ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​​​ម្នាក់​ មក​កុម្ម៉ង់​ទិញ​គ្រឿង​សង្ហារិម​ឆ្លៀត​​ឱកាស​ម្ចាស់​ កំពុង​រវល់ ​ឆក់​យក​ទូរស័ព្ទ​ម៉ាក​Iphone 7Plus​ រត់​គេច​បាត់

បន្ទាយមានជ័យ​ ៖​ យុវជន​​​ម្នាក់​មក​កុម្ម៉ង់​ទិញ​គ្រឿង​សង្ហារិម​ ឆ្លៀត​ឱកាស​ម្ចាស់​កំពុង​រវល់​ ឆក់​យក​ទូរស័ព្ទ​ម៉ាក​Iphone 7Plus​រត់គេច​បាត់​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​​​ ចុះ​ឃាត់ខ្លួន​បាន​នៅ វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​លក់​តុ​-​ទូ​ ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​​​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​មក​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ​តាម​ការ​អះអាង​របស់​ឈ្មោះ ហួយ សុខ​ជួយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ជាង​ធ្វើ​តុ​ទូ​ មាន​ទៅ​លំនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ មាន​យុវជន​ម្នាក់​ បាន​មក​កុម្ម៉ង់​ទិញ​គ្រឿង​សង្ហារិម តុ ទូ​ នៅផ្ទះ​របស់​ខ្លួន ពេល​ដែល​ខ្លួន​កំពុងតែ​រវល់​ធ្វើ​ការងារ ស្រាប់តែ​ជន​ម្នាក់​នោះ បាន​ឆក់​យក​ទូរស័ព្ទ​ម៉ាក Iphone 7Plus ដែល​ខ្លួន​សាក​ទុក ហើយ​រត់​គេច​ខ្លួន​បាត់​ខ្លួន។ ក្រោយ​មក ​ខ្លួន​បាន​ដាក់​ពាក្យ​ប្ដឹង ​ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​ហើយ​កម្លាំង​ជំនាញ​ចុះ​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​ដែល​មាន​ឈ្មោះ​ឈ្មោះ​ទេព ឡាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ​ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ​និង​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ​ម៉ាក​Iphone 7Plus។ ក្នុងនោះ ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​បន្លំ​ចូល​លួច​យក​ទូរស័ព្ទ​នៅផ្ទះ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន។

ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឃើញ​ថា​ មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ជនសង្ស័យ​ខាងលើ​ អាច​ត្រូវ​ចោទ​ពី​បទ​លួច ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់៕

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114