ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ គីរីវង់ ចាញ់​វិសាខា ខណៈ​អាស៊ី​អឺរ៉ុប ស្មើ​ប៉ូលីស ស្របពេល​ណាហ្គា ឈ្នះ​ទ័ព ទាំង​តាន់តឹង​

ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) សប្ដាហ៍​ទី​១៥ នា​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ បានបញ្ចប់​ទៅ​ដោយ​គីរីវង់​សុខ​សែន​ជ័យ ចាញ់ វិសាខា ស្រប​ពេលដែល អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ស្មើ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ( ប៉ូលីស ) ខណៈ​ក្រសួងការពារជាតិ ចាញ់ ណាហ្គា​វើ​លដ៍ ជាមួយនឹង​លទ្ធផល​ដ៏​តាន់តឹង​។​

*​គីរីវង់​សុខ​សែន​ជ័យ ១​ទល់​៤ វិសាខា​
ការប្រកួត​រវាង​ក្រុម​ដែល​បានបញ្ចប់​ទៅដោយ​ម្ចាស់ផ្ទះ គីរីវង់​សុខ​សែន​ជ័យ​ត្រឹម ចាញ់​ក្រុម​អ្នកមាន​វិសាខា ១​ទល់​៤ ដោយ​នៅក្នុង​វគ្គ​ទី​១ គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​កើតឡើង​ពី​ខាង​ក្រុម​ភ្ញៀវ​ទាំងអស់ ធ្វើបាន​សម្រេច​ដោយ​កីឡាករ​នី​ហ្សេ​រី​យ៉ា ទើបតែ​ផ្ទេរ​មកពី​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត Ajayi Opeyemi Korede ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​១៣ និង​នៅ​នាទី​២៤ និង​កីឡាករ​បរទេស​ម្នាក់ទៀត​សញ្ជាតិ​កូរ៉េខាងជើង Park Song Chul បន្ថែម​គ្រាប់​ទី​៣ នៅ​នាទី​៣៥ មុននឹង​គ្រាប់​ចុងក្រោយ​រកបាន​ដោយ​កីឡាករ​ខ្មែរ ទៀង ទី​នី នៅ​នាទី​៣៩ និង​បាន​រក្សា​លទ្ធផល ០​ទល់​៤ នេះ​ដល់​ចប់​វគ្គ​ទី​១​។

ចូលដល់​វគ្គ​ទី​២ ការប្រកួត​នូវតែមាន​ភាព​តាន់តឹង​សម្រាប់​ក្រុម​ទាំងពីរ តែ​យ៉ាង​មិញ​មាន​ត្រឹមតែ​ឱកាស​ទាត់​ទៅវិញ​ចំណែក​គ្រាប់​បាល់​ជាក់លាក់​មិនមាន​កើតឡើង និង​អូសបន្លាយ​រហូតដល់​នាទី​៨០ ទើប​ម្ចាស់ផ្ទះ​សង​វិញ​បាន​មួយ​គ្រាប់​ដោយ​កីឡាករ​ប្រេ​ស៊ី​ល Marcio Da Silva Snatos ដើម្បី​លួង​ចិត្ត​អ្នកគាំទ្រ រហូតដល់​ដល់​លទ្ធផល​បញ្ចប់ វិសាខា ទទួលបាន ៣​ពិន្ទុ​បន្ថែម​ដ៏​មាន​សារៈសំខាន់​។​

*​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១​ទល់​១ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
សម្រាប់​ការប្រកួត​នេះ​ដែល​ត្រូវបាន​ចាត់ទុកថា​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា លទ្ធផល​បានបញ្ចប់​ទោ​ដោយ​ស្មើគ្នា​ដូចគ្នា​តែ​យ៉ាងណាមិញ ក្រុម​តំណាង​ស្ថាប័ន​ប៉ូលីស ( អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ ) បាន​បើក​ការនាំ​មុខមុន​តាំងពី​វគ្គ​ទី​១ ដែល​រក​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ចំណូល​ថ្មី Souza Silva Matheus នៅ​នាទី​ទី​១០​។

​តែ​យ៉ាងណាមិញ​ក្រុម​ម្ចាស់ផ្ទះ​ហាក់​មិន​រាថយ និង​ព្យាយាម​បានសម្រេច​ភ្លាមៗ​ក្រោយ​ចាប់ផ្ដើម​វគ្គ​ទី​២ បានត្រឹមតែ​៥​នាទី កីឡាករ Coulibali Abdel Kader បា​នរក​គ្រាប់​តាម​ស្មើ​។ ពេលវេលា​ដែល​នៅ​សេសសល់​មាន​ត្រឹមតែ​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក តែ​គ្រាប់​បាល់​បន្ថែមទៀត​មិន​មាន​កើតឡើង​ឡើយ និង​បាន​រក្សា​លទ្ធផល ១​ទល់​១ នេះ​ដល់​ចប់​ការប្រកួត និង​ចែកគ្នា​ម្នាក់ ១​ពិន្ទុ​។​

*​ក្រសួងការពារជាតិ ០​ទល់​១ ណាហ្គា​វើ​លដ៍
​ជាការ​ប្រកួត​ដែល​ពិសេស​ជាងគេ​សម្រាប់​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ( ស្តា​ត​ចាស់ ) បានបញ្ចប់​ទៅដោយ​ម្ចាស់ផ្ទះ​ការពារជាតិ រង​បរាជ័យ​ទាំង​មិន​អស់ចិត្ត ០​ទល់​១​

គូប្រកួត​នេះ នៅ​វគ្គ​ទី​១ គ្រាប់​បាល់​មិន​មាន​ឡើយ​សម្រាប់​ក្រុម​ទាំង​២ ដោយមាន​ត្រឹម​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ ចូល​ដល់​វគ្គ​ទី​២ គ្រាប់​បាល់​ក៏​កើតមានឡើង​ដោយ​អូសបន្លាយ​ដល់​នាទី​៨២ ទើប​កីឡាករ​របស់​ណាហ្គា​វើ​លដ៍ អាច​ទាត់​បញ្ចូល​ទី​បាន​ដោយ​កីឡាករ​កូនកាត់​ខ្មែរ​បារាំង គួច ដា​នី និង​នាទី​ដែល​សេសសល់​គ្រាប់​បាល់​មិនមាន​ទៀតឡើយ និង​រក្សា​លទ្ធផល ០​ទល់​១ នេះ​ដល់​ចប់​ការប្រកួត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114