ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្ងន់​ហើយ! ស្វែង សុជាតា ហៅ​លោក លឹម ភ័​ណ្ឌ អាឃាត​​​ក ឈាម​ត្រជាក់ អា​កំបុត​ក្បាល ​និង​ដាក់​បណ្ដាសា​ឲ្យ​វិនាស​គ្រប់ៗ​ជាតិ​

ភ្នំពេញ​ ៖​ បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន​យ៉ាង​ព្រោងព្រាត​លើ​ករណី​កម្លាំង​នគរបាល​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួង​ដឹកនាំ​កម្លាំង ​និង​សម្របសម្រួល​ដោយ​ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ចុះ​ឆែកឆេរ ​និង​បង្ក្រាប​ទីតាំង​ផលិត​ទឹកក្រូច​មួយកន្លែង​របស់​លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ​ បាន​ធ្វើ​ឲ្យ​មហាជន​ស្ទើរ​មួយ​ប្រទេស ​បាន​ផ្ទុះ​ការរិះគន់ ​និង​ភ្ញាក់ផ្អើល​ខ្លាំង។

​ជាមួយគ្នា​ នៃ​ការបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ និង​រិះគន់​យ៉ាង​មិន​សំចៃមាត់​ពី​សំណាក់​មហាជន​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួលទាន​ផលិតផល​នេះដែរ ​ក៏​ស្រាប់តែ​លេច​វត្តមាន​របស់​តារា​សម្តែង​ស្រី​អ្នកនាង ស្វែង សុជាតិ បាន​​​​​កើត​ទុក្ខ​មិន​សុខចិត្ត​ ​ចេញ​មុខ​ពន្លះ​ និង​ដាក់​បណ្ដាសា​ដោយ​មិន​សំចៃមាត់​លើ​ម្ចាស់​សហគ្រាស ​លោក លឹម ភ័​ណ្ឌ ធ្វើ​ឲ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​រហូត​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​។​

​ផ្អែក​តាមរយៈ​ខ្លឹមសារ​របស់​តារា​ស្រី​អ្នកនាង ស្វែង សុជាតា បាន​សរសេរ​ភ្ជាប់​នឹង​ពាក្យ​ដាក់​បណ្ដាសា​កប់ៗ​មាត់​លើ​ លោក លឹម ភ័​ណ្ឌ ដូច្នេះ​ថា តិរច្ឆាន​ណាស់​ខ្ញុំ​សុំ​ដាក់​បណ្ដាសា​លោក​ឯង ឲ្យ​វិនាស​គ្រប់ៗ​ជាតិ អា​ឃាតក​ឈាម​ត្រជាក់​ នេះ​សុទ្ធសឹងតែ​ភេសជ្ជៈ​ដែល​កូនៗ​ខ្ញុំ​ចូលចិត្ត​ហូប​រៀង​រាល់​ថ្ងៃ។​

​តារា​សម្តែង​អ្នកនាង ស្វែង សុជាតា បាន​បន្ថែមទៀតថា ម្តាយ​ទិញ​ឲ្យ​កូន​ហូប​ជានិច្ច ឲ្យ​តែ​កូន​ទារ តែ​ម៉ែ​មិន​នឹកថា អា​កំបុត​ក្បាល​នេះ​វា​ផលិត​ក្លែងក្លាយ​បែបនេះ​ទេ​មិនថាតែ​កូន​ខ្ញុំ​កូន​គេ​សុទ្ធតែ​បាន​ហូប កុំ​សង្ឃឹមថា ឯង​រួចខ្លួនឲ្យ​សោះ​ច្បាប់​ក៏មាន តែ​សំខាន់​យមទូត​មិនបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឡើយ។

​សូម​រម្លឹក​ថា​ កម្លាំង​នគរបាល​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ក្រសួង​ដឹកនាំ​កម្លាំង ​និង​សម្រប​សម្រួល​ដោយ ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ កាលពី​ថ្ងៃទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៩ ​បាន​បើ​ប្រតិបត្តិ​ការចុះ​ឆែកឆេរ ​និង​បង្ក្រាប​ទីតាំង​ផលិត​ទឹកក្រូច​ក្លែងក្លាយ​មួយ​កន្លែង ​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​កម្មសិទ្ធិ​របស់ លោក​លឹម ភ័​ណ្ឌ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ​។​

