ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ស៊ី​ណាត ឈ្នះ បាន​ដា​សាក់ ឯ អេ អា​លី ចាញ់ សន​ខាវ ទឹក​៣

​ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ បាន​ដា​សាក់ (BandasakSor.Takunpetch ) ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​ខា​រ៉ា​បាវ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០១៩។​

​អ្នក​ប្រដាល់​កម្ពុជា​មកពី​ក្លិប​និរោធ​មានជ័យ​ចាន់​ស៊ី​ណាត បាន​យក​ប្រៀប​ឈ្នះ​លើ​បាន​ដា​សាក់ សឹង​តែ​គ្រប់ទឹក ដោយបាន​វាយប្រហារ​ទៅលើ​អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវចំ​គោលដៅ​ច្រើនជាង​ដែល​បាន​ដា​សាក់​វាយ​ត្រូវ​ខ្លួនឯង​នោះ។​

​ចាន់ ស៊ី​ណាត គេ​បាន​ប្រើ​កណ្តាប់ដៃ​យ៉ាងច្រើន​ក្នុង​បី​ទឹក​ដំបូង ប៉ុន្តែ​ប្រើ​ពុំបាន​សម្រេច​ក្នុងការ​ផ្តួល​បាន​ដា​សាក់ ហើយពីរ​ទឹក​ចុងក្រោយ ទោះបី​ខំ​ប្រើ​កែង​និង​ជើង​ទាត់​យ៉ាងណា​ទៀត​ក្តី ក៏​ពុំ​អាច​ផ្តួល​ដា​សាក់​ឲ្យ​សន្លប់​បានដែរ គឺ​បាន​ត្រឹម​ឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ​ ក្រោយ​បញ្ចប់​ការប្រកួត​៥​ទឹក​ពេញ​នោះ។

​បាន​ដា​សាក់ គេ​ដើរចូល​វាយ​ចាន់ ស៊ី​ណាត​រហូត ប៉ុន្តែ​ហាក់ដូចជា​ដើរចូល​ទៅឲ្យ​ចាន់​ស៊ី​ណាត​វាយ​ត្រូវ​យ៉ាង​អីចឹង។ តែ​យ៉ាងណា ទទួលស្គាល់ថា​បាន​ដា​សាក់​គេ​រឹងមាំ និង​មាន​ស្នៀត​ការពារ​ល្អ ទោះជា​ត្រូវ​កណ្ដាប់ដៃ​របស់​ស៊ី​ណាត​ច្រើនយ៉ាង​ណាក៏ដោយ ក៏បាន​ដា​សាក់​នៅតែ​តស៊ូ​បាន​រហូត​ដល់​៥​ទឹក​ពេញ​ និង​ចាញ់​ត្រឹម​ពិន្ទុ​ដែរ។​

​ចំពោះ អេ អា​លី អ្នក​ប្រដាល់​កម្ពុជា​សញ្ជាត​គួ​ក​ឌី​ស្តង់​(Kurdistan) នៃ​ក្លិប​អេ​ភូ​ថង​កីឡា ដែល​ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ​សន​ខាវ ស៊ិត ខាំ​ណាត់​លឺ​(Sornkao Site Khamnanlue)​នោះ បាន​វាយ​ចាញ់​សន ខាវ ក្នុង​ទឹក​ទី​៣។​

​អេ អា​លី បាន​បែក​ឈាម​ចុង​ចិញ្ចើម​ខាងឆ្វេង​ដោយសារ​កែង​របស់​សន ខាវ នៅក្នុង​ទឹក​ទី​៣ ដែល​ធ្វើឲ្យ ​អេ អា​លី ដែល​ក្នុងការ​វាយ​សម្រុក​ពីដំបូង​ទីនោះ ត្រូវ​ចុះខ្សោយ ​និង​រាង​ញញើត​អ្នក​ប្រដាល់​ថៃ​សន ខាវ។ បន្ទាប់ពី​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ក្នុង​ទឹក​ទី​៣ ដោយ​ការ​ទាត់​ត្រូវ​របស់​សន ខាវ​នោះ អេ អា​លី ទៅ​លែងរួច​ជាមួយ​សន ខាវ​តែម្តង ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ​នោះ វាយ​កែង​ត្រូវ​ដួល ហើយ​អា​លី ក៏បាន​បោះបង់ចោល​ការប្រកួត​តែម្តង​នៅ​ចុង​ទឹក​ទី​៣​ដដែល​នេះ។

