ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម បង្ហាញ​តួលេខ​ពី​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​ប៉េស្ត​ ជ្រូក​អាហ្វ្រិក ជិត​៣​ពាន់​ក្បាល នៅ​ក្នុង​ខេត្ត​៥

ភ្នំពេញ​ ៖​ គិត​ចាប់ពី​មាន​ករណី ផ្ទុះ​ជំងឺ​ប៉េស្ត​ ជ្រូក​អាហ្វ្រិក កើត​នៅ​លើ​ខេត្ត​ចំនួន​៥​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់ សរុប​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​២៨៧៧​ក្បាល​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម។​

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​ នេសាទ លោក​វេ​ង សាខុន បាន​បញ្ជាក់ កាលពី​យប់​ថ្ងៃទី​១៤​កក្កដា ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤​កក្កដា សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​មាន​ចំនួន​ជិត​៣​ពាន់​ក្បាល មាន​នៅ​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កណ្តាល និង​ខេត្ត​រតនគីរី។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​សត្វ​ស្លាប់​សរុប​ដូច​ខាង​ក្រោម ​៖ ១.ខេត្ត​ត្បូងឃ្មុំ ជ្រូក​ស្លាប់​សរុប​ចំនួន​ចំនួន​៩៤​ក្បាល​។ ២.​ខេត្ត​ស្វាយរៀង ជ្រូក​ស្លាប់​សរុប​ចំនួន៩០​ក្បាល​។ ៣.​ខេត្ត​តាកែវ ជ្រូក​ស្លាប់​សរុប​ចំនួន​៤៣​ក្បាល​។ ៤.ខេត្ត​កណ្ដាល ជ្រូក​ស្លាប់​៦៧១​ក្បាល។ ៥.ខេត្ត​រតនគីរី ជ្រូក​ស្លាប់​សរុប​១៩៧៩​ក្បាល (​បច្ចុប្បន្ន​ស្ងប់ស្ងាត់​ជំងឺ​ហើយ​)។ សរុប​សត្វ​ជ្រូក​ស្លាប់​ដោយ​ជំងឺ​២៨៧៧​ក្បាល​។​

លោក​វេ​ង សាខុន បាន​បន្តថា ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​មាន​ចំនួន​៧៩៨​ក្បាល សម្រាប់​ទាំង​០៤​ខេត្ត គឺ​ខេត្ត​រតនគីរី ចំនួន​៦០០​ក្បាល, ខេត្ត​ត្បូងឃ្មុំ ចំនួន​៦៤​ក្បាល, ខេត្ត​ស្វាយរៀង ចំនួន​២៣​ក្បាល និង​ខេត្ត​តាកែវ ចំនួន​១១១​ក្បាល​។ ហើយ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ ចំនួន​ជ្រូក​ស្លាប់​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ចំនួន​០២​ក្បាល, ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ គ្មាន​ស្លាប់ , ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង គ្មាន​ស្លាប់ និង​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ចំនួន​ស្លាប់​៨៦​ក្បាល​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៣​កក្កដា ក្រសួងកសិកម្ម បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការ​កំណត់​តំបន់​ផ្ទុះ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មួយ​ចំនួន ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​។

ការ​ចិញ្ចឹម ទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ពី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​។​

ជា​មួយ​គ្នា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​ នេសាទ សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​មេត្តា​រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និង​ផ្ដល់​ការ​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់​មន្ត្រី​ជំនាញ​បសុព្យាបាល​ នៃ​ក្រសួង ក្នុង​ការ​ចុះ​បំពេញភារកិច្ច​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114