ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឃួង​ ស្រេង​ ៖ ​បើ​សិន​បងប្អូន​កម្មករ​មាន​កង្វល់ និង​មាន​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ បងប្អូន​អាច​ទៅ​ទំនាក់ទំនង​នៅ​ទីស្នាក់ការ​គណបក្ស​សង្កាត់ ​ឬ​ខណ្ឌ​ដើម្បី​អោយ​មន្ត្រី​របស់​យើង​ចុះ​ជួយ​ផ្ទាល់

ភ្នំពេញ​ ៖ ​លោក​ឃួ​ង ​ស្រេង សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា បើសិនជា​បងប្អូន​មាន​កង្វល់​អ្វីមួយ​ក៏ដូចជា មានការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ បងប្អូន​អាច​ទៅ​ទំនាក់ទំនង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​សង្កាត់​ ឬ​នៅ​តាម​ខណ្ឌ នោះ​មន្ត្រី​របស់​យើង​នឹង ចុះ​ជួយ​បងប្អូន​តែម្ដង ដូច​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា មិន​ទុក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​អត់បាយ​នោះទេ។

លោក​ឃួ​ង​ ស្រេង​ បាន​លើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤​ខែ​កក្កដា ឆ្នាំ​២០១៩​នៅក្នុង​វិមាន​សុភមង្គល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ខណៈ​ដែល​លោក​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្មការិនី ចំនួន​ជាង​១០០០​នាក់។

ក្នុង​ឱកាស​នោះ ​លោក ឃួ​ង ស្រេង ក៏បាន​មាន​ប្រសាសន៍ រំលឹក​ពី​របប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ​របស់​ប៉ុលពត និង​បាន​លើក​ឡើង​ពី​គុណបំណាច់​របស់​សម្ដេច​អគ្គមហាសេនាបតី​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​នេះ​ និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ការអភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ ដើម្បី​ឱ្យ​បងប្អូន កម្មករ កម្មការិនី បាន​យល់ដឹង​។​

លោក​ថា សម្តេច​តេ​ជោ បានផ្តល់​កាដូ​ជូន​បងប្អូន​កម្មករ​និ​យោ​ជិ​ត​ជាច្រើន​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្នុង​នោះ​មានដូចជា ការផ្តល់​នូវ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ចំនួន ១៨២​ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយខែ ការពិនិត្យ សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​ជាដើម​។ ប៉ុន្តែ​ទោះយ៉ាងណា​លោក​បញ្ជាក់ថា ប័ណ្ណ ប​.​ស​.​ស ប្រើ​បានតែ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទេ បើ​ពេទ្យ​ឯកជន​បងប្អូន​ត្រូវ​ចំណាយលុយ​ហើយ​។​

ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវ​ចុះទៅ​ដល់​កន្លែង ស្នាក់នៅ​របស់​កម្មករ កម្មការិនី ដើម្បី​ពិនិត្យមើល​ពី​តម្រូវការ​ជាក់ស្តែង​ដូចជា ទឹក ភ្លើង និង​សំរាម​ជាដើម។

ជាមួយគ្នា​នោះ​ដែរ លោក​ឃួ​ង ​ស្រេង ក៏បាន​អំពាវនាវ​ឲ្យ បងប្អូន​កម្មករ​កម្ម​ការិនី​ទាំងអស់​ចូលរួម ការពារ​សុខ​សន្តិភាព​ទាំង​អស់គ្នា បើ​មាន​សន្តិភាព ​ទើប​យើង​មានឱកាស​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​បាន។

លោក ពេជ្រ កែវ​មុនី ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​មានជ័យ​ បាន​ឲ្យ​ដឹង​ថា នៅ​ខណ្ឌ​មានជ័យ​ មាន​រោងចក្រ​ចំនួន​៣០​រោងចក្រ។

គួរ​បញ្ជាក់​ថា ក្រោយពី​បញ្ចប់​ពិធី​សំណេះសំណាល​នោះ លោក​ឃួ​ង ​ស្រេង​ ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ដល់​កម្មករ​កម្មការិនី​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១២២៥​នាក់ ​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន ​ប្រាក់​ចំនួន​២​ម៉ឺន​រៀល៕

ដោយ ៖ ​ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114