ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ណូ​វែ​ល​ហ្សេ​ឡង់​ បោះបង់​អាវុធ​ បន្ទាប់ពី​ការ​សម្លាប់​នៅ​វិហារ​ឥស្លាម

ពលរដ្ឋ​ណូ​វែ​ល​ហ្សេ​ឡង់​ជាច្រើន​នាក់ ​បាន​ប្រគល់​កាំភ្លើង​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​ខណៈដែល​គម្រោង​ទិញ​យក​កាំភ្លើង​មកវិញ​ បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ជាមួយ​គោលបំណង​បោសសម្អាត​អាវុធ​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ បន្ទាប់ពី​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​ទីក្រុង Christchurch។

ការ​ប្រមូល​មួយ​ក្នុងចំណោម​ការប្រមូល​ជាង​២៥០​កន្លែង​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​គឺ​ស្ថិតនៅក្នុង​ទីក្រុង Christchurch ដែលជា​កន្លែង​អ្នក​គោរពបូជា​ឥស្លាម​ចំនួន​៥១​នាក់​ត្រូវបាន​បាញ់សម្លាប់​ខណៈពេល​កំពុង​អធិដ្ឋាន​កាលពី​ជិត​បួន​ខែ​មុន។

ដោយមាន​ការគាំទ្រ​ពី​គណបក្សប្រឆាំង រដ្ឋាភិបាល​បាន​ប្រញាប់ប្រញាល​ធ្វើ​សកម្មភាព​ដើម្បី​រឹតបន្តឹង​ច្បាប់​កាំភ្លើង​របស់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់។

​រដ្ឋមន្ត្រីក្រសួង​ប៉ូលិស​លោក Stuart Nash បាន​និយាយថា គោលបំណង​គឺ​ដើម្បី​ដកយក​អាវុធ​ដែលមាន​គ្រោះថ្នាក់​បំផុត​ចេញពី​ការធ្វើ​ចរាចរណ៍​។​

​ដោយមាន​ការត្រួតពិនិត្យ​ពី​សំណាក់​ប៉ូលិស​សម្រាប់​ការប្រគល់​នេះ​, ម្ចាស់​អាវុធ​ចំនួន​១៦៩​នាក់​បានប្រគល់​កាំភ្លើង​ចំនួន​២២៤​ដើម​និង​គ្រឿងបន្លាស់​ចំនួន​២១៧​។ បន្ទាប់មក​អាវុធ​ត្រូវបាន​កំទេច​ក្នុង​ម៉ាស៊ីន​។​

​ទឹកប្រាក់​ជាង​៤៣៣,៦០០​ដុល្លារ​ណូ​វែ​ល​ហ្សេ​ឡង់ (២៩០,៣០០​ដុល្លារ​អាមេរិក​) ត្រូវបាន​ទូទាត់​ជា​សំណង​។​

​មេបញ្ជាការ​ប៉ូលិស​ប្រចាំ​តំបន់​លោក Mike Johnson បាន​និយាយថា ម្ចាស់​កាំភ្លើង​ចំនួន​៩០៣​នាក់​នៅក្នុង​តំបន់ Canterbury បាន​ចុះបញ្ជី​ប្រគល់​អាវុធ​ចំនួន​១,៤១៥​ដើម​។​

​លោក Johnson បាន​និយាយថា “​ប៉ូលិស​បានទទួល​ស្គាល់​ថា នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​សហគមន៍​កាំភ្លើង​ដែល​ប្រកាន់​ច្បាប់​ហើយ​យើង​បានទទួល​នូវ​មតិយោបល់​វិជ្ជមាន​ពី​ប្រជាជន​ថា ពួកគេ​យល់ឃើញថា ដំណើរការ​នេះ​គឺ​ល្អ​សម្រាប់​ពួកគេ​”​។​

​គួរ​បញ្ជាក់ថា ម្ចាស់​កាំភ្លើង​ដែលមាន​អាជ្ញាប័ណ្ណ​គឺមាន​រយៈពេល​៦​ខែ​ដើម្បី​ប្រគល់​អាវុធ​ជាមួយ​ការលើកលែងទោស​មួយ​ដែល​ធានាថា ពួកគេ​នឹងមិន​ប្រឈម​នឹង​ការកាត់ទោស​ទេ​។​

​បន្ទាប់ពី​ការលើកលែងទោស​ផុតកំណត់ ការកាន់កាប់​អាវុធ​ដែល​ហាមឃាត់​នឹងត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​៥​ឆ្នាំ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114