ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​បន្ទាន់​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ពិសេស​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក​នៅតាម​បណ្តា​ស្រុក

សៀមរាប ​៖ ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចាត់​ឲ្យ​កម្លាំង​ចុះ​ប្រតិបត្តិការ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដូចជា​ស្រុក​ជីក្រែង​ និង ​ស្រុក​សូទ្រនិគម ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការណ៍​បន្ទាន់​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ពិសេស​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក​ដល់​បងប្អូន​អាជីវករ​លក់​ចំណី​សត្វ ឱសថ ម្ចាស់​សត្តឃាត ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អាជីវករ​ពិឃាតសត្វ ដឹកជញ្ជូន​សត្វ​ចំនួន​២៦​នាក់ និង​ចែក​លិខិត​ប័ណ្ណ​ចំនួន​៣៦០​សន្លឹក​។

លោក ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៣​ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា​ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​ចំនួន​៤​រូប បាន​បើក​ប្រជុំ​នៅ​ស្រុក​ជីក្រែង​និង​សូទ្រនិគម​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការណ៍​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ពិសេស​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក​ដែល​ចូលរួម​ពី​អាជីវករ​លក់​ចំណី​សត្វ ឱសថ ម្ចាស់​សត្តឃាត ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អាជីវករ​ពិឃាត​សត្វ ដឹកជញ្ជូន​សត្វ​ចំនួន​២៦​នាក់ និង​ចែក​លិខិត​ប័ណ្ណ​ចំនួន​៣៦០​សន្លឹក បាន​ចុះ​ត្រួតពិនិត្យ​ចរន្ត​សត្វ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​សូទ្រនិគម និង​បាន​ចុះ​ចែក​លិខិត​ប័ណ្ណ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ចំនួន​៣៦០​នាក់ បានធ្វើ​វិធានការណ៍​ជីវ​សុវត្ថិភាព​តាម​មធ្យោបាយ​ដឹកជញ្ជូន​សត្វ និង​សត្តឃាតដ្ឋាន ស្រុក​សូទ្រនិគម​។ លោក​បន្ត​ថា មន្ត្រី​ជំនាញ​មិនបាន​នៅ​ស្ងៀម​ទេ គឺ​បាន​តាមដាន ស្រាវជ្រាវ​យ៉ាង​ហ្មង​ចត់ និង​ជាប្រចាំ​ទៅលើ​សុខភាព​សត្វ​ជ្រូក​នៅ​ទូទាំង​ខេត្ត និង​បាន​ណែនាំ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូល​ផ្តុំ​ជ្រូក និង​ទីផ្សារ​ជ្រូក​ឲ្យ​ធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​សាច់ជ្រូក ជាពិសេស​ភ្ញៀវ​ទេសចរ​ ដែល​បានមក​ស្នាក់នៅ​កំសាន្ត​សប្បាយ​នៅក្នុង​ខេត្ត។

លោក ព្រំ វិច បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តសៀមរាប បាន​នឹង​កំពុងតែ​បង្កើន​ការត្រួតពិនិត្យ​លើ​សុខភាព​សត្វ​ជ្រូក​ដែល​ត្រូវ​យកមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ដូចជា​ការពិនិត្យ​សត្វ​ជ្រូក​ដឹក​តាម​រថយន្ត តាម​ម៉ូតូ តាម​កសិដ្ឋាន និង​កន្លែង​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដោយមាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាមុន​ផង​ដែរ ពិសេស​បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​នៅ​គ្រប់​មូលដ្ឋាន​ធ្វើការ​ត្រួតពិនិត្យ និង​តាម​ជាប់​ជានិច្ច​អំពី​បញ្ហា​សុខភាព​សត្វ​ជ្រូក​ជាពិសេស​គឺ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។

លោក ព្រំ វិច បាន​អះអាង​ទៀតថា រាល់​សត្វ​ជ្រូក​ទាំងអស់ ដែល​ដាក់លក់​នៅលើ​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប គឺ​ត្រូវតែមាន​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ដែលមាន​បោះត្រា​នៅលើ​សាច់ជ្រូក​តែម្តង ហើយ​ក្រៅពីនេះ​មន្ត្រី​ជំនាញ ក៏បាន​ហៅ​អ្នកដើរ​លក់​សាច់ជ្រូក​ច​ល័ត មក​អប់រំ​ណែនាំ​ឲ្យ​យកតែ​សាច់ជ្រូក​ដែលមាន​សុវត្ថិភាព​ទៅ​លក់ ដោយ​មិន​អនុញ្ញាត​ឲ្យ​វាយ​ជ្រូក​ខ្លួនឯង យក​សាច់​ទៅ​លក់​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នោះទេ​។

​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សត្វ​ជ្រូក​ដែល​យកមក​ផ្គត់ផ្គង់​នៅក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​ជា​២០០​ទៅ​២៥០​ក្បាល​ក្នុង​១​ថ្ងៃ ហើយ​សត្វ​ជ្រូក​ទាំងនោះ​គឺជា​ជ្រូក​ក្នុងស្រុក និង​មានការ​នាំចូល​ពី​ប្រទេស​ថៃ​តិចតួច និង​គ្មាន​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះទេ ហើយ​បច្ចុប្បន្ននេះ សម្រាប់​សាច់ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាតដ្ឋាន​យកទៅដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេ​រោ​ឆ្លង​ទេ ប្រជាពលរដ្ឋ​អាច​បរិភោគ​បាន​ដោយមាន​សុវត្ថិភាព​។​ ពីព្រោះ​នូវ​រាល់​សត្វ​ជ្រូក​ទាំងអស់​ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន មុន និង​ពិឃាត​យក​សាច់​ជ្រូក​ទាំង​អស់​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114