​ចំពោះ​ទីតាំង​ផលិត​ទឹកក្រូច​ក្លែងក្លាយ​របស់ លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​កំពង់ធំ ​គឺ​ស្ថិតនៅក្នុង​សង្កាត់ អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ គឺ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រកឃើញ​ទឹកក្រូច​ជាច្រើន​មុខ​ដែល​មាន​ស្លាក​សញ្ញា LP ផលិត​ខុស​បច្ចេកទេស ​និង​គ្មាន​អនាម័យ​ដាក់លក់​ទូទាំងប្រទេស​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ​។

​ប្រភព​បាន​បញ្ជាក់ថា ​នៅក្នុង​នោះដែរ​ សមត្ថកិច្ច​ក៏បាន​រកឃើញ​នូវ​ផលិតផល​ដែលមាន​សារធាតុ​គីមី​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​ចំណុច​ខ្វះខាត​ចំនួន​៦​ចំណុច ​គឺ​ ៖

១,​មិនបាន​សុំច្បាប់​ចុះបញ្ជី​ផលិតផល​នៅលើ​សំបក​វេច​ខ្ចប់ មិនមាន ច​.​ប​.​ផ​។

​២,​នៅលើ​សំបក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​។

​៣,​មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​។

​៤,​ប្រើប្រាស់​សារធាតុ​គីមី ( សម្រាប់​ផលិត​ទឹកក្រូច )​។​

៥, ទំនិញ​នាំចូល​គ្មាន​ប្រភព​ច្បាស់លាស់​។

​៦,​រក្សាទុក​ទំនិញ​ខូចគុណភាព និង ហួស​កាលបរិច្ឆេទ ​និង​ ៧,​នៅលើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​មិនមាន​ចុះបញ្ជី​( CS) ។

​ម្យ៉ាងទៀត​ រាល់​ការផលិត​ទឹកក្រូច​ក្លែងក្លាយ​ដែលមាន​ស្លាក​សញ្ញា​LP របស់ សិប្បកម្ម​ផលិត​ទឹកក្រូច លឹម ភ័​ណ្ឌ គ្រប់​ដប​នីមួយៗ​មាន​ដាក់​មេ​និង​ពណ៌​បង្ហូរ​ចេញពី​ធុង​ស៊ីទែន បញ្ចូល​ទៅក្នុង​ដប ហើយ​យក​ដប​ដែល​ដាក់​មេទឹក​ក្រូច​ផងដែរ​។​

​យ៉ាងណាមិញ​ក្រោយពេល​មាន​ការចុះ​ឆែកឆេ​ទីតាំង​សហ​គ្រាស​ផលិត​ទឹកក្រូច​លោក​លឹម ភ័​ណ្ឌ អនុ​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកំពង់ធំ​ភ្លាមៗ​នោះ ​ក៏​ស្រាប់​តែមាន​ព័ត៌មាន​ថា​ លោក លឹម ភ័​ណ្ឌ ដែល​ជា​ម្ចាស់​សហ​គ្រា លឹម ភ័​ណ្ឌ ផលិត​ទឹក​សុទ្ធ ទឹកក្រូច បានប្រកាស​ដាក់ពាក្យ​បណ្តឹង​លើ​ករណី​ នៃ​ការ​ចុះ​ឆែកឆេរ​ទីតាំង​សហគ្រាស​ខាងលើ​ផងដែរ​ ដោយ​លោក​អះអាងថា​សហគ្រាស​ខ្លួន ​គឺ​ធ្វើឡើង​ដោយមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ និង​ចាត់ទុក​ការចុះ​បង្ក្រាប​របស់​មន្ត្រី​នគរបាល​ខាងលើនេះ​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់​មាន​ចេតនា​ទុច្ចរិត​ ហើយ​លោក​ គឺ​មិនអាច​ទទួលយក​បានទេ​ចំពោះ​ការ​បង្ខូច​កិត្តិយស​អាជីវកម្ម​ខ្លួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សហគ្រាស​ដែលមាន​ច្បាប់​ត្រឹមត្រូវ​។​

​ប៉ុន្តែ​ថ្វីត្បិតតែ​មានការ​អះអាង​ពី​ លោក លឹម ភ័​ណ្ឌ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកំពង់ធំ​នេះដែរ​នៅតែមាន​មហាជន​ជាច្រើន​មិន​អស់ចិត្ត​ និង​ទទួលយកមិន​បាន​ចំពោះ​ការអះអាង​ខាងលើ​នេះ​ឡើយ ​ដោយហេតុថា​តាមរយៈ​រូបភាព​នោះ​ គឺ​ហាក់​ពុំមាន​ស្តង់ដារ ​និង​អនាម័យ​ នៃ​ការផលិត​នោះ​ឡើយ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114