ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាំ​យក​ទេយ្យទាន ទៀន​ព្រះវស្សា គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​មក​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​បួន

ភ្នំពេញ ​៖​ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកស្រី ម៉ក់ ស៊ីថា រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កាលពី រសៀល​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​នាំ​យក​ទេយ្យទាន ទៀន​ព្រះវស្សា គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​មក​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​បួន។

វត្ត​ចំនួន ៤ ​ដែល​​​ទទួលបាន ទេយ្យទាន​ទៀន​ព្រះវស្សា គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ ​មាន​វត្ត​ឥន្ទ​សាល (​វត្ត​ក្បាលកោះ​) វត្ត​សំ​រិ​ទ្ធិ​ជ័យ (​វត្ត​កោះ​តូច​) វត្ត​សំ​រិ​ទ្ធិ​ជោគ (​វត្ត​ព្រះអង្គ​ខ្មៅ​) និង​វត្ត​ឥន្ទ​កោ​សី (​វត្ត​កោះជ្រូក​) ដែលជា​កន្លែង​ប្រារព្ធ​ពិធី ស្ថិត​ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

លោក​បាន​សង្ខេប​ជូន​ពុទ្ធបរិស័ទ​ពី​ប្រវត្តិ​បុណ្យ​ចូល​ព្រះវស្សា​ថា​ គឺជា​បុណ្យ​មួយ​ដែលមាន​សារ:សំខាន់​ក្នុង​ព្រះពុទ្ធសាសនា ជា​ពេល​វា​លា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ ក្នុង​រយ​:​ពេល ០៣​ខែ ក្នុង​រដូវភ្លៀង​ធ្លាក់​ ហើយ​បុណ្យ​នេះ​ចាប់ផ្តើម​ពីថ្ងៃ ០១​រោច ខែអាសាឍ ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ។ ឆ្លៀត​យក​ឱកាស​នេះ លោក រដ្ឋមន្ត្រី​ បានធ្វើការ​សំណេះសំណាល​ជាមួយ​ចៅអធិការ​វត្ត ព្រះសង្ឃ តាជី យាយជី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដោយ​បាន​សួរនាំ​ពី​ការងារ​បង្កបង្កើនផល បញ្ហា​ជីវភាព​ប្រចាំថ្ងៃ បញ្ហា​សុខភាព​ការ សិក្សា​​រៀន​សូត្រ​របស់​បុត្រ​ធីតា​ ក្រោម​ដំបូល​សន្តិសុខ​ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​មូលដ្ឋាន បាន​ល្អ​ប្រសើរ។ ក្រៅ​ពី​នេះ​ លោក​ក៏បាន​ជម្រាប​ជូន​ផង​ដែរ ​ពី​ការវិវឌ្ឍន៍​​រីកចម្រើន​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ដោយ​ផ្តោតជាសំខាន់​ពី​ការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែបយ៉ាង​ ដែល​ជា​ចលករ​ ជួយ​ទ្រទ្រង់ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

សមិទ្ធផល​ដ៏​មានតម្លៃ​ទាំង​អស់​នេះ គឺ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់​បែបយ៉ាង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដោយ​តម្កល់​អត្ថប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា ​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ហេតុដូច្នេះ លោក​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មេត្តា​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ចូលរួម​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​របស់​ជាតិ​យើង​ឲ្យ​បាន​គង់វង្ស​ត​រៀង​ទៅ៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114