ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី​ ឈ្នះ​ភេត មរកត ​ដោយ​ពិន្ទុ ខណៈ​គួ​ន​ ប៊ុន​ហ៊ីម​ អត់​បាន​លុយ​តម្លៃ​ខ្លួន​

​អ្នក​ប្រដាល់​កម្ពុជា ឯម ឡេង​លី ក្លិប​ថ្មគោល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ភេត មរកត (Phat Morokout)​ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​លើស​ង្វៀន​Boostrong Gold Medal Fighter on Fire កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០១៩។

ភេត មរកត អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​ឯម ឡេង​លី វាយ​ឡើង​ទក់​សាច់​ពេញ​ទាំង​៥​ទឹកតែ​ម្តង ប៉ុន្តែ​ទីបំផុត​ឡេង​លី បាន​ត្រឹម​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ប្រាំ​ទឹក​ពេញ​នោះ។​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង​២​រូបនេះ គ្រាន់តែ​ចេញមក​ភ្លាម នរណា​ក៏​និយាយ​ដែរ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ​មិន​សក្ដិសម ជា​គូប្រកួត​សម្រាប់​ឡេង លី​ឡើយ។ ឡេង​លី​ ចាប់ផ្ដើម​វាយ​សម្រុក​តាំងពី​ដំបូង​ទី​មក​ម្ល៉េះ ហើយ​ការ​វាយ​ចេញ​របស់គេ​ភាគច្រើន​ចំ​គោលដៅ​បានល្អ​តែ​យូរៗ​ម្ដង​កណ្ដាប់ដៃ និង​កែង​របស់​ភេត មរកត ក៏​ធ្វើ​ឲ្យ​ឡេង ​លី​ ចង់​គាំង​ដែរ។​

​នៅ​ទឹក​ទី​៣​ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​អាជ្ញាកណ្ដាល រាប់​៨ ​បន្ទាប់ពី​ឡេង​លី ​ប្រើ​កណ្ដាប់ដៃ​វាយ​ចំពោះ​ខ្លាំងៗ​នោះ។ មកដល់​ទឹក​ទី​៤ ភេត មរកត ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដងទៀត បន្ទាប់ពី​ត្រូវជា​ច្រើន​ជង្គង់​របស់​ឡេង​លី។​ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​អ្នក​ប្រដាល់​ទាំង​២​រូបនេះ តស៊ូ​ជាមួយគ្នា​រហូត​ចប់​ទឹក​ទី​៥ ហើយ​ឯម ឡេង​លី ​បានទទួល​ជ័យជម្នះ​លើ​គូប្រកួត​របស់ខ្លួន​ដោយ​ពិន្ទុ​ប៉ុណ្ណោះ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដែល​ប្រកួត​ជាមួយ​បឺត​ សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​នោះ ត្រូវ​អាជ្ញាកណ្ដាល​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២ បន្ទាប់ពី​ប៊ុន ​ហ៊ីម ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ជា​លើក​ទី​២ ហើយ​គេ​ប្រាប់​អាជ្ញា​កណ្ដាល​ថា គេ​មាន​បញ្ហា​ជើង​មិន​អាច​បន្ត​ការប្រកួត​បាន​ទៀត​នោះ។​

​លោក​ឧត្ដមសេនីយ៍​រាជ សុ​ផែន ដែលជា​ស្នងការ​ប្រកួត​បានប្រកាស​ភ្លាមៗ​ថា ប៊ុន​ហ៊ីម វាយ​មិន​អស់​ពី​សមត្ថភាព ហេតុនេះ​ការប្រកួត​នេះ មិនត្រូវ​បានប្រកាស​លទ្ធផល​ឡើយ។ ជាមួយគ្នានេះ ​ប៊ុន​ហ៊ីម​ត្រូវ​ទទួល​ការដាក់ពិន័យ ហើយ​ការប្រកួត​នេះ គេ​ក៏​ពុំបាន​ទទួល​លុយ​តម្លៃ​ខ្លួន​ដែរ។​ ចំពោះ​បឺត សង្ឃឹម គេ​បានទទួល​លុយ​តម្លៃ​ខ្លួន​ជាធម្មតា។​

•​​ពុទ្ធ ឆាយ​រិទ្ធី ផ្តួល ហ្វា ស៊ូ​រ៉ា​ក់ ទឹក​៥ ខណៈ​ពុ​យ វ​ណ្ណះ ចាញ់ កែវ កង​វ៉ាន​ ដោយ​ពិន្ទុ លើស​ង្វៀន​ឆេ​ម​ពាន​