​សន ខាវ គេ​ខ្លាំង​មិនធម្មតា​នោះទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ហើយ ដែល​បាន​យកឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​កែវ រំ​ចង់ ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លងមក ដោយ​វាយ​រំ​ចង់ ​បែក​ឈាម​ខ្លាំង ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​លែង​ឲ្យ​ប្រកួត​នោះ។​

​ចំណែក បាង បិត អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ ឈុំ ស្រស់ អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២។ បាង បិត ត្រូវ​កណ្ដាប់ដៃ របស់​ឈុំ ស្រស់ មិនតិច​ដៃ​នោះទេ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ឈុំ ស្រស់ នេះ ទើប​ប្រកួត​បាន​៧​លើក​ប៉ុណ្ណោះ តែ​គេ​មាន​ថ្វីដៃ​ល្អ អាច​​ផ្តួល​បាង បិត ដែល​ឡើង​រេញ​ជិត​២០​លើក​ហើយ​នោះ ឲ្យសន្លប់​មុន​ទឹក​៥​បាន។

•​មា​ជ សុខ​រ៉ា​ និង​មុត ខ្លឹម​ខ្មៅ​ ចាញ់​ថៃ​ដូចគ្នា នៅ​សង្វៀន​វ៉ើ​ក​

​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​រ៉ុង​រ៉ាត់ ភុម​ផាន់​មួង (Rungrath Phum panmuang)​ដោយ​ពិន្ទុ ហើយ មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ចាញ់ ណាត់​តៈ​ភុល គៀត​អា​វ៉ន​(Nattaphol Kheat Ah vorn)​ក្នុង​ទឹក​ទី​១ នៅក្នុង​កម្មវិធី​ប្រដាល់ Wurkz លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩។

​ចំពោះ​ការប្រកួត​សន្សំ​ប្រា​ក់លាន​វិញ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង បាន​ប្រកួត​ចាញ់ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

•​ធា នុ​រាជ ឈ្នះ តក់​សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ

​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សៅ​រិ៍ ទី​១៣ ខែ​កក្កដា ​ឆ្នាំ​២០១៩ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​ប្រកួត​ឈ្នះ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ​។ ពួកគេ​ពីរ​នាក់​នេះ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។​

​ធា នុ​រាជ និង តក់ សោ​ភ័​ណ្ឌ ធ្លាប់​ជួបគ្នា​ម្តង​កាលពី​៣​ឆ្នាំមុន នៅលើ​សង្វៀន​ស្ទឹងមានជ័យ​នេះ ហើយ​ដែល​ការប្រកួត​របស់​ពួកគេ​ទាំងពីរ មិនត្រូវ​បានប្រកាស​លទ្ធផល​នោះឡើយ​ ដោយ​ត្រូវ​អាជ្ញា​កណ្ដាល​ដេញ​ចុះ​ទាំងពីរ​នាក់​ក្នុង​ទឹក​ទី​៤ ព្រោះតែ​មិន​ប្រកួត​អស់ពី​សមត្ថភាព​នោះ។​

​ប៉ុន្តែ​លើក​នេះ ពួកគេ​ទាំង​ពីរបាន​វាយ​គ្នា​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​៥​ទឹក​ពេញ ដែល​លទ្ធផល​ចុង​ក្រោយ គឺ​ធា នុ​រាជ ឈ្នះ​តក់ សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ។

​ចំពោះ ជុន សាវុធ អ្នក​ប្រដាល់​ជើងចាស់​ នៃ​ក្លិប​កងពល​ដឹកជញ្ជូន​លេខ​៩០ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​នោះ ក៏​វាយ​ចាញ់​សុខលី​ ដោយ​ពិន្ទុ​ដែរ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គ​.​ក្រ។​

​ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក៏​ប្រកួត​ចាញ់ ផល វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដោយ​ពិន្ទុ​ដែរ ហើយ​ចាន់ មឿ​ក អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ប្រកួត​ឈ្នះ ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ខណៈ​ដែល​សាន្ត វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ឈ្នះ អាន សុខ​ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕​

ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114