ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋសភា ​រៀបចំ​សិក្ខាសាលា ស្វែងយល់​ពី “​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០”

ភ្នំពេញ ​៖ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ នៃ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី​១៥​កក្កដា​នេះ នៅ​វិមាន​រដ្ឋសភា បានរៀបចំ​សិក្ខាសាលា​សភា ដើម្បី​ស្វែងយល់​ពី “​ការ​កសាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងការ​រៀបចំសេចក្តី​ព្រាង​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០” ។​

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា តំណាង​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

សិក្ខាសាលា​ ក៏មាន​វាគ្មិន​ជំនាញ​មក​ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​សេដ្ឋកិច្ចកម្ពុជា ពិសេស​ប្រភព​ទុន​កម្ពុជា នៅក្នុង​ឆ្នាំ​២០២០ ដែល​នឹង​តាក់តែង​សេចក្ដីព្រាងច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២០ ឲ្យ​បាន​តាម​ការកំណត់​របស់​ច្បាប់​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​កោតសរសើរ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នូវ​គោ​លន​យោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០១៨ ប្រកបដោយ​ភាពត្រឹមត្រូវ និង​សមស្រប ធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន និង​បាន​ជំរុញ​ដល់​ការ​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស ដើម្បី​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច សម្រេចបាន​លើសពី​ការរំពឹងទុក រហូតដល់ ៧,៥%។

ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើក​ទឹក ចិត្ត​ដល់​រាជរដ្ឋាភិ​បាលឲ្យបន្ត​លើកកម្ពស់​កិច្ចខិតខំ​ប្រឹង ប្រែង​បន្ថែមទៀត ដើម្បី​រក្សា និង​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ រឹងមាំ និង​មាន​និរន្ត​ភាព និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។

សម្តេច​បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល បន្ត​អភិវឌ្ឍ និង​ការគ្រប់គ្រង​ធន ធាន​មនុស្ស ក្នុង​វិស័យ​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹង​បរិការណ៍​ នៃ​ចរន្ត​វិវត្តន៍​សេដ្ឋកិច្ច​តំបន់ និង​សកលលោក​។ បន្ត​អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​កាត​បង្កើន​ផលិតភាព ពិពិធ​កម្ម ការកែច្នៃ​កសិផល និង​ពាណិជ្ជ​រូបនីយកម្ម​។​ជាមួយគ្នានេះ សម្ដេច​បាន​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​គោល នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​២០១៥-២០២៥ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព សំដៅ​បង្កើន​សង្វាក់​ផលិតកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ក្នុងនោះ​ការបន្ត​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គោលដៅ​លើក កម្ពស់​សមត្ថភាព​ប្រកួត ប្រជែង​របស់​កម្ពុជា ចូលក្នុង​ទីផ្សារ​អន្តរជាតិ និង​ត្រៀម​ចំពោះ​ហានិភ័យ​នានា ដែល​អាច​កើតមាន​ជាយថាហេតុ​។ លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការធ្វើការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឲ្យ​​កាន់តែ​ប្រសើរ សំដៅ​លើកកម្ពស់​គុណ​ភាព និង​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ស្រទាប់ វណ្ណៈ​។ សម្តេច​បន្តថា ដើម្បី​រួមចំណែក និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរ​ការកសាង និង​អនុវត្ត​គោល នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ឲ្យ​សម្រេច​បាន​ជោគជ័យ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ស្នើ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ បន្ត​លើកកម្ពស់​តួនាទី និង​ភារកិច្ច​របស់ខ្លួន ផងដែរ ត្រូវ​បន្ត​ការសិក្សា ស្រាវជ្រាវ និង​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​នានា ដែលមាន​ភាព​ខ្វះ​ចន្លោះ ឬ មិនទាន់​ស្របទៅនឹង​សភាពការណ៍ សំដៅ​បង្កើន​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត ជា​ពិសេស​ច្បាប់​នានា ដែល​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ បន្ត​លើកកម្ពស់​តួនាទី​តាម ដាន ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ លើកកម្ពស់​តួនាទី​ភាពជា​តំណាង​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ស្វែង​យល់​ពី​ក្តីកង្វល់ កង្វះខាត និង​ភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​របស់​ខ្លួន ឲ្យ​​កាន់តែ​សកម្ម ដើម្បី​ធានាបាន​នូវ​ភាព​សុខដុម និង​វិបុលភាព​ជូន​ប្រជាពលរដ្ឋ​ជាដើម​៕

ដោយ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114