ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​២៥​នាក់​រងរបួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​ប្រទេស ហ្វីលីពីន

ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន​២៥​នាក់​បាន​រងរបួស​ហើយ​ផ្ទះ ព្រះវិហារ​និង​អគារ​ផ្សេងៗ​ទៀត​ជាច្រើន​បាន​រង​ការខូចខាត​កាលពី​ថ្ងៃ​សៅរ៍​នៅពេល​ការរញ្ជួយ​ដី​មួយ​បាន​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​មុនពេល​ថ្ងៃ​រះ​។​

​ការរញ្ជួយ​ដី​កម្រិត​៥.៨​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ឆ្នេរ​កោះ Mindanao នៅ​ម៉ោង​៤:៤២​នាទី​ព្រឹក​ក្នុង​ជម្រៅ ១១.៨​គីឡូម៉ែត្រ​ហើយ​ការិយាល័យ​រញ្ជួយ​ដី​វិទ្យា​ហ្វីលីពីន​បាន​កត់ត្រា​ការរញ្ជួយ​តិចជាង​នេះ​ចំនួន​៧​ដង​។​

​មេ​ប៉ូលិស​ក្រុង​លោក Wilson Uanite បាន​និយាយថា មន្ត្រី​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ទីប្រជុំជន Madrid ដែល​ស្ថិតនៅ​ជិត​ចំណុចកណ្តាល​បាន​ចូល​ក្រោម​តុ​នៅពេល​ទ្វារ​កញ្ចក់​បាន​បែក​ហើយ​របស់របរ​ផ្សេងទៀត​ធ្លាក់​រប៉ាត់រប៉ាយ​។ លោក Uanite បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា “​យើង​បានឃើញ​មនុស្ស​រត់​ចេញពីផ្ទះ​រប​ស់​ពួកគេ​ហើយ​ផ្ទះ​មួយចំនួន​បាន​រង​ការខូចខាត​តិចតួច​”​។​

​លោក​បាន​បន្ថែមថា អ្នកជំងឺ​ក៏ត្រូវ​បាន​គេ​ជម្លៀសចេញ​ផងដែរ​នៅឯ​មន្ទីរពេទ្យបង្អែក Madrid ដោយសារ​តែមាន​ស្នាម​ប្រេះ​នៅលើ​ជញ្ជាំង​។​

​លោក Uanite បាន​និយាយទៀតថា​ដំបូល​នៃ​ចំណតរថយន្ត​ចាស់​មួយ​ក្នុង​ទីប្រជុំជន Madrid បាន​បាក់ ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានការ​ខូចខាត​បន្តិច​បន្តួច​ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​និង​រថយន្ត​ធម្មតា​៣​គ្រឿង​។​

​ប្រទេស​ហ្វីលីពីន​គឺជា​ផ្នែក​មួយ​នៃ​ខ្សែក្រវ៉ាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​ឬ​គេ​ហៅថា “Ring of Fire” ដែល​សកម្មភាព​នៃ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​តែងតែ​កើតឡើង​ហើយ​លាតសន្ធឹង​ទៅដល់​ប្រទេស​ជប៉ុន​តាម​តំបន់​អាស៊ីអាគ្នេយ៍​។​

​ការរញ្ជួយ​ដី​ថ្មី​បំផុត​របស់​ប្រទេស​នេះ​គឺ​បាន​កើតឡើង​កាលពី​ខែមេសា​នៅពេលដែល​មនុស្ស​យ៉ាងតិច​១១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​រញ្ជួយ​ដី​កម្រិត​៦.៣​រ៉ិ​ច​ទ័​រដែ​ល​បាន​វាយប្រហារ​តំបន់​មួយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល​ដោយ​បណ្តាល​ឲ្យ​ផ្សារ​ទំនើប​មួយ​បាក់​រលំ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114