ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ប្រយុទ្ធ​គ្នា​ផ្ទុះឡើង​នៅ​ពេល​ប្រធានាធិបតី​តៃវ៉ាន់ ​ធ្វើ​ទស្សនកិច្ច​ទីក្រុង ញូវយ៉ក

ប៉ូលិស​នៅ​ទីក្រុង​ញូវយ៉ក​បាន​បំបែក​ការ​ប្រយុទ្ធ​គ្នា​រវាង​អ្នកគាំទ្រ​និង​អ្នកប្រឆាំង​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​ទំនងជា​នឹងធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បា។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់​បាន​ផ្សាយ​វីដេអូ​នៃ​ការប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​សណ្ឋាគារ Grand Hyatt ដែលជា​កន្លែង​លោកស្រី Tsai កំពុងស្នាក់នៅ​អំឡុងពេល​២​ថ្ងៃ​នៃ​ដំណើរ​របស់លោក​ស្រី​នៅ​អាមេរិក​។​

​អ្នកប្រឆាំង​លោកស្រី Tsai ដែលមាន​អ្នកខ្លះ​គ្រវីទង់ជាតិ​ចិន​បាន​ស្រែក​ពាក្យស្លោក​និង​ប្រយុទ្ធ​ជាមួយ​អ្នកគាំទ្រ​ខណៈ​បុរស​ម្នាក់​ត្រូវបាន​គេ​ឃើញ​ឃាត់ខ្លួន​និង​ដាក់​ខ្នោះ​ដោយ​ប៉ូលិស​។​

​លោកស្រី Tsai ត្រូវ​ចំណាយពេល​២​ថ្ងៃ​នៅ​ទីក្រុង​ញូវយ៉ក​មុន​ពេលធ្វើ​ទស្សនកិច្ច​ទៅកាន់​សម្ព័ន្ធមិត្ត​ការទូត​នៅក្នុង​តំបន់​កា​រ៉ា​ប៊ី​ន​។​

​ជាទូទៅ ប្រមុខរដ្ឋ​ដែល​ឆ្លងកាត់​តាម​ទឹកដី​អាមេរិក​នឹងមិន​បង្ក​ឲ្យ​មានការ​ចម្រូងចម្រាស​ទេ​ប៉ុន្តែ​កោះ​តៃវ៉ាន់​បានដឹង​ខ្លួនឯង​ថា​កំពុង​ជាប់​នៅក្នុង​ស្ថានភាព​ការទូត​មិន​ទៀត​ទាត់​និង​មិនធម្មតា​។​

​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​គ្រប់គ្រង​ដោយ​ខ្លួនឯង​អស់​រយៈពេល​៧​ទសវត្ស​មកហើយ​ប៉ុន្តែ​ប្រទេស​ភាគច្រើន​មិន​ទទួលស្គាល់​កោះ​នេះ​ទេ​ដោយ​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​ដែល​បាន​បង្វែរ​ការទទួលស្គាល់​ការទូត​ពី​ទីក្រុង​តៃប៉ិ​ទៅ​ទីក្រុង​ប៉េកាំង​នៅក្នុង​ឆ្នាំ​១៩៧៩​។​

​ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ជា​សម្ព័ន្ធមិត្ត​ក្រៅផ្លូវការ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់ខ្លួន​និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​បំផុត​។​

​ប្រទេស​ចិន​បានចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន​ហើយ​បាន​សន្យាថា​នឹង​រឹបអូស​យក​វា​នៅ​ថ្ងៃ​ណាមួយ​ព្រមទាំង​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​។​

​ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​កំពុង​ជាប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នោះ ទំនាក់ទំនង​រវាង​ទីក្រុង​តៃប៉ិ​និង​វ៉ាស៊ីនតោន​មាន​ភាពកក់ក្តៅ​គួរ​ឲ្យ​កត់សម្គាល់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114