ព័ត៍មានទាន់​ហេតុការណ៏
Search

វិទ្យាល័យ ឬ​ស្សី​កែវ បន្ត​កំណត់ត្រា​ឈ្នះ ៥​ប្រកួត​ជាប់​គ្នា​នៅ​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​

ក្រោយ​ការប្រកួត​បញ្ចប់​សប្តាហ៍​ទី ៥ នៅ​ក្នុង​ពានរង្វាន់ ជើងឯក​វិទ្យាល័យ ឆ្នាំ​២០១៩ នា​រសៀល​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ម្សិលមិញ​នេះ វិទ្យាល័យ ឬ​ស្សី​កែវ នៅតែ​អាច​រក​បាន​ជ័យជម្នះ​បន្ត​ទៀត​លើ​វិទ្យាល័យ ជា ស៊ីម សាមគ្គី ២-០ នាំ​ឲ្យ​ពួកគេ​បន្ត​ឈរ​កំពូល​តារាង​ជា​ថ្មី​ទៀត​។

ក្នុងការ​ប្រកួត​ដែល​ទើបនឹង​ចាប់​ផ្តើម​បាន ២​នាទី កីឡាករ​ពាក់អាវ​លេខ ១១​របស់​វិទ្យាល័យ ឫស្សី​កែវ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ១-០ និង​គ្រាប់​ទី​២ កើតឡើង​នៅក្នុង​វគ្គ​ទី​២​នៃ​ការប្រកួត​ដែល​ធានា​ជ័យជម្នះ​ដល់​វិទ្យាល័យ ឫស្សី​កែវ លើ​វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅ​ទីលាន​បឹងត្របែក​។

ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ ការប្រកួត​មួយគូ​ទៀត នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ វិទ្យាល័យ​ឥន្ទ្រ​ទេវី បាន​វាយបក​យកឈ្នះ​លើ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដោយ​លទ្ធផល ៤ ទល់នឹង ៣ បើទោះបីជា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ ចំនួន ២​គ្រាប់​ក៏ដោយ​។ ជ័យជម្នះ​នេះ ក៏​នាំ​ឲ្យ​វិទ្យាល័យ ឥន្ទ្រ​ទេវី បន្ថែម​កំណត់ត្រា​មិន​បរាជ័យ​ក្នុង ៤​ប្រកួត​ផងដែរ ដោយ​ឈ្នះ ៣​និង ស្មើ​១។

​ចំពោះ​លទ្ធផល​នៃ​ការប្រកួត ២​គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា កន្លងទៅ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី រង​បរាជ័យ ១-០ ទល់នឹង​វិទ្យាល័យ ច្បារអំពៅ ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ សៀន សុភ​ត្រា ក្នុង​វគ្គ​ទី​២​។ ចំណែក សាលារៀន​វេ​ស្ទ​ឡា​ញន៍ បាន​យកឈ្នះ​លើ​វិទ្យាល័យ បឹងត្របែក ដោយ​លទ្ធផល ២-១ នាំឱ្យ​ពួកគេ​រកបាន​ជ័យជម្នះ​លើក​ទី​២ ក្នុងការ​ប្រកួត ៤​ប្រកួត​កន្លងមក។

​ដូចនេះ​ក្រោយ​ចប់​សប្តាហ៍​ទី​៥ នាំ​ឲ្យ​វិទ្យាល័យឫស្សី​កែវ ទទួល​បាន ១៥​ពិន្ទុ​ពេញ តាម​ពីក្រោយ​ដោយ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទទួល​បាន ១០​ពិន្ទុ តែ​នៅសល់​១​ប្រកួត គ្រា​ដែល​វិទ្យាល័យ ហ៊ុន សែន ចាក់​អង្រែ មិនទាន់​ទទួលបាន​ជ័យជម្នះ ឬ​ពិន្ទុ​រាប់​នៅឡើយ​ទេ ក្រោយ​ប្រកួត ៤​លើក ចាញ់​ទាំងអស់៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114