ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្តសៀមរាប តំបន់​ជុំវិញ​អង្គរ ភ្នំ​គូលែន បឹង​ទន្លេសាប នឹង​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ទាក់ទាញ​ភ្ញៀវ​បន្ថែម​

​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​យ៉ាងច្បាស់​លាស់ នៅក្នុង​ការ​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប តំបន់​ជុំវិញ​អង្គរ ភ្នំ​គូលែន បឹង​ទន្លេសាប និង​តំបន់​ដែលមាន​សក្ដានុពល​នៅ​ជុំវិញ​នោះ ត្រូវតែ​អភិវឌ្ឍន៍​ទៅជា​ផលិតផល​ទេស​ចរណ៍​ថ្មីៗ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្តសៀមរាប​បន្ថែម ប៉ុន្តែ​ការអភិវឌ្ឍ​នេះ ​ក៏ត្រូវ​គិតគូរ​ដល់​ការអភិរក្ស និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ផងដែរ​។​

​ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ការគិតគូរ​ដល់​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ជំរុញ​យ៉ាងសកម្ម​ជារឿយៗ ហើយ​ត្រូវបាន​លើកឡើង​ជាថ្មី​នៅក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នា​ចុង​សប្ដាហ៍​នេះ​។​

​លោក​ថោង ខុន បាន​លើកឡើងថា សៀមរាប​-​អង្គរ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​អន្តរជាតិ ដោយបាន​ធ្វើឲ្យ​កំណើន​ទេសចរ​កាន់តែ​កើន​ឡើងជា​រៀងរាល់ឆ្នាំ តួយ៉ាង​នៅ​ឆ្នាំ​២០១៨ កន្លងទៅ មាន​ភ្ញៀវទេសចរ​ប្រមាណ​៥​លាន​នាក់ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​-​អង្គរ​ទាំងមូល ក្នុងចំណោម​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​២​លាន​៥០​ម៉ឺន​នាក់​ផងដែរ​។​

​ប៉ុន្តែ​កំណើន​នេះ​អាច​នឹង​ថមថយ​ទៅវិញ ប្រសិនបើ​កម្ពុជា​មិន​ព្រម​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ សម្រាប់​ជា​កត្តា​ទាក់ទាញ​បន្ថែម ពីព្រោះ​ភ្ញៀវទេសចរ​មួយចំនួន​មិន​ប្រាកដថា មក​មើល​តែ​ប្រាសាទ​អង្គរ និង​ប្រាសាទ​ដទៃទៀត ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​នោះឡើយ ពោលគឺ​ពួកគេ​ប្រាកដជា​ត្រូវ​ការដើរ​កម្សាន្ត​នៅ​កន្លែង​ផ្សេងទៀត ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​។​

​ដោយ​មើលឃើញ​ពី​និន្នាការ​របស់​ភ្ញៀវទេសចរ​យ៉ាង​ដូច្នេះហើយ បានជា​លោក​រដ្ឋមន្ត្រី ថោង ខុន ខំប្រឹង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ និង​ពង្រីក​ផលិតផល​ទេសចរណ៍​ថ្មីៗ​សម្រាប់​ទឹកដី​ដ៏​ប្រសិទ្ធ​មួយ​នេះ ក្នុងនោះ​លោក​បាន​សម្លឹង​ឃើញ​សក្ដានុពល​ដែល​មាននៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​(​ម​ហិ​ន្ទ្រ​ប​ព៌​ត​) តំបន់​បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​អង្គរ​។​នៅក្នុង​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ក្រុមការងារ​ជំនាញ​ចុះ​សិក្សា​ពី​ការរៀបចំ​តំបន់​ទេសចរណ៍​ថ្មីៗ នៅតាម​ទីតាំង​ខាងលើ​ផងដែរ​។​

​ពាក់ព័ន្ធ​ការចុះ​សិក្សា​នៅ​តំបន់​ទាំងនោះ លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានឲ្យ​ដឹងថា ក្រុម​ជំនាញការ​របស់​គណៈកម្មកា​រ​អន្តរក្រសួង​បាន​ចុះ​ទៅដល់​តំបន់​ទាំងនោះ​ហើយ ពិសេស​គឺ​ភ្នំ​គូលែន និង​ទន្លេសាប ដោយបាន​សាកសួរ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ទទួលបាន​ព័ត៌មាន​មួយចំនួន​។​

​លោក​បន្តថា បើតាម​ការអង្កេត​រប​ស់​ក្រុម​ជំនាញការ ក្រៅពី​ទស្សនា​កម្សាន្ត​នៅ​តំបន់​អង្គរ ភ្ញៀវ​ទេសចរ​ក៏​និយម​ចូលចិត្ត​ទៅ​ទស្សនា​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​បឹង​ទន្លេសាប​ផងដែរ ដូច្នេះ​បានន័យថា តំបន់​ជុំវិញ​ទាំងនោះ​ពិតជា​មាន​សក្ដានុពល​ខ្លាំងណាស់​ទាំង​វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​។​

​លោក​អគ្គនាយក​បានបញ្ជាក់​ថា ក្រៅពី​សក្ដានុពល​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​បឹង​ទន្លេសាប ក៏​អាច​រៀបចំ​អភិវឌ្ឍន៍​ទៅជា​តំបន់​អេកូ​ទេសចរណ៍ និង​ក​សិ​ទេស​ចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​បន្ថែមទៀត​ផងដែរ​។​

​ការសិក្សា​រៀបចំ​លើ​ផែនការ​មេនេះ នឹងត្រូវ​បញ្ចប់​ជា​ដំណាក់កាលៗ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​អំលុង​ដើមឆ្នាំ​២០២០​។ ផែនការ​មេនេះ​នឹង​ត្រូវគេ​យកមកអនុវត្ត​ចាប់ពី​ឆ្នាំ​២០២០-២០៣៥​។​

​ចំណែក​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងទេសចរណ៍ ក៏បានឲ្យ​ដឹង​ដែរ​ថា ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​មួយ​សម្រាប់​អនុវត្ត​លើ​ការងារ​នានា មិនមែន​តែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺមាន​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​លោក​បាន​បន្ថែមថា ការអភិវឌ្ឍ​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​យ៉ាងណាខ្លះ​នោះ គឺ​ត្រូវ​គិតគូរ​ដល់​បញ្ហា «​ស្អាត និង​បៃតង​» ធ្វើយ៉ាងណា​ត្រូវ​ធានា​ឲ្យ​បាន​ថា ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​សៀមរាប​-​អង្គ​រហើយ ត្រលប់​ទៅវិញ​នឹង​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ល្អៗ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​បន្តថា ការរៀបចំ​ផែនការ​មេនេះ គឺ​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា ដែល​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ​១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕

ដោយ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114