ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ចុះ​ធ្វើ​កំណត់ហេតុ​ចុងក្រោយ​ឲ្យ​រុះរើ​សំយាប​ផ្ទះ វាយរបង និង​រុះរើ​តូប​លក់​ដូរ​ចេញពី​ចិញ្ចើម​ផ្លូវជាតិ​លេខ​១

ភ្នំពេញ ៖ បន្ទាប់ពី​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ​ចេញ​សេចក្ដីជូនដំណឹង​លើក​ទី​២ ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រួចមក ពេល​នេះ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចាប់ផ្ដើម​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​បំផុត​មិន​បន្ធូរដៃ​ឡើយ ព្រោះ​វា​ជា​ប្រយោជន៍​រួម ក្នុង​គោលដៅ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ​តាម​ដង​ផ្លូវ និង​លើក​កម្ពស់​សោភ័ណភាព​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ។​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​រាជការ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ​ លោក​រស់ សុភ​ក្តិ អភិបាលរង​តំណាង​លោក​អភិបាលខណ្ឌ​ បាន​ចុះ​ណែនាំ​ និង​ធ្វើ​កំណត់ហេតុ​ចុងក្រោយ​ ដោយ​តម្រូវឲ្យ​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​តូប​លក់ដូរ ដែល​សាង​សង់​របង សាងសង់​តូប ធ្វើ​យាប​រំលោភ​យក​ផ្លូវ​សាធារណៈ ត្រូវបាន​វាយកម្ទេច រុះរើ និង​កាត់ចោល​ដោយ​ខ្លួនឯង។

ចំណាត់ការ​រដ្ឋបាល​តឹងរ៉ឹង​នេះ​ធ្វើឡើង​បន្ទាប់​រដ្ឋបាល​ខណ្ឌ​ចេញ​សេចក្ដីជូនដំណឹង​លើក​ទី​២ ចុះ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​ទុក​រយៈ​៧​ថ្ងៃ​ឲ្យ​ម្ចាស់​ទីតាំង​រុះរើ​ដោយ​ខ្លួនឯង។

មកដល់ពេលនេះ​មាន​រយៈពេល​លើស​ឱសានវាទ​៥​ថ្ងៃ​ហើយ ដោយឡែក​ម្ចាស់​ទីតាំង​ដែល​សាង​សង់​រំលោភ​យក​ដី​ចំណីផ្លូវ​ជាតិ​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​ឡើង ទើប​ធ្វើឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះមក​ធ្វើ​កំណត់ហេតុ​ចុងក្រោយ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ ​នៃ​សេចក្ដីជូនដំណឹង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ និង​មាន​ប្រសិទ្ធភាព។​

លោក​ស្រេង គឹម​ស្រ៊ន់ ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ​ដែល​ចូលរួម​ក្នុង​ការចុះ​ធ្វើ​កំណត់ហេតុ​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៤ នេះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ជា​លើក​ទី​២ និង​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​ទាំងអស់ ជាពិសេស​តម្រូវឲ្យ​​ម្ចាស់ផ្ទះ​ម្ចាស់​ទីតាំង​ទាំងអស់ ​ត្រូវ​ផ្ដិតមេដៃ​ទទួលស្គាល់​នូវ​អ្វី​ដែល​ពួកគាត់​បានធ្វើ។ ចំពោះ​វិធាន​ការ​បន្ត​រង់ចាំ​ការសម្រេច​របស់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ។​

សូមបញ្ជាក់ថា​កន្លងមក​ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មិន​ដកថយ​ទេ ទោះជា​ជួប​នូវ​បញ្ហា​ប្រឈម​យ៉ាងណា​ក៏ដោយ ​ក៏​ត្រូវ​ចាត់វិធានការ​រដ្ឋបាល​ដែរ មិនមាន​ការយោគយល់​ទេ ​ព្រោះ​រដ្ឋបាល​ខណ្ឌ​បាន​ជូនដំណឹង​រួចហើយ​ដែរ។ ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម និង​ដឹកទំនិញ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ​សូម​ចាប់​ជាបន្ទាន់​មិន​មាន​ការយោគយល់​ទេ ព្រោះ​យើង​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ មិនឲ្យ​បុគ្គល​ដែល​ជា​អ្នក​រកស៊ី​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះទេ សូម​ចាប់​ទៅ​ដើម្បីឲ្យ​ម្ចាស់​រថយន្ត​រាងចាល ​និង​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​ហើយ​ផាកពិន័យ។​

ជាមួយគ្នានេះដែរ​ លោក​អភិបាលខណ្ឌ​ បាន​ណែនាំ​អោយ​លោក លោកស្រី​ជា​ចៅសង្កាត់​ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើលផ្លូវ​ដែល​រង​នូវ​ការខូចខាត​ត្រូវ​ធ្វើ​របាយការណ៍​មក​ការិយាល័យ​ជំនាញ ​ដើម្បី​បញ្ជូន​គ្រឿងចក្រ​ទៅ​ជួសជុល​ជាបន្ទាន់​ ដើម្បី​បំពេញ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ៕

ដោយ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114