆក់។ នេះ​ជា​កត្តា​គួរ​ឲ្យ​បារម្ភ​បំផុត ​ដែល​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ ដើម្បី​ឲ្យ​តែ​បាន​លុយ​យក​ទៅ​សេព​គ្រឿងញៀន។

ប្រភព​បន្ត​ថា រូបគេ ខាងលើ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំការមន ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០១និង០៩​នាទី រំលងអធ្រាត្រ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ និង​បក្សពួក​ម្នាក់ទៀត ឈ្មោះ ណី​ណី ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ​(​គេចខ្លួន​) ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក Fino ពណ៍​ខ្មៅ ស្លាក​លេខ ព្រៃវែង 1F-4760 បានធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​ពី​ជនរងគ្រោះ ជា​ជន​ជាតិចិន ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ។ ក្រោយ​ឆក់​ភ្លាមៗ​នោះ​ជនរងគ្រោះ​ បាន​ស្រែក​ឲ្យ​គេឯង​ជួយ ស្រប​ពេលដែល​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចំការមន កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ឃើញ បាន​ប្រដេញ​តាម​ពួកគេ​ទាំង​០២​នាក់ រហូតដល់​ផ្លូវ​៣៦០ កែង​ផ្លូវ​១៦៧ ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ហើយ​ចំណែក​ឈ្មោះ ណី​ណី បាន​រត់​គេចខ្លួនបាត់៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114