​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ហ្វា​ស៊ូ​រ៉ា​ក់ (Fa Sourak) ក្នុង​ការជួប​ប្រកួត​គ្នា នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​កម្មវិធី​ប្រដាល់​”​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​” កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩។ ពួកគេ​ទាំងពីរ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។

​ហ្វា​ស៊ូ​រ៉ា​ក់ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ផងដែរ​នោះ ត្រូវ​ពុទ្ធ ឆាយ​រិទ្ធី ទាត់​ឲ្យ​ខូច​ជើង​ខាងឆ្វេង​ឈរ​ប្រកួត​លែងកើត ក្នុង​ទឹក​ទី​៥។ យ៉ាងណា ទម្រាំ​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន ពុទ្ធ ឆាយ​រិទ្ធី ក៏​រាង​ឈឺខ្លួន​មិន​ស្ទើរ​ដែល​ទេ។

​គួរ​បញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ កាលពី​ថ្ងៃទី​០៩​ ខែ​មិថុនា ឆ្នាំ​២០១៩​កន្លងមក ដោយ​វាយ​ឈ្នះ​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ជើង​ខ្លាំង ​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទឹក​ទី​៣​ប៉ុណ្ណោះ។

​ចំពោះ ពុ​យ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់​វិញ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ កែវ កង​វ៉ាន (Kev Kongvan) ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។​

​អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់​រូបនេះ គេ​វាយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូល​វាយ​មុន​តែម្ដង ប៉ុន្តែ​លើក​នេះ​វាយ​មិន​ចូល​ចុះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​កែវ កង​វ៉ាន នោះឡើយ ដែល​ធ្វើ​អោយឲ្យ​គេ​ចាញ់​ពិន្ទុ​ថៃ។

​ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ ថា សារុន អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់ ៦០ គីឡូ​ក្រាម។

​រី ឯ ឡូង បេន​លឿន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ផ្តួល កែវ សំរិទ្ធ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ដោយសារ​ស្នៀត​ជង្គង់។

•​​រិ​ន សារ​ដ្ឋ សងសឹក លំ ឡេង មិនបាន​សម្រេច ខណៈ​សេក គឹម​រួន ​ឈ្នះ ឃុន សឹក​ឡេ​ក ក្នុង​ទឹក​ទី​២

​រិ​ន សារ​ដ្ឋ អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា ក្លិប​កងទ័ពជើងគោក ដែល​ត្រូវគេ​ផ្តល​ឱកាស​ឲ្យ​ឡើង​ប្រកួត​សងសឹក​អ្នក​ប្រដាល់​ថៃ​ជើងចាស់ លំ ឡេង (Loom Leng) កាលពី​រសៀល​ថ្ងៃទី​១៤​ ខែ​កក្កដា ​ឆ្នាំ​២០១៩ នៅលើ​សង្វៀន Wurkz-SEATV នោះ គឺ​ពុំបាន​សម្រេច​នោះឡើយ ដោយ​វាយ​ចាញ់ លំ ឡេង ​ដោយ​ពិន្ទុ​ទៀត។ ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កន្លងមក​(១៩​កុម្ភៈ​២០១៩) ដែល​ក្នុងការ​ជួបគ្នា​ពេលនោះ រិ​ន សារ​ដ្ឋ វាយ​ចាញ់​លំ ឡេង ដោយ​ពិន្ទុ។​

​ចំពោះ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ឃុន សឹក​ឡេ​ក (Khun Soeklek) ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។

ក្នុងការ​ប្រកួត​ទឹក​ទី​២​នោះ ឃុន សឹក​ឡេ​ក ត្រូវ​សេក គឹម​រួន ទាត់​ចូល ក មួយ​ជើង ហើយ​ថែម​មួយ​ដៃ​ចូល​ចំ​ចុង​ឆ្អឹងជំនី​ទៀត បណ្តាល​ឲ្យ​ឃុន សឹក​ឡេ​ក ដួល​ដេក​លើ​រេញ​លែង​ក្រោក​តែម្តង​។

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរា​គម​ន៍​លេខ​២ បាន​វាយ​ឈ្នះ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ពិន្ទុ។ ហើយ​អ្នក​ប្រដាល់ ផុន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ឈុន ប្រាក់​កាក់ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង​ដោយ​ពិន្ទុ​ដែរ​៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114