ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង​ផ្ដល់​ការ​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​

ភ្នំពេញ ​៖​ ក្រោយពី​មានការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​លើ​ខេត្ត​ចំនួន​៥ ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មេត្តា​រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង​ផ្ដល់​ការ​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​ នៃ​ក្រសួង​ក្នុង​ការ​ចុះ​បំពេញភារកិច្ច​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

យោង​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួងកសិកម្ម ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា ដែល​អង្គភាព​កាសែត​កម្ពុ​ជា​ថ្មី​ ទើប​នឹង​ទទួល​បាន​ថ្ងៃ​ទី​១៥ ខែ​​កក្កដា​នេះ​ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​កន្លង​មក​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស ​ស្ដីពី​ការកំណត់​តំបន់​ផ្ទុះ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មួយ​ចំនួន​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត។

ការ​ចិញ្ចឹម ទិញ លក់ និង ​ដឹកជញ្ជូន​សត្វ​ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ពី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន។

ក្រសួង​បន្តថា ក្រោយពី​បាន​អនុវត្ត​នូវ​ប្រកាស​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន មានការ​ព្រួយបារម្ភ​អំពី​វិធានការ​ទប់ស្កាត់​ចរាចរ ទិញ លក់​សត្វ​ជ្រូក​នៅក្នុង​តំបន់​នោះ ដែល​ធ្វើ​ឲ្យ​ជ្រូក​របស់​គាត់​មិនអាច​ធ្វើ​ការទិញ លក់​បាន និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ក្រសួង​សូម​ចូលរួម​សោកស្ដាយ​ចំពោះ​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ ពី​ផល​ប៉ះពាល់​ នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​

ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​ ក្រសួង នឹង​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​បសុព្យាបាល​រួម​ទាំង​ឧបករណ៍​សម្រាប់​វិភាគ ជាបន្ទាន់​ចុះ​ពិនិត្យ​ដល់​ទី​កន្លែង និង​យក​សំណាក​ឈាម​សត្វ​ជ្រូក​ធ្វើការ​វិភាគ​នៅ​នឹង​កន្លែង​តំបន់​ផ្ទុក​ជំងឺ​តែ​ម្តង ដើម្បី​រក​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

ក្នុងករណី លទ្ធផល​ នៃ​ការវិភាគ​សំណាក​ឈាម មិនមាន​វត្តមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​ធ្វើការ​លក់ស​ត្វ​ជ្រូក​ចេញពី​តំបន់​នោះ ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ប្រជាជន​យើង​អាច​ទទួល​បាន​ប្រាក់ចំណូល ក្នុងការ​ទូទាត់​ចំណាយ​ដែល​បាន​ខិតខំ​ចិញ្ចឹម​កន្លងមក។​

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មេត្តា​រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង ​ផ្តល់​ការសហការ​ឲ្យ​បានល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​ នៃ​ក្រសួង ក្នុង​ការ​ចុះ​បំពេញភារកិច្ច​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។​

សូមបញ្ជាក់ថា ៖​ គិត​ចាប់ពី​មាន​ករណី ផ្ទុះ​ជំងឺ​ជ្រូក​អាហ្វ្រិក កើត​នៅលើ​ខេត្ត​ចំនួន​៥ ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់ សរុប​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​២៨៧៧​ក្បាល​។ ​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ​វេ​ង សាខុន បានបញ្ជាក់ កាលពី​យប់​ថ្ងៃទី​១៤​កក្កដា ថា គិត​ត្រឹម​ថ្ងៃទី​១៤​កក្កដា សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​មាន​ចំនួន​ជិត​៣​ពាន់​ក្បាល មាន​នៅ​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កណ្តាល និង​ខេត្ត​រតនគីរី។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៤​ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់​សរុប​ដូចខាង​ក្រោម​ ៖ ១.ខេត្ត​ត្បូងឃ្មុំ ជ្រូក​ស្លាប់​សរុប​ចំនួន​ចំនួន​៩៤​ក្បាល​។ ២.ខេត្ត​ស្វាយរៀង ជ្រូក​ស្លាប់​សរុប​ចំនួន​៩០​ក្បាល​។ ៣.ខេត្ត​តាកែវ ជ្រូក​ស្លាប់​សរុប​ចំនួន​៤៣​ក្បាល​។ ៤.​ខេត្ត​កណ្តាល ជ្រូក​ស្លាប់​៦៧១​ក្បាល។ ៥. ខេត្ត​រតនគីរី ជ្រូក​ស្លាប់​សរុប​១៩៧៩​ក្បាល (​បច្ចុប្បន្ន​ស្ងប់ស្ងាត់​ជំងឺ​ហើយ​)។ សរុប​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​២៨៧៧​ក្បាល​។​

លោក​វេ​ង សាខុន បាន​បន្តថា ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវបាន​បំផ្លាញ​ចោល​មាន​ចំនួន​៧៩៨​ក្បាល សម្រាប់​ទាំង​០៤​ខេត្ត គឺ​ខេត្ត​រតនគីរី ចំនួន​៦០០​ក្បាល , ខេត្ត​ត្បូងឃ្មុំ ចំនួន​៦៤​ក្បាល , ខេត្ត​ស្វាយ​រៀង ចំនួន​២៣​ក្បាល និង​ខេត្ត​តាកែវ ចំនួន​១១១​ក្បាល​។ ហើយ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​ជ្រូក​ស្លាប់​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ចំនួន​០២​ក្បាល, ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ គ្មាន​ស្លាប់ , ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង គ្មាន​ស្លាប់ នឹង​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ចំនួន​ស្លាប់​៨៦​ក្បាល​៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114