ព័ត៍មានទាន់​ហេតុការណ៏
Search

លន់ សៀកឡេង និង រ៉ែ​ម រាជ ឈ្នះ​ជុំ​ដំបូង នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by K.cement ទម្ងន់​៥៧​គីឡូក្រាម​

​អ្នក​ប្រដាល់​លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដាច់​៥​ទល់​០ ហើយ​រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក៏​វាយ​ឈ្នះ​ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ​ដាច់​ដែរ នៅក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by K.cement ទម្ងន់​៥៧​គីឡូក្រាម កាលពី​យប់​ថ្ងៃ​សោ​រិ៍​ទី ១៣ កក្កដា ២០១៩ លើស​ង្វៀន TV5 ព្រែកកំពឹស។​

​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ប្រភេទ​ទម្ងន់​ថ្មី​នេះ បាន​ចាប់ផ្ដើម​ហើយ​នៅ​យប់​ថ្ងៃទី​១៣​កក្កដា។ មុនពេល​ចាប់ផ្ដើម​ លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ព្រមាន​ដល់​មន្ត្រី​បច្ចេកទេស​របស់លោក​ឲ្យ​បំពេញការងារ​ដោយ​យុត្តិធម៌ និង មាន​តម្លាភាព។ ជាមួយគ្នានេះ លោក​ឧត្ដមសេនីយ៍​ស៊ិន សុផាត ដែលជា​តំណាង​ស្ថានីយ​ទូរទស្សន៍​កងយោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា សម្រាប់​រដូវ​កាល​ថ្មី​នេះ នឹង​ដំណើរការ​បានល្អ​ដូច​លើក​មុនៗ​ជាមិនខាន​ឡើយ។​

​​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ដំបូង ដែលមាន​ការប្រកួត​ចំនួន​២​គូ​នោះ លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ខេត្តកណ្តាល បាន​យកឈ្នះ​អ្នក​ប្រដាល់​នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដាច់​៥​ទល់​០ គឺ​ចៅក្រម​ទាំង​ប្រាំ​រូប​បានផ្តល់​ពិន្ទុ​ឲ្យគេ​(​រ៉ែ​ម​រាជ​)​ឈ្នះ​ទាំង​៥​រូប​តែម្តង។ ជ័យជំនះ​នេះ​បានធ្វើ​ឲ្យ​លន់ សៀកឡេង ​ដណ្ដើមបាន​កៅអី​សម្រាប់​ឡើង​ប្រកួត​បន្ត​នៅ​ជុំ​ទី​២​ទៀត។ ចំពោះ​នួន រ៉ា​ថេ​ន​វិញ គឺ​បញ្ចប់​ការប្រកួត​តែត្រឹម​នេះឯង។​

​​សូម​បញ្ចា​ក់ថា ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ រ៉ា​ថេ​ន វាយ​ចេញ​ច្រើនតែ​ការ​វាយ​ចេញ​ភាគ​ច្រើន​ គឺ​វាយ​ខ្យល់ តែ​ការ​វាយ​ចេញ​របស់​សៀកឡេង គឺ​ចំ​គោលដៅ​បានល្អ។​

​ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី មកពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ។​

​​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ បង្ក​នូវ​ភាព​តានតឹង​ជាខ្លាំង​តែ​ការប្រកួត​ភាគច្រើន​គឺ​រ៉ែ​ម រាជ មានប្រៀប​លើ​គូប្រកួត​របស់ខ្លួន។ វ៉ាន់ឌី មាន​សកម្មភាព​ច្រើនតែ​ជា​សកម្មភាព​ដែល​អត់​ប្រយោជន៍​ព្រោះ​ការ​វាយ​ចេញ​របស់គេ​មិនសូវ​ចំ​គោលដៅ​ឡើយ។​

​​ចំពោះ​ការប្រកួត​ជា​មិត្តភាព​រវាង​អ្នក​ប្រដាល់​កម្ពុជា និង ថៃ​វិញ​នោះ ម៉ន សា​ម៉េ​ត​ក្លិប​កងចក្រ​រាជ​សីហ៍​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឃុ​ម សេន​(Khum Sen)​ដោយ​ពិន្ទុ​ដាច់​៥​សូន្យ បន្ទាប់ពី​ប្រកួត​គ្នា ពេញ​ទាំង​៥​ទឹក​មក​នោះ។​

​ស្ថានភាព​ នៃ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ថ្វីត្បិតតែ​ការប្រកួត​រាង​តឹងតែង​មែន ប៉ុន្តែ​សា​ម៉េ​ត​ គេ​ឈ្នះ​ដាច់ ដោយ​គេ​មានប្រៀប​កណ្ដាប់ដៃ​លើ​គូប្រកួត តែ​ជង្គង់​របស់​ឃុ​ម សេន ក៏​អស្ចារ្យ​ដែរ ។ ឃុ​ម សេន បែក​ឈាម​នៅ​ទឹក​ទី​៤ ​ដោយសារ​កែង​របស់ ​សា​ម៉េ​ត តែ​ទោះជា​យ៉ាងណា​ក៏​ពួកគេ​តស៊ូ​ជាមួយគ្នា​រហូត​ចប់​ទឹក​ទី​៥​។​ សា​ម៉េ​ត​ បាន​ទទួល​ជ័យជំនះ​លើ​ ឃុ​ម សេន​ ដោយ​ពិន្ទុ ទាំង​ប្រផឹត​ប្រផើយ​ប៉ុណ្ណោះ។​

​ដោយឡែក​រិ​ន ដេវីត អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ត្រូវ​ហ៊ឹម គឹម​រៀង អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយសារ​ស្នៀត​ជង្គង់​របស់​គេ​អុក​ចូល​ចំ​ចុងដង្ហើម​ពេញ​នោះ៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114