ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន និង ព្រះខ័ន​រាជ​ស្វាយរៀង សុទ្ធតែ​ទទួលភ្ញៀវ​រៀងខ្លួន ថ្ងៃអាទិត្យ​នេះ

នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ មានការ​ប្រកួត ៤​គូ​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា ដែលមាន​ដូចជា អង្គ​រថា​យ​ហ្គឺ​រ ទទួល ខេត្តកំពង់ចាម បឹងកេត ទទួល អគ្គិសនី​កម្ពុជា ភ្នំពេញ​ក្រោ​ន ទទួល​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​គូ​ចុងក្រោយ សូល​ទី​ឡូ​អង្គរ ជា​ភ្ញៀវ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង។

​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ ខេត្តកំពង់ចាម
ជំនួប​រវាង​ក្រុម​ទាំងពីរ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប វេលា​ម៉ោង ៣​និង​៣០​នាទី​សៀ​ល ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។ បច្ចុប្បន្ន អង្គ​រថា​យ​ហ្គឹ​រ កំពុង​ស្ថិតនៅ​លេខ​រៀង​ទី​៣ មាន ៣០​ពិន្ទុ ត្រូវការ​ឈ្នះ​ជា​ចាំបាច់ ដើម្បី​ប្រជែង​ឡើងទៅ​កាន់​កំពូល​តារាង​ដែល​ពួកគេ​កំពុង​តាម​ពីក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង ៦​ពិន្ទុ​។ ខណៈ​ដែល​ក្រុម​ថ្មោងថ្មី​កំពង់ចាម វិញ​ស្ថិតនៅ​បាត​តារាង ដោយមាន ៣​ពិន្ទុ និង​បរាជ័យ ១៤​ប្រកួត​ជាប់​គ្នា បច្ចុប្បន្ន របូត ១៣៤​គ្រាប់​ក្នុង​លី​គ។

ជំនួប​កាលពី​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ គឺ ខេត្តកំពង់ចាម រង​បរាជ័យ ១១-០ ទល់នឹង​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​សប្តាហ៍​ទី ២ ។

​បឹងកេត ប៉ះ អគ្គិសនី​កម្ពុជា
ជំនួប​រវាង​ក្រុម​ទាំងពីរ នឹង​ចាប់ផ្តើម​ម៉ោង ៣​និង​៣០​នាទី​រសៀល ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV ខណៈ​ដែល​បឹង​កេត​ត្រូវការ​ឈ្នះ​ដើម្បី​សងសឹក​ទៅ​នឹង​បរាជ័យ​កាលពី​ជើង​ទី​១ និង​មួយវិញទៀត គឺជា​ជ័យជម្នះ​ក្នុងការ​ប្រើប្រាស់​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉ែ សម្រាប់​ការប្រកួត​លី​គ​ផងដែរ​។ គិត​ត្រឹម​សប្តាហ៍​ទី ១៥​នេះ បឹងកេត ស្ថិតនៅ​លេខ​រៀង​ទី ៥ មាន ២៧​ពិន្ទុ កំពុង​ប្រដេញ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​នៅ​ជុំវិញខ្លួន​។ អគ្គិសនី​កម្ពុជា វិញ ស្ថិតនៅ​លេខ​រៀង​ទី ១២ ប្រកួត ១៤​លើក ឈ្នះ ៤ ស្មើ​១ និង​ចាញ់ ៩ មាន ១៣​ពិន្ទុ ស្មើ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ជំនួប​កាលពី​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ គឺ​អគ្គិសនី​កម្ពុជា មាន​គ្នា​ត្រឹម ១០​នាក់ យកឈ្នះ​លើ​បឹងកេត ១-០ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា។

​ភ្នំពេញ​ក្រោ​ន ប៉ះ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី
ភ្នំពេញ​ក្រោ​ន ជាមួយនឹង​ការ​ផ្លាស់ប្តូរ​កីឡាករ​ក្នុង​ជើង​ទី​២​នេះ ជឿជាក់​ថា នឹង​មាន​ប្រៀប​ទៅលើ​យុវជន​បាទី ដោយ​រួមមាន Shane Booysen, Dzarma Bata បូករួម​កីឡាករ​ដែលមាន​ស្រាប់ Paulo Victor និង​យុវជន​កំពុង​ឡើង​ជើង​របស់​ពួកគេ​ជាច្រើន​ទៀត​។ បច្ចុប្បន្ន ភ្នំពេញ​ក្រោ​ន កំពុងតែ​ឡើងមក​ប្រជែង​ជាមួយ​ក្រុម​តំបន់​កំពូល​តារាង​វិញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក ស៊ុម វណ្ណា ដោយ​ឈរ​នៅ​លេខ​រៀង​ទី ៦ មាន ២៥​ពិន្ទុ​។ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី វិញ ពុំ​ទទួលបាន​លទ្ធផល​ល្អ​ឡើយ ពោលគឺ​ប្រកួត ១៤​លើក​កន្លងមក ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ និង​ចាញ់ ១៣​ប្រកួត មាន​៣​ពិន្ទុ​ស្មើនឹង​កំពង់ចាម ប៉ុន្តែ​របូត​គ្រាប់​បាល់​ត្រឹម ៤០​គ្រាប់​ប៉ុណ្ណោះ​។

ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Smart RSN វេលា​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់​លើ​គណនី Youtube របស់​គណកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​។ ជំនួប​កាលពី​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ គឺ ភ្នំពេញ​ក្រោ​ន យកឈ្នះ ២-០​។

ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ សូល​ទី​ឡូ​អង្គរ
ព្រះខ័ន​រាជ​ស្វាយរៀង គិត​ត្រឹម​ពេលនេះ មិនទាន់​ស្គាល់​បរាជ័យ​នោះទេ ដោយ​យកឈ្នះ ១១​ប្រកួត និង​ស្មើ ៣​ប្រកួត មាន ៣៦​ពិន្ទុ ដាច់​ពី​ណាហ្គា​វើ​ល ដែល​ឈរ​លេខ​រៀង​ទី​២ ដល់​ទៅ ៥​ពិន្ទុ​។ រី​ចំណែក​ឯ សូល​ទី​ឡូ​អង្គរ​វិញ ឈរ​នៅ​លេខ​រៀង​ទី ៨ ប្រកួត​ឈ្នះ ៦ ស្មើ​៣ និង​ចាញ់​៥​ប្រកួត មាន ២១​ពិន្ទុ​។ ការប្រកួត​របស់​ពួកគេ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង វេលា​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ BTV។

ជំនួប​រវាង​ក្រុម​ទាំងពីរ កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ ១-០ នៅ​ទឹកដី​ខេត្តសៀមរាប​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114